សមភាពយេនឌ័រមិនទាន់ជាអាទិភាពចំពោះបញ្ជីបេក្ខភាពចូលរួមការបោះឆ្នោតឃុំសង្កាត់

អ្នកនាង​​ ទួន​ សាវន ​មេ​ឃុំ​កំពង់ព្រះ​ ស្រុកសង្កែ ​ខេត្ត​បាត់​ដំបង ចុះធ្វើសកម្មភាពតាមមូលដ្ឋាន។​ (រូបភាពផ្តល់ឲ្យ)

ចាប់​តាំង​ពី​អ្នកនាង ទួន​ សាវន ​វ័យ​ ៣៧ ឆ្នាំ ធំដឹង​ក្តី​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​ស្រុកសង្កែ ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ក្នុង​ឃុំ​នេះ​ គឺ​សុទ្ធ​តែ​ជា​បុរស​និង​មាន​វ័យ​ចំណាស់។​ ប៉ុន្តែ​នៅ​ឆ្នាំ ២០១២ ​អ្នកនាង​ ទួន​ សាវន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​លេខ​រៀងទី ១ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និងបាន​ក្លាយ​ជា​មេឃុំ​ស្រី​វ័យ​ក្មេង​ដំបូង​គេ​នៅក្នុង​ឃុំនេះ​ក្នុង​ខេត្ត​បាត់ដំបង។

យោង​តាម​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​និង​នីតិវិធី​សម្រាប់​បោះ​ឆ្នោត​ក្នុង​អាណត្តិ​នេះ​ កម្ពុជា​មិន​ទាន់​មាន​កំណត់​ចំនួន​កូតា​បេក្ខភាព​ជា​ស្ត្រី​ ឬ​ការ​កំណត់​ឲ្យ​គណបក្ស​នីមួយៗ​ រៀប​ចំ​បញ្ជី​ឆ្លាស់​រវាង​បេក្ខភាព​បុរស​និង​ស្ត្រីនោះ​ទេ។ ហើយការ​កំណត់​លេខរៀង​របស់​បេក្ខជន​ជា​ស្ត្រី​ គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នីមួយៗ។ រីឯ​ការ​ស្នើ​ឲ្យដាក់​បញ្ចូល​ធាតុ​ផ្សំ​នៃ​សមភាព​យេនឌ័រទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​នានា​នោះ គឺ​នៅ​ស្ថិត​ក្រោម​ការ​ពិភាក្សា​នៅ​ឡើយ។

ដូច្នេះ វាជា​រឿង​កម្រ​មួយ ដែល​បេក្ខជន​ជា​ស្ត្រី​ដូចជា​អ្នក​នាង សាវន អាច​ក្លាយ​ជា​បេក្ខជន​លេខ​រៀងទី ១ របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ដើម្បី​ទទួល​បាន​តួនាទី​និង​តំណែង​ជា​អ្នក​ដឹកនាំ​ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ។​ សមិទ្ធផល​បែប​នេះ​ទាមទារ​ច្រើន​ពី​បេក្ខជន​ជា​ស្ត្រី​ រួមមាន​បទ​ពិសោធន៍​ប្រឡូក​ក្នុង​សង្គម​និង​នយោបាយ ទំនាក់ទំនងជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាប្រិយភាព​របស់ខ្លួន​ក្នុង​ចំណោមមន្ត្រី​បក្ស​ផ្សេង​ទៀត កម្រិត​ចំណេះ​ដឹង ភាព​ឈ្លាស​វៃ​ ព្រមទាំង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​និងក្រុមគ្រួសារ​ផងដែរ។

មុន​ពេល​ទទួល​បាន​ឱកាស​ជាប់​ឆ្នោត​ជា​មេឃុំនេះ​អ្នក​នាង ទួន សាវន​ធ្លាប់ជា​មន្ត្រី​រាជការ​ស្ត្រី​តែ​ម្នាក់​គត់​ដែល​បាន​បំពេញ​តួនាទី​ជា​ជំនួយការ​រដ្ឋបាល​ឃុំ​ ទទួល​បន្ទុក​ផ្នែក​អត្រានុកលដ្ឋាន​បាន​រយៈពេល​ជាង ២ ឆ្នាំ​។ អ្នកនាង​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA តាមទូរសព្ទ​ កាលពី​ដើមខែ​មីនា​នេះ​ថា៖

«[កាលនោះ]​ដោយសារ​ក្រុម​ប្រឹក្សាឃុំ​មាន​ស្ត្រី​តែម្នាក់​ មេឃុំ​បាន​ហៅ​ឲ្យ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​ទៀត​ ឲ្យ​បាន​ស្ត្រី​ ២ នាក់។​ ហើយ​ខ្ញុំ​ក៏​ឈរ​ទៅ។ ដល់​ពេល​បោះ​ឆ្នោត​សំឡេង​យើង​បាន​ច្រើន​ជាង​គេ​ទៅ​ គេ​ក៏​ដាក់​យើង​ជាប់​បេក្ខភាព​មេឃុំ​លេខរៀង​ទី ១។ សប្បាយ​ហ្នឹង​ហើយ​គិត​ថា​ បើ​ជាប់​ទៅ នឹងអាច​ជួយ​បម្រើ​អភិវឌ្ឍ​ភូមិឃុំ​យើង​ឲ្យល្អ»។

អ្នក​នាង​ ទួន សាវន បានបញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​វិទ្យាល័យ​ប៉ុណ្ណោះ។​ ក្រោយ​ចូល​កាន់​តំណែង​ជា​មេឃុំ​ អ្នកនាង​ឆ្លៀត​ពេល​បន្ត​ការ​សិក្សា​ផ្នែក​គ្រប់​គ្រង​ធនធាន​មនុស្ស​នៅ​សាកល​វិទ្យាល័យ​ក្ នុង​ខេត្ត​បាត់​ដំបង​ និង​បាន​បញ្ចប់​បរិញ្ញាបត្រនៅ​ឆ្នាំ​ ២០១៦។​

អ្នកនាង ទួន​ សាវន ​មេ​ឃុំ​កំពង់ព្រះ​ ស្រុកសង្កែ ​ខេត្ត​បាត់​ដំបង ចុះធ្វើសកម្មភាពតាមមូលដ្ឋាន។​ (រូបភាពផ្តល់ឲ្យ)

អ្នក​នាង សាវន បាន​ជាប់​ឆ្នោត​ជា​មេឃុំកំពង់ព្រះ បាន​ពីរ​អាណត្តិ​ ដោយ​បម្រើ​កិច្ចការ​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាន​រយៈពេល​ ១០ ​ឆ្នាំ​ ជាពិសេស​យក​ចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​និង​ពង្រឹង​សមត្ថភាព​អប់រំ​របស់​ក្មេងស្ត្រី និង​ស្ត្រី​ក្នុង​ឃុំ។​ ក៏​ប៉ុន្តែ ​អ្នកនាងមិន​ត្រូវបាន​ចាត់​តាំង​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ថ្មី​នេះ​ទេ​ ដោយអ្នក​នាង​បាន​លើក​ឡើង​ថា ​ប្រជាប្រិយភាព​របស់​អ្នកនាង​ក្នុង​បក្ស​មាន​ការថមថយ​។

លោកស្រី សឹម​ ពៅ អាយុ​ ៦០ ឆ្នាំ​ ជា​មេ​ឃុំរការ​ ស្រុក​សង្កែខេត្ត​បាត់​ដំបង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប​ទៀត។ លោកស្រី​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ ២​ អាណ្ណតិ​ចុង​ក្រោយ និង​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​លេខរៀង​ទី​ ១ ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទៀត។​

នៅ​ក្នុង​ការ​អនុវត្ត​កិច្ចការងារ​ជា​មេឃុំ លោកស្រី​ សឹម ពៅ បាន​ប្រាប់ VOA ថា លោកស្រី​ ​ព្យាយាម​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​និង​កក់ក្តៅ​ក្នុង​ឃុំ​ឲ្យ​មាន​លក្ខណៈបែប​គ្រួសារ។​ លោក​ស្រី​ថា​ ការណ៍​នេះ​ជួយ​ឲ្យ​អ្នក​ភូមិ​អាច​បើកចំហ ​និង​ពិភាក្សា​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​កើត​មាន​ទាំង​ក្នុង​គ្រួសារ​និង​សហគមន៍។​

លោកស្រី​ សឹម ពៅ ថ្លែង​តាម​ទូរសព្ទ​យ៉ាង​ដូច្នេះ​៖​ «យើង​ជាមេដឹក​នាំ​យើង​ដូចជា​ម្តាយ​ចឹង។ យើង​ខ្នះ​ខ្នែង​គិត​គូ​ពី​កូន​ចៅ​យើង​ ពេល​ជួប​បញ្ហា​នានា​ មិន​ថា​គ្រោះ​មហន្តរាយ ផ្សព្វផ្សាយ​ពី​កិច្ចការ​សង្គម​នានា​ជំរុញ​ឲ្យ​ពេល​គាត់​ពេល​មាន​បញ្ហា​អី​ ឲ្យ​មក​ពិភាក្សា​ជាមួយ​យើង​ ដើម្បីអាច​ជួយ​ដោះ​ស្រាយ​បាន​»។

លោកស្រី​បន្ថែម​ថា៖​ «សំខាន់​ទី​ ១ ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​ការងារ​សង្គម​ជួយ​ឲ្យ​ស្ត្រី​មាន​ការងារ​ធ្វើ​ក្នុង​ឃុំ។​ ទី​ ២​ ឲ្យ​ស្ត្រី​ខិត​ខំ​រៀន​សូត្រ។ ​ទី ​៣​ រក​យុត្តិធម៌​ជូនស្ត្រី​ក្នុង​ឃុំ​ដែល​ជួបការ​លំបាក​ ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោះស្រាយ​អំពើ​ហិង្សា​ការ​ជួញ​ដូរ​ស្ត្រី​ និង​កុមារ។​ ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព»។

ក្រៅ​ពី​សមត្ថភាព​ដឹកនាំ​និងភាព​ឈ្លាសវៃ​ការ​ជ្រោមជ្រែង​ពី​ស្វាមី​ ក្នុងការ​រ៉ាប់រង​កិច្ច​ការងារ​ផ្ទះ​និងការ​ធ្វើ​ដំណាំកសិកម្ម​ក្នុង​គ្រួសារ​ ដើម្បី​ជីវភាព ​ក៏​ជួយ​ឲ្យ​លោកស្រី​ដែល​មាន​កូន​ ៧ ​នាក់​រូប​នេះ អាច​ចុះ​មូលដ្ឋាន​បំពេញ​ការងារ​បាន​ពេញលេញ​។

លោកស្រី សឹម ពៅ មេឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ (រូបភាពផ្តល់ឲ្យ)

តំណាង​និង​តំណែង​ដឹកនាំ​របស់​ស្ត្រី

មេឃុំស្ត្រីដែលមកពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាំង ២ រូបនេះស្ថិតក្នុងចំណោមជិត ១៧% ឬស្មើនឹងជិត ២ ពាន់នាក់នៃស្ត្រីដែលកំពុងកាន់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់នៅកម្រិតមូលដ្ឋាននាពេលបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា។ ក្នុងអាណត្តិនេះ គណបក្សប្រជាជនកម្ពុជាបានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចំនួនជាង ២ ម៉ឺន ៨ ពាន់នាក់ ក្នុងនោះមានស្ត្រីចំនួនត្រឹមតែជាង ៧ ពាន់រូប ឬស្មើនឹងជិត ២៦%។

ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ ដើម្បី​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។​ ក៏ប៉ុន្តែ កាល​ពី​ឆ្នាំ​ ២០១៥ ​កន្លង​ទៅ​ កម្ពុជា​មិន​បាន​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុងឆាក​នយោបាយ ​ដែល​ធានា​ឲ្យ​មាន​ការ​កើន​ឡើង​តំណាង​ស្ត្រី​ក្នុង​សភា​ជាតិ​ឱ្យ​បាន​ដល់​ ៣០%​ (ឬ ៣៦ រូប)​ នោះ​ទេ។

នៅ​ក្នុង​សភា​ជាតិ​កម្ពុជា​បច្ចុប្បន្ន​ បេក្ខភាព​ស្ត្រី​មាន​ចំនួន​ ២៥ នាក់ ​ក្នុង​ចំណោម​តំណាងរាស្ត្រ​ ១២៥ រូប ឬ​ស្មើ​នឹង​ ២០%។ គិត​ត្រឹម​ឆ្នាំ​ ២០១៩​ ស្ត្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មាន​ចំនួន​ ២១% រីឯ​នៅ​កម្រិត​មូលដ្ឋាន ស្ត្រី​កាន់​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ចំនួន​ត្រឹម​ជិត​ ១៧% ​ប៉ុណ្ណោះ​។

នៅក្នុង​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី ៤​ ឆ្នាំ២០១៧​ កន្លងទៅ​ មាន​តែ​គណបក្ស​ចំនួន​ ២ ​ប៉ុណ្ណោះ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់។​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​តំណែង​មេឃុំ​ចំនួន​ ១១៥៦​ និង​អាសនៈ​ក្រុម​ប្រឹក្សា​ ៦៥០៣​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ដែលដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា​ ទទួល​បាន​តំណែង​មេឃុំ​ចំនួន​ ៤៨៩ ​និង​អាសនៈ​ក្រុមប្រឹក្សាចំនួន​ ៥០០៧។​ ក៏​ប៉ុន្តែ នៅ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ តុលាការ​កំពូល​កម្ពុជា បាន​រំលាយ​គណបក្ស​ជំទាស់​ដ៏ធំ​ជាងគេ​នៅ​កម្ពុជា​មួយនេះ​ចោល​ ដែល​បាន​ធ្វើឲ្យអ្នក​ដឹកនាំ​តាម​មូលដ្ឋាន​មាន​ទាំង​ក្រុមប្រឹក្សាជាស្ត្រីរបស់​គណបក្ស​ជំទាស់​នេះ​ បាត់បង់​ឱកាស​ដឹកនាំ​របស់​ខ្លួន។​

អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺ​អតីត​ចៅ​សង្កាត់​អូចារ ខេត្ត​បាត់​ដំបង ពេលធ្វើសកម្មភាពនៅមូលដ្ឋាន។​ (រូបភាពផ្តល់ឲ្យ)​

អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺ​អតីត​ចៅ​សង្កាត់​អូចារ​មក​ពីអតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​នោះ។ កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាងបាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​សារ​ជាថ្មី​ជា​មួយ​គណបក្ស​ភ្លើង​ទៀននិង​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​លេខរៀង​ទី ១​ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នេះ។ អ្នកនាង​ ចាន់ពៅរ៉ូហ្ស៊េត​ បាន​ប្រាប់ VOA តាមទូរសព្ទនា​ពេលថ្មីៗនេះ​ អំពី​នីតិវិធី​នៃ​ការ​ដាក់​លេខរៀង​បេក្ខជន​ក្នុង​បក្ស​ថា៖

«យើង​មាន​ការ​ប្រកួត​ប្រជែង​គ្នាក្នុង​ផ្ទៃក្នុង​គណបក្ស​មាន​ន័យ​ថា​ ទាំង​វ័យ​ចំណាស់​ទាំង​យើង​ជា​ស្ត្រី​វ័យ​ក្មេង​មុន​នឹង​យើង​ទៅ​ឈរ​ឈ្មោះ​ជា​ចៅ​សង្កាត់​ យើង​ត្រូវ​មាន​សកម្មភាព​សកម្ម​នៅ​មូលដ្ឋាន។ ចឹង​លុះ​ត្រា​តែ​យើង​មាន​សកម្មភាព​ល្អ​ មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ មាន​សកម្មភាព​ខ្លាំង​នៅ​មូលដ្ឋាន​ ទើប​យើង​ទទួល​បាន​ការ​គាំទ្រ​ពី​សកម្មជន​ដូច​គ្នា​ក៏ដូច​ជា​ពលរដ្ឋ»។

គណបក្ស​ភ្លើងទៀន​ដែល​មាន​សមាជិក​ភាគច្រើន​មកពីអតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ចំនួន​ជាង​ ២ ម៉ឺន​ ៣ ពាន់នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​ ៥ ពាន់រូប​ ឬស្មើនឹង​ជាង ២២%​។

បញ្ជី​បេក្ខជនបណ្តោះ​អាសន្ន​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ កាលពីថ្ងៃទី ៨​ ខែ​មីនា ​បង្ហាញថា​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួនជាង ៨ ម៉ឺន ៤ ពាន់​រូប​ ក្នុងនោះ​មាន​ស្ត្រី​សរុប​ចំនួន​ជាង ២ ម៉ឺន ​៦ ពាន់​រូប​ ឬ​ស្មើនឹង​ជាង​ ៣១%។

អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺ​អតីត​ចៅ​សង្កាត់​អូចារ ខេត្ត​បាត់​ដំបង ពេលធ្វើសកម្មភាពនៅមូលដ្ឋាន។​ (រូបភាពផ្តល់ឲ្យ)​

កត្តា​ប្រឈម និង​ឆន្ទៈ​ផ្លាស់ប្តូរ

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​និង​ចូលរួម​បណ្តុះ​បណ្តាល​អ្នក​នយោបាយ​ស្រ្តី​វ័យក្មេង​ មើល​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ការកើន​ឡើង​នៃ​ចំនួន​ស្រ្តី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ និង​សាធារណៈ ប៉ុន្តែថា​ កម្ពុជា​មិនទាន់​កំណត់​សមភាព​យេនឌ័រជា​អាទិភាព​ ចំពោះ​បេក្ខភាព​ចូលរួមការ​បោះ​ឆ្នោតនៅឡើយ។ ​បន្ថែមពីនេះ​ ពួកគេ​យល់ថា​ កម្ពុជា​ក៏​មិន​ទាន់ត្រៀមរៀបចំ​បរិមាណ​ឲ្យ​គ្រប់គ្រាន់​ និង​កសាង​សមត្ថភាពស្ត្រី​ឲ្យ​ពេញ​លេញ​ ដើម្បី​ប្រកួត​ក្នុងការ​បោះ​ឆ្នោតនិង​ប្រឡូក​នយោបាយ​ផងដែរ។

លោកស្រី​ សឺនកេត​ សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ​និង​យេនឌ័រ​នៃ​ខុមហ្វ្រែល​ និង​ជា​សមាជិក​ស្ថាបនិកនៃ​គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ថ្លែងថា​ ដើម្បី​អាច​ឲ្យ​ស្ត្រីចូលរួម​ក្នុងការ​បោះឆ្នោត​ និង​នយោបាយ​ទាំង​ថ្នាក់​ជាតិ​និងថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ពេញលេញ​ លុះត្រាតែ​មាន​ការ​រុះរើ​រចនា​សម្ព័ន្ធ​គណបក្ស ការ​កំណត់​កូតាស្ត្រី​ឲ្យ​បាន​ជាក់លាក់​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ព្រមទាំង​ការកែប្រែ​ច្បាប់​បោះឆ្នោត​ដោយ​ដាក់​បញ្ចូល​ធាតុផ្សំ​នៃ​សមភាព​យេនឌ័រ​ជាដើម។

លោកស្រី​ថ្លែងថា៖​ «ធ្វើ​ជា​យន្តការ​ធ្វើ​ច្បាប់​ជា​ពិសេស​ក្នុង​ច្បាប់​បោះ​ឆ្នោត​តែម្តង​ ដើម្បី​ឆ្លើយ​តប​ហ្នឹង​យេនឌ័រ​ ទើប​គណបក្សទាំង​អស់​ហ្នឹង​ គាត់​គិត​គូរ​ជា​ពិសេស​ការ​ដាក់​បេក្ខភាព​ជា​ស្ត្រី​ឈរ​ឈ្មោះ​បេក្ខជន​ សម្រាប់​ការ​បោះ​ឆ្នោត។​ ហើយ​នៅ​មាន​យន្តការ​វិធានការ​ពិសេស​នានា​ក្នុង​បក្ស​នយោបាយ ដែល​គាត់​ត្រូវ​មាន​គោល​នយោបាយ​សមភាព​យេនឌ័រ​ក្នុង​បក្ស​គាត់។ ត្រូវ​ការ​ការ​តាំង​ចិត្ត​ខ្ពស់​ពី​មេដឹក​នាំ​គណបក្សនិង​មេដឹក​ប្រទេស​ផងដែរ ទើប​អាច​ធ្វើឲ្យ​ការ​ចូលរួម​របស់​ស្ត្រីមាន​ចំនួន​ច្រើន​ជា​អ្នក​នយោបាយ​ហ្នឹង ដែល​គាត់​អាច​ក្លាយ​ជា​អ្នក​ជាប់​ឆ្នោត​ជា​អ្នក​ដឹក​នាំ​ថ្នាក់មូលដ្ឋាន​ក៏​ដូច​ថ្នាក់​ជាតិ​ដែរ»។​

លោកស្រី សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ បាន​គូស​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ នៅតែ​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​នៅ​បារម្ភ​ថា​ ការ​ដាក់​បញ្ចូល​បេក្ខភាព​ស្ត្រី​ទៅក្នុងបញ្ជី​ឈរ​ឈ្មោះ​បេក្ខជនខ្លួន​ បាន​បង្ក​ការ​លំបាក​ក្នុងការ​ស្វែងរក​បេក្ខភាព​ជាស្ត្រី​មក​ឈរ​ឈ្មោះ​មិន​អាច​រក​បាន​គ្រប់​ចំនួនស្ត្រី ដែល​មាន​សមត្ថភាព ឬ​អាច​ធ្វើឲ្យ​គណបក្ស​ចាញ់​ឆ្នោតឬ​បាត់បង់​ប្រជាប្រិយភាព​ជាដើម។

«គ្រាន់​តែ​កម្រិត​នៃ​ការ​ចូលរួម​នោះ​មាន​កម្រិត​ អាស្រ័យ​លើ​ឋានៈ​និង​តួនាទី គឺថា​ តួនាទី​នយោបាយ​កាន់​តែ​ធំ​ ការ​ចូលរួម​របស់ស្ត្រី​កាន់​តែ​តិច។​ សម្រាប់​ខ្ញុំ​វិញ ស្ត្រី​បាន​ចូល​រួម​យ៉ាង​សកម្ម​តាមរយៈ​ការ​ធ្វើ​ការ​របស់​យើង​នៅ​កម្រិត​មូលដ្ឋានមែន​ទែន។ យើង​ឃើញ​ថា​ គាត់​ជា​អ្នក​រក​ប្រជាប្រិយភាព​ឲ្យ​បក្សច្រើន​មែន​ទែន​ ប៉ុន្តែ​ស្ត្រី​តែង​ត្រូវ​បាន​គេ​ផាត់​ចេញ​ នៅ​ពេល​មាន​ការ​សម្រេច​ចិត្ត​លើ​បញ្ជី​បេក្ខភាព​ទៅ​វិញ»។

លោកស្រី សេង រាសី ក៏​បាន​សង្កត់​ធ្ងន់​ថា ​ឆន្ទៈ​នយោបាយ​ច្បាប់​និង​គោលនយោបាយ​ដែល​មិន​ទាន់​ផ្តោត​សំខាន់​លើ​សមភាព​យេនឌ័រ​ កង្វះ​ការគាំទ្រ​ពី​ក្រុមគ្រួសារ​ និង​កង្វះ​ការ​បណ្តុះ​ផ្នត់គំនិត​និងត្រៀមសមត្ថភាព​ស្ត្រី​ឲ្យ​រួចរាល់​ ដើម្បី​ឈាន​ជើងចូល​វិថី​នយោបាយ គឺជា​រនាំង​ឃាំងស្ត្រី​ពីការ​ប្រឡូក​នយោបាយ​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធិភាព។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បញ្ជាក់ថា ​ការ​កំណត់​បញ្ជី​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ដោយ​ផ្អែក​ទៅ​តាម​សមាជិក និង​ធនធាន​មនុស្សក្នុង​បក្ស។​ ក៏ប៉ុន្តែ​លោក​ថា​ គ.ជ.ប​ តែង​ណែនាំ​និង​លើកទឹកចិត្ត​ឲ្យ​គណបក្ស​នយោបាយ​ផ្តល់​អាទិភាព​ដល់​បេក្ខភាព​ជា​ស្ត្រី​ដែល​មាន​សមត្ថភាព។

លោក ហង្ស ពុទ្ធា​ ថ្លែង​ថា៖​ « គ.ជ.ប​ ត្រូវ​អនុវត្ត​ដោយ​ស្មើ​ភាព​រវាង​បុរស​និង​នារី។​ […]​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​ជ្រើស​រើស​ស្ត្រី​អី​ គ.ជ.ប​ តែង​តែ​ផ្តល់​ជា​អាទិភាព​ជូនដល់​ស្ត្រី។ តែ​ការ​កំណត់​ជា​គោលការណ៍​តែ​ម្តង​ គ.ជ.ប​ អត់​មាន​កំណត់ទេ។​ ប៉ុន្តែ​មាន​ជា​ការ​លើក​ទឹក​ចិត្ត​ បើសិន​ជា​ពិន្ទុ ឬ​ការ​វាយ​តម្លៃ​ឃើញ​ថា​ស្មើគ្នា​ចឹង»។

បើ​តាម​ គ.ជ.ប បញ្ជី​ឈរ​ឈ្មោះបេក្ខជន​ផ្លូវ​ការ​នឹង​ចេញ​ផ្សាយ​នា​ចុង​ខែ​មេសា​ខាង​មុខ ​បន្ទាប់​ពី​បិទបញ្ជប់​ការ​ដោះ​ស្រាយពាក្យបណ្តឹងលើបញ្ជី​បេក្ខជន​បឋម។​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អណត្តិ​ទី​ ៥ នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២​ ខាង​មុខ​ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ចំនួន​ ១៧៕