ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់​លោក George Floyd ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​នេះ


ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អតីត​សិស្ស​វិទ្យាល័យ Jack Yates ចូលរួម​នៅ​ក្នុង​កម្មវិធី​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Houston កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អតីត​សិស្ស​វិទ្យាល័យ Jack Yates ចូលរួម​នៅ​ក្នុង​កម្មវិធី​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Houston កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

ក្រុម​គ្រួសារ និង​មិត្តភក្តិ​មាន​គម្រោង​គោរព​វិញ្ញាណក្ខន្ធ​លោក George Floyd ក្នុង​ពិធីបុណ្យ​ឯកជន​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ទីក្រុង Houston សហរដ្ឋអាមេរិក ២សប្តាហ៍​បន្ទាប់ពី​ការ​ស្លាប់​របស់​លោក​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ប្រឆាំង​តវ៉ា​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ទូទាំង​ប្រទេស។

បន្ទាប់ពី​ពិធីបុណ្យ​សព​មក ប៉ូលិស​ក្រុង Houston នឹង​ដង្ហែ​ពិធីបុណ្យ​សព​នោះ​ទៅ​កាន់​ទីក្រុង Pearland នៅ​ក្បែរ​នោះ​ជា​ទីកន្លែង​ដែល​លោក Floyd នឹង​ត្រូវ​បញ្ចុះ​នៅ​ជាប់​នឹង​ផ្នូរ​ម្តាយ​របស់​គាត់។

សាលា​ក្រុង Houston បាន​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម និង​មាស​នៅ​យប់​ថ្ងៃចន្ទ ដែល​ជា​ពណ៌​របស់​វិទ្យាល័យ​ដែល​លោក Floyd បាន​ចូលរៀន​នៅ​ក្នុង​ការ​រំឭក​អនុស្សាវរីយ៍​ពី​ជីវិត​របស់​លោក។ ទីក្រុង​ផ្សេង​ទៀត​បាន​ចូលរួម​ការ​ខំប្រឹងប្រែង​នេះ​ដែរ ដោយ​ភ្លើង​ពណ៌​ក្រហម និង​ពណ៌​មាស​បាន​បំភ្លឺ​នៅ​សាលាក្រុង​ក្នុង​ទីក្រុង Los Angeles ទីក្រុង Boston ទីក្រុង Oakland ទីក្រុង Las Vegas ទីក្រុង​ញូវយ៉ក និង​ទីកន្លែង​ផ្សេង​ទៀត។

សាធារណជន​បាន​មាន​ឱកាស​គោរព​វិញ្ញាណក្ខន្ធ​លោក​កាលពី​ថ្ងៃចន្ទ​ នៅ​ពេល​ដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ឆ្លង​កាត់​ដើម្បី​មើល​ក្តារមឈូស​បើក​គម្រប​ដាក់​សព​លោក Floyd នៅ​ព្រះវិហារ Fountain of Praise។ ពិធីបុណ្យ​ក៏​ត្រូវ​បាន​ធ្វើ​នៅ​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​មីនីអាប់ប៉ូលីស និង​ទីក្រុង Raeford រដ្ឋ North Carolina នៅ​ជិត​ទីកន្លែង​ដែល​លោក Floyd បាន​កើត។

លោក Greg Abbott អភិបាល​រដ្ឋ​តិចសាស​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​គោរព​វិញ្ញាណក្ខន្ធ​លោក Floyd កាលពី​ថ្ងៃចន្ទ​ដែរ។ លោក​អភិបាល​រដ្ឋ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​វិហារ​គ្រិស្តសាសនា​ថា លោក​ នឹង​ដាក់​បញ្ចូល​បញ្ហា​គ្រួសារ​របស់​លោក Floyd ក្នុង​ការ​ពិភាក្សា​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ប៉ូលិស៕

XS
SM
MD
LG