កាលពីប៉ុន្មានសប្ដាហ៍មុន ប្រព័ន្ធសុខាភិបាលទន់ខ្សោយនៅក្នុងតំបន់ Gaza បានប្រឹងប្រែងទប់ទល់ជាមួយនឹងកំណើននៃអ្នកជំងឺកូវីដ១៩។ អាជ្ញាធរបានរៀបចំបន្ទប់វះកាត់នៅមន្ទីរពេទ្យឲ្យទូលាយដើម្បីទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ផ្អាកសេវាសុខាភិបាលមិនសូវសំខាន់ និងត្រៀមគ្រូពេទ្យសម្រាប់អ្នកជំងឺណាដែលមានបញ្ហាពិបាកដកដង្ហើម។
បន្ទាប់មក ការទម្លាក់គ្រាប់បែកបានចាប់ផ្ដើមកើតឡើង។
អំពើហិង្សាកាលពីពេលថ្មីៗនេះរវាងប្រទេសអ៊ីស្រាអែលនិងមេដឹកនាំក្រុមហាម៉ាស (Hamas) នៅក្នុងតំបន់ Gaza បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១០៣ នាក់ ដែលក្នុងនោះមានទាំងកុមារ ២៧ នាក់ផងដែរ និងបានធ្វើឲ្យមនុស្ស ៥៣០ នាក់រងរបួសនៅក្នុងតំបន់ Gaza ដែលជាតំបន់ក្រីក្រ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានប៉ះចំអាគារស្នាក់នៅនានា បំផ្ទុះរថយន្ត និងកម្ទេចអាគារផ្សេងៗ។
គ្រូពេទ្យនៅទូទាំងតំបន់ Gaza ឥឡូវនេះទុកគ្រែពេទ្យនៃបន្ទប់ព្យាបាលដិតដល់បន្ទាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងប្រឹងប្រែងទប់ទល់ជាមួយនឹងវិបត្តិសុខភាពផ្សេងមួយទៀត ដែលនោះគឺការព្យាបាលអ្នករងរបួសដោយសារការទម្លាក់គ្រាប់បែក តាមរយៈការរុំរបួសនិងវះកាត់។
សាច់ញាតិរបស់អ្នករងរបួសមិនបានរង់ចាំរថយន្តពេទ្យនោះទេ ដោយពួកគេប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសតាមរថយន្ត ឬតាមថ្មើជើងទៅកាន់មន្ទីរពេទ្យ Shifa ដែលជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅក្នុងតំបន់ Gaza។
គ្រូពេទ្យដែលនឿយហត់រួចស្រេចទៅហើយបានប្រញាប់ព្យាបាលអ្នកជំងឺពីម្នាក់ទៅម្នាក់ ដោយរុំរបួសដែលបណ្ដាលមកពីអំបែងគ្រាប់បែកដើម្បីបញ្ឈប់ការហូរឈាម។ អ្នកខ្លះប្រមូលផ្ដុំគ្នានៅកន្លែងដាក់សពនៅមន្ទីរពេទ្យ ដោយរង់ចាំយកសាកសពទៅបញ្ចុះ។
នៅឯមន្ទីរពេទ្យឥណ្ឌូណេស៊ី (Indonesia Hospital) ក្នុងក្រុង Jabaliya ភាគខាងជើងតំបន់ Gaza មានអ្នករងរបួសជាច្រើនចូលព្យាបាល បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅក្បែរនោះ។ ឈាមហូរគ្រប់ទីកន្លែង ដោយជនរងគ្រោះដេកនៅលើផ្លូវដើរនៃមន្ទីរពេទ្យ។ សាច់ញាតិជនរងគ្រោះបានប្រមូលផ្ដុំនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយយំស្រែកអាណិតអ្នករងរបួសនិងជេរប្រទេចផ្ដាសាដាក់ប្រទេសអ៊ីស្រាអែល។
លោក Abdelatif al-Hajj ដែលជាមន្ត្រីក្រសួងសុខាភិបាលនៃតំបន់ Gaza បានបញ្ជាក់តាមទូរស័ព្ទ ដោយមានឮសំឡេងទម្លាក់គ្រាប់បែកនៅក្បែរនោះផងដែរ ថា «មុនពេលមានការវាយប្រហាររបស់ពួកយោធា យើងមានការខ្វះខាតខ្លាំងរួចទៅហើយ និងស្ទើរតែមិនអាចទប់ទល់បានជាមួយនឹងរលកឆ្លងថ្មីនៃជំងឺកូវីដ១៩។ ឥឡូវនេះ អ្នករងរបួសធ្ងន់ជាច្រើនត្រូវបានបញ្ជូនមកពីគ្រប់ទីកន្លែងទាំងអស់។ ខ្ញុំខ្លាច [ប្រព័ន្ធសុខាភិបាល] នឹងត្រូវដួលរលំទាំងស្រុង»។
ដោយរងការខ្ទេចខ្ទាំដោយសារសង្គ្រាមរាប់ឆ្នាំ ប្រព័ន្ធសុខាភិបាលទន់ខ្សោយនៅក្នុងតំបន់ Gaza ដែលមានប្រជាពលរដ្ឋជាង ២ លាននាក់រស់នៅ តែងតែងាយរងគ្រោះ។
ការខ្វែងគំនិតគ្នាដ៏ជូរចត់រវាងក្រុមហាម៉ាសនិងអាជ្ញាធរប៉ាឡេស្ទីននៅតំបន់ West Bank និងការរារាំងជិត ១៤ ឆ្នាំ របស់ប្រទេសអ៊ីស្រាអែលដោយមានការជួយជ្រោមជ្រែងពីប្រទេសអេហ្ស៊ីបក៏បានធ្វើឲ្យខ្ទេចខ្ទាំដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។
គេក៏ឃើញមានការខ្វះខាតផងដែរនូវឧបករណ៍និងគ្រឿងបរិក្ខារនានាដូចជាស្បោងឈាម អំពូលវះកាត់ ថ្នាំស្ពឹក និងថ្នាំផ្សះជាដើម។ ឧបករណ៍ការពារខ្លួន ឧបករណ៍ដកដង្ហើម និងធុងខ្យល់អុកស៊ីសែនក៏កាន់តែមានការខ្វះខាតថែមទៀត។
កាលពីខែមុន ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងតំបន់ Gaza បានឡើងដល់កម្រិតខ្ពស់បំផុត។ ករណីទាំងនេះត្រូវបានញាំញីបន្ថែមដោយសារការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីដែលលេចឡើងដំបូងនៅក្នុងចក្រភពអង់គ្លេស ការកាត់បន្ថយការដាក់កំហិតចំពោះការធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាឌន និងការព្រងើយកន្តើយនិងការរឹងទទឹងរបស់សាធារណជន។
នៅក្នុងតំបន់ Gaza ដែលខ្ទេចខ្ទាំដោយសារការទម្លាក់គ្រាប់បែក ដែលអត្រាអត់ការងារធ្វើមានចំនួន ៥០% តម្រូវការសម្រាប់ការរស់រានផ្ទាល់ខ្លួនជារឿយៗលុបលើការអង្វរកររបស់អ្នកជំនាញផ្នែកសុខភាពសាធារណៈ។
ខណៈពេលដែលការធ្វើតេស្តរកជំងឺកូវីដ១៩ នៅមានកម្រិតនៅឡើយ ជំងឺនេះបានចម្លងដល់មនុស្សជាង ១០៥.៧០០ នាក់ និងបានសម្លាប់មនុស្ស ៩៧៦ នាក់។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល។
ការកើនឡើងនៃករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះកាលពីឆ្នាំមុនបានបង្កឲ្យមានការភ័យខ្លាចអំពីការដួលរលំប្រព័ន្ធសុខាភិបាល។ អាជ្ញាធរបានរៀបចំគ្លីនិកទុកមួយឡែកសម្រាប់ព្យាបាលតែអ្នកជំងឺកូវីដ១៩។ ប៉ុន្តែករណីនេះត្រូវបានផ្លាស់ប្ដូរ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅលើតំបន់ Gaza។
គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យអឺរ៉ុប (European Hospital) នៅក្នុងក្រុង Khan Younis ត្រូវការបន្ទប់ជាបន្ទាន់សម្រាប់ព្យាបាលអ្នករងរបួសដោយសារការទម្លាក់គ្រាប់បែកនិងអំពើហិង្សាផ្សេងៗ។
មន្ទីរពេទ្យនេះបានផ្ទេរអ្នកជំងឺកូវីដ១៩ រាប់សិបនាក់នៅពេលពាក់កណ្ដាលយប់ទៅកាន់អាគារផ្សេង។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យលោក Yousef al-Akkad។
គ្រូពេទ្យវះកាត់និងគ្រូពេទ្យជំនាញនានានៃមន្ទីរពេទ្យនេះ ដែលត្រូវបានបញ្ជូនទៅកន្លែងផ្សេងដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ បានរូតរះត្រឡប់មកវិញដើម្បីព្យាបាលអ្នករងរបួសក្បាល បាក់ឆ្អឹង និងរងរបួសពោះ។
លោក Akkad បាននិយាយថា ប្រសិនបើជម្លោះនេះនៅបន្តកើនឡើងកាន់តែខ្លាំង មន្ទីរពេទ្យនេះនឹងគ្មានសមត្ថភាពនៅក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ទៀតទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ