យ៉ាងតិចអ្នកដំណើរ៣នាក់បានស្លាប់ និងជាង២០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃពុធ ទី១១ ខែសីហា។ នេះយោងតាមតាមរបាយការណ៍របស់នគរបាល និងមន្រ្តីនគរបាលមូលដ្ឋាន។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តដឹកកម្មករ និងរថយន្តដឹកឥដ្ឋ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមអំពីសុវត្ថិភាពរបស់កម្មករពេលធ្វើដំណើរតាមរថយន្តមកធ្វើការ និងត្រឡប់ទៅផ្ទះវិញ។
បើតាមរបាយការណ៍ដែលបង្ហោះនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចលើផ្លូវជាតិលេខ៤១ ក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានស្រី២នាក់ និងប្រុស១នាក់ និង២៥នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។
លោក យ័ន្ត សន មេប៉ុស្តិ៍នគរបាលត្រពាំងគង ដែលជាទីកន្លែងគ្រោះថ្នាក់ចរាចរណ៍ បានប្រាប់VOAនៅថ្ងៃព្រហស្បតិ៍នេះថាសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។ ប៉ុន្តែលោកថាអ្នកបើករថយន្តដឹកឥដ្ឋបានបើករេនៅពេលនោះ។
លោកបានថ្លែងថា៖ «មិនដឹងជាយ៉ាងម៉េច បែបគាត់[អ្នកបើករថយន្តដឹកឥដ្ឋ]រេ ឬគាត់ងក់ ឬក៏គាត់វ៉ា[ជែងឡាន]គេ [ហើយ]ឡើងមកគំនូស[ផ្នែក]ខាងរថយន្តម្ខាងទៀត ក៏បុកគេហ្នឹង។ ប៉ុន្តែចំណុចទាំងអស់ហ្នឹងមិនដឹងជាគាត់វ៉ា[ឬយ៉ាងណា] ព្រោះយើងសាកសួរប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអត់បានចាប់អារម្មណ៍មើលដែរ ព្រោះឡានច្រើនពេកអញ្ចឹង»។
លោកប៉ាវស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានប្រាប់ VOA ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករស្នើទៅរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរកម្ពុជាផ្តល់ជាមធ្យោបាយដឹកជញ្ជូនកម្មករ ប្រកបដោយសុវត្ថិភាព។ លោកជំរុញឲ្យពិចារណាប្រើប្រាស់រថយន្តក្រុង ដែលលោកថាមានសុវត្ថិភាពសម្រាប់កម្មករ ដោយសារមានកន្លែងអង្គុយស្រួលបួល មិនចាំបាច់ឈរប្រជ្រៀតគ្នា ហើយមិនបង្កជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍ដែលបង្ហោះនៅលើហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងថារយៈពេល៦ខែក្នុងឆ្នាំ២០២១ គ្រោះថ្នាក់រថយន្តដឹកកម្មករបានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវដែលបណ្ដាលឲ្យកម្មកររបួសប្រមាណ២៨០នាក់៕