ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​កឹម សុខា​​និង​អ្នក​គាំទ្រ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ធ្វើ​សន្និសីទ​ពិភព​លោក​របស់​បក្ស​សង្គ្រោះជាតិ​


រូប​ឯកសារ៖ អ្នកគាំទ្រ​​កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ​កាល​ពី​​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៨។
រូប​ឯកសារ៖ អ្នកគាំទ្រ​​កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ​កាល​ពី​​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៨។

ក្រុម​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ស្និទ្ធ​នឹង​លោក​​សម រង្ស៊ី ​​​បាន​បង្ហាញ​ការ​ឯកភាព​គ្នា​រៀបចំ​ធ្វើ​សន្និសីទ​ពិភពលោក​មួយ​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១​​ដល់​ថ្ងៃ​ទី២​​​ខែ​ធ្នូ​​ឆ្នាំ​​២០១៨​ ​នៅ​ទីក្រុង​ Atlanta​ ​រដ្ឋ​ ​Georgia​ ​សហរដ្ឋ​អាមេរិក។​

ក្រុម​មន្រ្តី​មួយ​ចំនួន​របស់គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយបង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅនឹង​គម្រោង​ធ្វើសន្និសីទ​ពិភពលោក​របស់​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី ហើយ​ថា ​អាច​នឹង​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់​ពី​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ប្រកាស​តាម​រយៈ​មេធាវី​ថា ​លោក​មិន​គាំទ្រ​សន្និសីទ​នេះ​ទេ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេសរបស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​តុលា​ ​និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​គណបក្ស​នៅ​ទូទាំង​ពិភព​លោក​ ​រួម​មាន​តំណាង​ប្រចាំ​សហរដ្ឋ​អាមេរិក​ ​កាណាដា​ ​អូស្ត្រាលី​ ​នូវែ​ល​សេ​ឡង់​ ​ជប៉ុន​ ​អឺរ៉ុប​ ​និង​កូរ៉េ​ខាងត្បូងជា​ដើម បាន​បង្ហាញ​ការ​ឯកភាព​គ្នា​រៀបចំ​ធ្វើ​សន្និសីទ​ពិភពលោក​មួយ​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ដល់​ថ្ងៃ​ទី២​ខែ​ធ្នូឆ្នាំ២០១៨​ ​នៅ​ទីក្រុង​ Atlanta​ ​រដ្ឋ​ ​Georgia​ ​សហរដ្ឋ​អាមេរិក។​

សន្និសីទ​នោះ​នឹង​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​នាក់​ ​អ្នក​វិភាគ​សង្គម​ ​និង​នយោបាយ ​តំណាង​សហគមន៍​ ​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក​ ​រួម​ទាំង​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ ​(CNRM) ផង​ ​ក្នុង​គោល​បំណង​«កំណត់​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ»។​

រូប​ឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង​ជួបប្រជុំ​ដើម្បី​ស្វែង​រក​វិធី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថតផ្តល់ឲ្យ)
រូប​ឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង​ជួបប្រជុំ​ដើម្បី​ស្វែង​រក​វិធី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថតផ្តល់ឲ្យ)

ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​គម្រោង​ធ្វើ​សន្និសីទ​ពិភព​លោក​នោះ​ ​មេធាវី​របស់​លោក​ ​កឹម​ ​សុខា​ ​ដែល​បាន​ជួប​លោក​នៅ​ដើម​សប្តាហ៍​នេះ​ បានប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ លោក​ ​កឹម សុខាមិន​គាំទ្រ​ការ​ធ្វើ​សន្និសីទ​ពិភពលោក​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ដើម​ខែ​ធ្នូ​នេះ​ទេ។​

អ្នកស្រី​ ម៉េង សុភារី​ មេធាវី​មួយ​រូប​ ​ក្នុង​ចំណោម​មេធាវីបួន​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ ​បាន​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖

«ជំហរ​របស់​ឯកឧត្តម​ ​កឹម សុខាគឺ​គាត់​មិន​គាំទ្រ​ចំពោះ​ការ​ធ្វើ​សន្និសីទ​ណាមួយ​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ទេ»។​

អ្នកស្រី​បន្ថែម​ពី​ស្ថាន​ភាព​សំណុំ​រឿង​របស់​លោក​ ​កឹម​ ​សុខា​ ​យ៉ាង​ដូច្នេះ៖​

«ពេល​នេះ​គឺ​នីតិវិធី​នៅ​ទ្រឹង​នៅ​ឡើយ​ ​ហើយ​យើង​ក៏​កំពុង​តែ​រង់​ចាំ​មើល​ការ​បិទ​ការ​ស៊ើបសួរ​របស់​ចៅ​ក្រម​ស៊ើបសួរ​ ​ហើយ​យើង​ក៏​មិនទាន់​ដឹង​ថា​ តើ​ការ​បិទ​ការ​ស៊ើបសួរ​នៅ​ពេល​ណា​ដែរ»។​

ចំណែក​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ ​ទាំង​នៅ​កម្ពុជា​ ​និង​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ​ ​ដោយ​បង្ហាញ​ប្រតិកម្ម​មិន​ពេញចិត្ត​ទៅ​នឹង​គម្រោង​នៃ​ការ​ធ្វើ​សន្និសីទ​ពិភព​លោក​នោះ។​ ​មន្រ្តី​ដែល​បង្ហោះ​សារ​មិន​ពេញចិត្ត​មួយ​ចំនួន​រួមមាន​លោក​ម៉ៅ​ ​មុនី​វណ្ណ​ ​លោក​ ​មុត ចន្ថា​ ​លោក​ ​សួន សូរីដា​ ​កញ្ញា​ ​កឹម​ ​មនោវិទ្យា​ ​កូនស្រី​របស់​លោក​ ​កឹម​ ​សុខា​ ​លោក​ ​ហ៊ីង សុខសាន្ត​ ​និង​លោក​ មាជ សុវណ្ណារ៉ា ​ជាដើម។​

លោក ​សួន សូរីដា​ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​រៀបចំ​សន្និសីទ​ ​ឬ​សន្និបាត​ណា​មួយ​ ​ត្រូវ​តែ​ស្រប​ទៅតាម​លក្ខន្តិកៈ​គណបក្ស​ ​និង​ត្រូវ​មាន​ការ​រៀបចំ​ដោយ​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើសន្និសីទ​ណាមួយ​ដោយ​ឯកឯង មិន​ស្រប​នឹង​លក្ខន្តិកៈ​គណបក្ស ​នឹង​ធ្វើឲ្យ​មាន​បែក​បាក់​គណ​បក្ស។

លោក​បញ្ជាក់​ថា៖​

«ការ​ធ្វើ​ទាំងឡាយ​ណា​ដែល​ធ្វើ​ទៅ​តាម​ចិត្ត​របស់​ខ្លួន​ ​ទៅ​តាម​ក្រុម​ម្ខាង​ ​ដូច្នេះ​ហើយ​ដែល​ជា​ការ​ធ្វើ​មិន​មាន​ការ​ឯកភាព​គ្នា​ហ្នឹង​ឯង។​ ​ហើយ​ការ​ដែល​ធ្វើ​មិន​មាន​ឯកភាព​គ្នា​ហ្នឹង​ហើយ​ដែល​នាំឲ្យ​មាន​ការ​មិន​ទទួល​ស្គាល់​នៃ​ភាគី​ម្ខាង​ទៀត​ ​ហើយ​ដែល​នាំឲ្យ​ឈាន​ទៅដល់​ការ​បោះ​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​បែកបាក់​ក៏​អាច​ថា​ បាន»។​

ចំណែក​ក្រុម​ដែល​អះអាង​ថា ខ្លួន​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំងក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយបដិសេធ​ការ​ធ្វើ​សន្និសីទ​ពិភព​លោក​នោះ​ ដោយ​និយាយ​ថា វាជា​ការរៀបចំ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស។​ ​ការ​រៀបចំ​សន្និសីទ​គ្រាន់តែ​ជា​ការ​បំពេញ​មហិច្ឆតា​របស់​មនុស្ស​មួយ​ក្រុម​ ​ក្នុង​ការ​បំផ្លាញ​គ្រឹះ​សំណង់​របស់​គណបក្ស​ ​និង​បំពាន​ឆន្ទៈ​សកម្មជន​ ​និង​អ្ន​កគាំទ្រ​រាប់​លាន​នាក់​ប៉ុណ្ណោះ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ដែល​អះអាង​ថា ​ខ្លួន​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង ​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«គោល​បំណង​របស់​នៃ​អ្នក​រៀបចំ​"សន្និសីទ"ខុសច្បាប់​បក្ស​នេះ​ ​គឺ​ជា​កលល្បិច​ចង់​ជំរុញ​ឲ្យ​សកម្មជន​បក្ស​ ​បដិសេធ​ឋានៈ​ ​និង​តួនាទី​ជា​ប្រធាន​គណបក្ស​នៃ​លោកកឹម​ ​សុខា​ ​និង​រំខាន​ដល់​ការ​ដោះ​ស្រាយ​នៃ​អន្តរជាតិនូវ​"បញ្ហាកឹម​ ​សុខា​ ​និង​បក្ស​សង្គ្រោះ​ជាតិ"​ ​នៅ​កម្ពុជា​ ​ដែល​នឹង​អាច​មាន​ការ​ពន្យារ​ពេល​វែងឆ្ងាយ​ត​ទៅ​ទៀត»។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​ត្រៀម​ខ្លួន​ចូលរួម​សន្និសីទ​ពិភព​លោក​នា​ដើម​ខែ​ធ្នូ​នេះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ​ដោយ​លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​លោក​ ប៉ុន​ ​សៅ​រី​ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ សហ​រដ្ឋ​អាមេរិក​ ​និង​ជា​អ្នក​រៀបចំ​សន្និសីទ​នេះ។​

VOA​ ​ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ​ប៉ុន សៅរី​ ​ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មិនទាន់មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

យ៉ាងណា​ក្តី​ ​លោក​ ​ប៉ុន សៅរី​ ​បាន​ប្រាប់​ ​VOA​ ​ក្នុង​បទ​សម្ភាសន៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ​ដោយ​រៀបរាប់​ថា​ ​សន្និសីទ​ពិភព​លោក​លើក​ទី១​នៅ​ទីក្រុង​អាត្លង់តា​ ​រដ្ឋ​ចចា​ ​សហ​រដ្ឋ​អាមេរិក​នេះធ្វើ​ឡើង​ដើម្បី​រិះរក​មធ្យោបាយ​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។​ ​លោក​បន្ថែម​ថា​ ​វត្តមាន​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ក្នុង​សន្និសីទ​នោះ​គឺ​ក្នុង​នាម​ជា​អ្នក​ឃ្លាំ​មើល​ប៉ុណ្ណោះ។​

លោក​ប្រាប់​ថា៖​

«លោក​ប្រធាន​សម​ ​រង្ស៊ី​ ​ចំពោះ​វត្តមាន​របស់​គាត់​នៅ​សន្និសីទ​នេះ​ ​គឺ​ជា​ការ​រួម​ចំណែក​ដើម្បី​តាមដាននូវ​ដំណើរការ​នៃ​ការ​ធ្វើសន្និសីទ​របស់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ ​ក៏ដូចជា​ចូលរួម​ពិនិត្យ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​មួយ​នេះ​ ​ហើយក៏​ដូច​ជា​ដំណើរការ​នៃ​ការ​ពិភាក្សា​ដើម្បី​រក​ដំណោះ​ស្រាយ។​ ​យន្ត​ការ​នៃ​ការ​ធ្វើ​ការងារ​របស់​យើង​ដើម្បី​ជួយ​ជំរុញ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ក៏ដូចជា​ឲ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​របស់​យើង»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ទេ។​

គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ទៅ​តាម​បណ្តឹ​ង​របស់​ក្រសួង​មហា​ផ្ទៃ។​ ​គណបក្ស​ជំទាស់​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ ​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ​តុលាការ​កំពូល​ក៏បាន​ព្យួរ​សិទ្ធិ​របស់​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ទាំងអ្នក​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ ​និង​ក្រៅប្រទេស​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ។​

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀស​ខ្លួន​ទៅ​បរទេស​ ​ខណៈ​លោក​ ​សម រង្ស៊ី​ ​ដែល​ស្ថិត​នៅ​បរទេស​ស្រាប់​នា​ពេល​នោះ​ ​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។

មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​ជា​គណ​បក្ស​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​កន្លង​ទៅ ​លោក កឹម​ ​សុខា​ ​ប្រធាន​គណ​បក្ស​នេះក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​ដូចគ្នា។​ បច្ចុប្បន្ន​ ​លោក​ ​កឹម សុខាកំពុង​ស្ថិត​ក្នុង​ការ​ដាក់​ឲ្យ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ​ដោយ​មាន​ការ​ឃ្លាំមើល​ពី​តុលាការ​ ​ក្រោយលោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។​

ការ​រំលាយ​ ​និង​ផាត់​បក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចេញពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​កាល​ពី​ថ្ងៃទី​២៩​ខែកក្កដា​ ​បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​ជ័យ​ជម្នះ​ភ្លូកទឹកភ្លូកដី​ ​និង​គ្រប់គ្រង​ប្រទេស​ដោយ​ឯក​បក្ស។​

ក្រោយ​ការបោះឆ្នោត​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​សហ​រដ្ឋ​អាមេរិក​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ ​និង​បាន​ព្រមាន​ចាត់វិធាន​ការ​បន្ថែម​លើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួនពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស។​ ​ចំណែក​សហ​ភាព​អឺរ៉ុបក៏​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​ទុក​ពេល​១២​ខែដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​ប្រជា​ធិបតេយ្យ​ឡើង​វិញ៕

XS
SM
MD
LG