លោក Joachim von Marschall អតីតឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាកាលពីដើមសប្តាហ៍មុន ដោយមានទស្សនវិស័យអាប់អួរអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកំណែទម្រង់នៅកម្ពុជា នៅមុនការបោះឆ្នោតខាងមុខ។ លោកថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍មួយជាមួយ VOA កាលពីសប្តាហ៍មុន នៅមុនពេលចាកចេញពីកម្ពុជា។
Your browser doesn’t support HTML5
លោកអតីតឯករដ្ឋទូតអាល្លឺម៉ង់រូបនេះ បានចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជាកាលពីខែកញ្ញាឆ្នាំ២០១៣ គឺនៅក្នុងអំឡុងស្ថានភាពនយោបាយរញ៉េរញ៉ៃនៅក្រោយការបោះឆ្នោតជាតិ ជាប្រវត្តិសាស្ត្រមួយ ដែលគណបក្សប្រឆាំងបានកើនប្រជាប្រិយភាព។ លោកបានបញ្ចប់អាណត្តិការទូតនៅក្នុងបរិបទភ្លាមៗក្រោយការបាញ់សម្លាប់អ្នកវិភាគសង្គមលោក កែម ឡី។
ក្នុងអំឡុងពេល៣ឆ្នាំនៃអាណត្តិការទូតនេះ លោក Joachim von Marschall អតីតឯកអគ្គរដ្ឋទូតអាល្លឺមង់ បានជួបទាំងការឡើងកម្តៅនិងចុះកម្តៅក្នុងនយោបាយកម្ពុជា មានរួមទាំងកិច្ចប្រឹងប្រែង«វប្បធម៌សន្ទនា»រវាងគណបក្សធំៗទាំងពីរ និងការបង្ក្រាបកាន់តែខ្លាំងលើសង្គមស៊ីវិល។
នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទជាមួយលោក សឹង សុផាត នៃ VOA កាលពីថ្ងៃទី១៩ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃអាណត្តិការទូតរបស់លោក អតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះថ្លែងថា បរិយាកាសនយោបាយនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈបែកបាក់ខ្លាំង ដែលជាកត្តាជំរុញឲ្យមានព្រឹត្តិការណ៍ការសម្លាប់សកម្មជនដូចជាលោក កែម ឡី នាពេលថ្មីៗនេះជាដើម។
ចំពោះវិស័យសេដ្ឋកិច្ច លោកថា ថ្វីបើកម្ពុជាបានចូលក្នុងចំណាត់ថ្នាក់ប្រទេសមានចំណូលមធ្យមកម្រិតទាបក្តី (lower middle-income country) ក៏កិច្ចប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនៅមិនទាន់បានដោះស្រាយបញ្ហាគម្លាតទ្រព្យសម្បត្តិដ៏ធំរវាងអ្នកមាននិងអ្នកក្រដែលត្រូវបានបង្ហាញជាថ្មីទៀតនៅក្នុងរបាយការណ៍អង្គការ Global Witness នាពេលថ្មីៗកន្លងទៅនេះ។
លោកអតីតឯកអគ្គរដ្ឋទូត Joachim von Marschall បានអំពាវនាវឲ្យមានការសន្ទនាខាងនយោបាយ ប៉ុន្តែនិយាយថាគេមិនគួរមានការរំពឹងទុកអ្វីអំពីការផ្លាស់ប្តូរនយោបាយកម្ពុជាឲ្យហួសពី«លទ្ធភាពជាក់ស្តែង»នោះទេ ដោយលោកអះអាងថា គណបក្សប្រជាជនកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងនៅកាន់អំណាចជាដាច់ខាត។
យ៉ាងនេះក្តី អ្នកការទូតទើបចប់អាណត្តិរូបនេះមានសុទិដ្ឋិនិយមថា ការផ្លាស់ប្តូរនឹងមានជាដាច់ខាត ក្នុងរយៈយូរទៅមុខ ដែលការផ្លាស់ប្តូរនេះនឹងត្រូវជំរុញដោយយុវជនជំនាន់ក្រោយរបស់កម្ពុជាដែលមានការទាមទារនិងការរំពឹងទុកក្នុងជីវិតច្រើនជាងមុន។ សូមស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖