គណបក្ស​ប្រឆាំង​នៅ​ហ្សកហ្ស៊ី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី

អ្នក​គាំទ្រ​លោក Grigol Vashadze មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជា​វីដេអូ​ នៅ​ក្នុង​ក្រុង Tbilisi ប្រទេស​ហ្សកហ្ស៊ី កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី (Georgia) កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​សប្តាហ៍​មុន ដែល​ពួកគេ​ជឿ​ថា​មាន​ភាព​មិន​ប្រក្រតី​កើតឡើង។

លោកស្រី Salome Zurabishvili ដែល​គាំទ្រ​ដោយ​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​ក្នុង​ប្រទេស​ហ្សកហ្ស៊ី ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​៥៩​ភាគរយ។ ប៉ុន្តែ​មេដឹកនាំ​ក្រុម​ប្រឆាំង​និង​អ្នក​តវ៉ា​ចោទប្រកាន់​ថា​មាន​ការ​ទិញ​សន្លឹក​ឆ្នោត ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​បោះឆ្នោត និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​កើតឡើង ខណៈ​ដែល​ពួកគេ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋ Tbilisi នៃ​ប្រទេស​ហ្សកហ្ស៊ី។

លោក Grigol Vashadze ដែល​ជា​គូប្រជែង​របស់​លោកស្រី Zurabishvili បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​អ្នក​តវ៉ា​ក្នុង​រដ្ឋធានី Tbilisi ដោយ​ហៅ​ការ​បោះឆ្នោត​នេះ​ថា​ជា​អំពើ​ឧក្រិដ្ឋ និង​បាន​និយាយ​ថា គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​សភា​មួយ​មុន​កាល​កំណត់​ក្នុង​ប្រទេស​ហ្សកហ្ស៊ី។​

លោក Vashadze ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមសម្ព័ន្ធមិត្ត​របស់​អតីត​ប្រធានាធិបតី លោក​ Mikhail Saakashvili ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង Amsterdam។

លោក Saakashvili បាន​ថ្លែងសុន្ទរកថា​ទៅ​កាន់​ហ្វូង​អ្នក​តវ៉ា​តាមរយៈ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​មាន​សំឡេង​ស្រែក​អបអរ​និង​ការ​ស្រែក​បន្ទរ​ឈ្មោះ​របស់​លោក​ទៀត​ផង៕