សព​លោក George Floyd នឹង​​ត្រូវ​បញ្ចុះ​នៅ​​ក្រុង Houston ក្នុង​ថ្ងៃ​អង្គារ

ក្រុមអ្នករៀបចំពិធីបុណ្យសពកំពុងអូសមឈូសរបស់លោក George Floyd ចូលក្នុងព្រះវិហារ ក្នុងពិធីបុណ្យសពរបស់លោក នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ (AP)

សាកសព​របស់​លោក George Floyd បាន​ទៅ​ដល់​វិហារ​គ្រិស្តសាសនា​មួយ​កន្លែង​ក្នុង​ទី​ក្រុង​Houston រដ្ឋ​តិកសាស់​កាល​ពី​ថ្ងៃ​អង្គារ​សម្រាប់ពិធី​បុណ្យ​សព​និង​ពិធី​បញ្ចុះ​សព​របស់​លោក ក្រោយ​មានការ​កាន់​ទុករយៈ​ពេល​៦​ថ្ងៃ​ចំពោះ​សព​នៃ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​រូប​នេះ ដែល​ការ​ស្លាប់​របស់​លោក​ក្រោម​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​និង​អយុត្តិធម៌​ជាតិ​សាសន៍​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ជុំវិញ​ពិភពលោក។​

សព​របស់​លោក Floyd ដែល​បាន​ស្លាប់​នៅ​អាយុ ៤៦​ឆ្នាំ នឹង​ត្រូវ​បញ្ចុះ​នៅ​ក្បែរសព​របស់​ម្តាយ​លោក​នៅ​សង្កាត់​Pearland ជាយ​ក្រុង​Houston ដែល​ជា​ក្រុង​លោក​បាន​ធំ​ដឹងក្តី។ លោក Floyd បាន​ស្រែក​ដង្ហោយ​រក​ម្តាយ ខណៈ​ដែលលោក​ត្រូវ​មន្ត្រី​ប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ទី​ក្រុង Minneapolis យក​ជង្គង់​សង្កត់​លើ​ក​លោក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នៅ​មុន​លោក​បាន​ស្លាប់។​

កម្រងរូបភាព៖ ពិធីរំឭកវិញ្ញាណក្ខន្ធលោក George Floyd នៅទីក្រុង Houston រដ្ឋ Texas

កាល​ពី​ថ្ងៃ​ច័ន្ទ​មានមនុស្ស​ប្រមាណ​៦.០០០​ពាន់​នាក់​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក Floyed នៅ​ទី​ក្រុង Houston។ នៅ​ចំពោះ​សពលោក​ក្នុង​ម្ឈូស​ពណ៌​មាស អ្នក​កាន់​ទុក​បាន​ពាក់​អាវ​ដែល​សរសេរ​អក្សរ​ថា «ខ្ញុំ​ដក​ដង្ហើម​មិន​រួច​ទេ» (I can't breathe) ដែល​ជា​សម្តី​លោកនៅ​ពេល​លោក​ត្រូវ​ប៉ូលិស​សង្តត់​ក​អស់​ជិត​៩​នាទី។

ការ​ស្លាប់​របស់​លោក Floyd បាន​នាំ​ឲ្យ​មាន​ការ​ផ្ទុះបាតុកម្មនិង​អំពើ​ហិង្សា​មួយ​ចំនួន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និងជុំ​វិញ​ពិភពលោក និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ប្រព្រឹត្ត​មិន​ល្អ​របស់​ស្ថាប័ន​ប៉ូលិស​និង​ប្រព័ន្ធ​ព្រហ្មទណ្ឌ​អាមេរិក​ចំពោះ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។​

មាន​រឿង​ជា​ច្រើន​ដែល​គេ​មិន​បាន​ស្នាន​ទុក​ជា​មុន​បាន​កើត​ឡើង​ក្នុង​២​សប្តាហ៍​មក​នេះ រួមទាំង​គម្រោង​ដក​រូប​សំណាក​ចម្រូងចម្រាស់​ទាក់ទង​នឹង​ការ​រើង​អើង​ជាតិ​សាសន៍​និង​ការ​ជជែក​អំពី​ការ​រំលាយ​ចោល​ឬ​បន្ថយ​ថវិកា​សម្រាប់​ការិល័យ​ប៉ូលិស​មួយ​ចំនួន៕