ប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានការតស៊ូមតិស្តីពីការរំលោភសិទ្ធិមនុស្សដោយសារការប្រកាន់ពូជសាសន៍ នៅពេលក្រុមប្រឹក្សានេះ ប្រជុំនៅសប្ដាហ៍នេះ។ ការស្នើសុំនេះ កើតឡើងដោយសារការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិកមួយរូប នៅក្នុងពេលស្ថិតនៅក្រោមសមត្ថកិច្ចប៉ូលិសនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងលិខិតនេះ ក្រុមប្រទេសក្នុងទ្វីបអាហ្វ្រិកបានសរសេរថា ហេតុការណ៍ដែលបានកើតឡើងតាំងពីថ្ងៃទី ២៥ ខែឧសភា ដែលជាថ្ងៃនៃការស្លាប់របស់លោក George Floyd បានបង្កឲ្យមានការតវ៉ានៅទូទាំងពិភពលោក ប្រឆាំងនឹងភាពអយុត្តិធម៌ និងភាពឃោរឃៅ ដែលពលរដ្ឋដើមកំណើតអាហ្រ្វិកជួបប្រទះជារៀងរាល់ថ្ងៃ នៅកន្លែងជាច្រើននៅទូទាំងពិភពលោក។
ក្នុងលិខិតនោះបានឲ្យដឹងថាទៀតថា ការរំលោភសិទ្ធិមនុស្សដែលបង្កឡើងដោយការរើសអើងពូជសាសន៍ ការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ ភាពឃោរឃៅរបស់ប៉ូលិស និងអំពើហិង្សាទៅលើក្រុមអ្នកតវ៉ាអហិង្សាក្នុងពេលបច្ចុប្បន្ន ធ្វើឲ្យការតស៊ូមតិ និងការផ្សព្វផ្សាយបញ្ហាដ៏ក្ដៅគគុកទាំងនេះ ក្លាយជាបញ្ហាដែលគេត្រូវយកចិត្តទុកដាក់ជាបន្ទាន់។
លិខិតនេះក៏បានរៀបរាប់ដែរថា ការស្លាប់របស់លោក George Floyd មិនមែនជាបញ្ហាដាច់ដោយឡែកនោះទេ។ ក្រុមឯកអគ្គរដ្ឋទូតអាហ្វ្រិកដែលសរសេរលិខិតនេះ បានកត់សម្គាល់ថា ពលរដ្ឋដែលមានដើមកំណើតអាហ្វ្រិកជាច្រើននាក់ ទទួលបានជោគវាសនានេះដូចគ្នា ដោយសារតែការមិនត្រួតពិនិត្យទៅលើភាពឃោរឃៅរបស់ប៉ូលិស។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Rolando Gomez បានប្រាប់ VOA ថា ការតស៊ូមតិនេះទំនងជាអាចកើតឡើងនៅក្នុង [ការប្រជុំ] ក្រុមប្រឹក្សានៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍នេះ នៅពេលរបៀបវារៈនៃការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឈានដល់ចំណុចទី៩ ដែលដោះស្រាយបញ្ហាប្រកាន់ពូជសាសាន៍ និងការរើសអើង។
លោក Gomez បាននិយាយក្នុងសម្តីដើមថា៖
«ការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស ដែលតែងតែត្រូវបានលើកឡើងដោយរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលនៅក្នុងការប្រជុំក្រុមប្រឹក្សាមានដូចជា ការសម្លាប់មនុស្សដោយខុសច្បាប់ដោយប៉ូលិស និងការលំអៀងខាងពូជសាសន៍នៅក្នុងជួរប៉ូលិស។ ហើយគោលបំណងគឺដើម្បីបង្ការសកម្មភាពគួរឲ្យស្អប់ខ្ពើមទាំងនេះ មិនឲ្យកើតឡើងទៀត។
លិខិតរបស់ក្រុមប្រទេសក្នុងទ្វីបអាហ្រ្វិកទៅកាន់ប្រធានក្រុមប្រឹក្សាសិទិ្ធមនុស្សនេះ ក៏បានកត់សម្គាល់ផងដែរថា ការតវ៉ានៅសហរដ្ឋអាមេរិក គឺជាការតវ៉ាប្រឆាំងនឹងការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ ដែលបង្កឲ្យមានអំពើហិង្សាពូជសាសន៍គាំទ្រដោយរដ្ឋ និងនិទណ្ឌភាពសម្រាប់ជនល្មើស។ លិខិតនេះក៏បានបន្ថែមថា ការតវ៉ា ដែលកំពុងកើតមានក្នុងពិភពលោកនេះ គឺជាការបដិសេធចោលនូវវិសមភាពពូជសាសន៍ និងការរើសអើសដែលពលរដ្ឋស្បែកខ្មៅ និងពលរដ្ឋដែលមានសម្បុរស្បែកផ្សេងទៀត កំពុងប្រឈមមុខនៅក្នុងសហរដ្ឋអាមេរិក។
កាលពីដើមសប្ដាហ៍មុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ លោក Andrew Bremberg បានចេញសេចក្ដីថ្លែងការណ៍មួយ បង្ហាញពីភាពតក់ស្លុត កំហឹង និងទុក្ខកង្វល់ចំពោះមរណភាពរបស់លោក George Floyd។
លោកបាននិយាយថា ប្រតិកម្មរបស់សាធារណជនតបនឹងសោកនាដកម្មដ៏រន្ធត់នេះ បង្ហាញពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋអាមេរិក ដើម្បីយកឈ្នះភាពអយុត្តិធម៌ពូជសាសន៍ និងដើម្បីទទួលបានសង្គមមួយស្មើភាព និងយុត្តិធម៌ជាងនេះ៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា