ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន​ទាំង​៧​ G 7​ បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន

មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅថា G-7 ជួបពិភាក្សាគ្នា ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Voloydymyr Zelenskyy ចូលរួមតាមវីដេអូ នៅក្នុងកិច្ចប្រជុំកំពូល G-7 ប្រចាំឆ្នាំ នៅប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ដែល​ខ្លួន​និង​ ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន​G 7​ផ្សេង​ទៀត​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ​រួមទាំង​វិធានការ​កាត់​រុស្ស៊ី​ពី​ការ​ផ្គត់ផ្គង់​សម្ភារៈ​ សេវាកម្ម​នានា​ដែល​រុស្ស៊ី​ត្រូវ​ការចាំ​បាច់​លើ​វិស័យ​បច្ចេក​វិទ្យា​និង​ឧស្សាហ​កម្ម។​

សេតវិមាន​បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់​៧,៥​ពាន់​លាន​ដុល្លារ​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន ​G-7​ ដើម្បី​ជួយ​ដល់​ការ​ចំណាយ​ថវិកា​រយៈ​ពេល​ខ្លី​ដែល​អ៊ុយក្រែន​ត្រូវ​ការ​ចាំបាច់​ ហើយ​រដ្ឋាភិបាល​នានា​នៃ​ប្រទេស​G-7​ នឹង​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​សន្តិសុខ​រយៈ​ពេល​វែង​ដែល​មិន​ធ្លាប់​មាន ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ តាម​រយៈ​ការ​គាំទ្រ​ផ្នែក​

​ហិរញ្ញ​វត្ថុ ​មនុស្សធម៌​ យោធា ​និង ​ការ​ទូត​ដរាប​ណា​មាន​តម្រូវ​ការ។​

ការ​ប្រកាស​បែប​នេះ​កើត​ឡើង​នៅ​ចំពេល​ដែល​មេ​ដឹកនាំ​ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន​ G-7​ បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ជា​ទីកន្លែង​ដែល​ក្រុម​មេដឹក​នាំ​ទាំង​នោះ​បាន​រង់ចាំ​សេចក្តី​ថ្លែង​ការណ៍​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy។​

ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ជាក់លាក់​របស់​សហ​រដ្ឋ​អាមេរិក​គឺ​រួមទាំង​ការ​រារាំង​ក្រុមហ៊ុន​សារជីវ​កម្ម​យោធា​របស់​រដ្ឋ​រុស្ស៊ី​ និង ​អង្គការ​ស្រាវជ្រាវ​ផ្នែក​កងទ័ព​ ដោយ​កាត់​បន្ថយ​សមត្ថភាព​រុស្ស៊ី​ក្នុង​ការ​ផលិត​ឡើង​វិញ​គ្រឿង​សព្វាវុធ​ដែល​រុស្ស៊ី​បាត់បង់​ក្នុង​សង្គ្រាម ​ហើយ​ហាម​ការ​នាំ​មាស​ពី​រុស្ស៊ី​ចូល​មក​សហ​រដ្ឋ​អាមេរិក។​

រុស្ស៊ី​ប្រឈម​នឹង​ការ​ខកខាន​សង​បំណុល​គឺ​ដោយ​សារការ​ដាក់​ទណ្ឌកម្ម​លើ​សកម្មភាព​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ឆ្លើយ​តប​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​ផ្តើម​កាលពី​ចុង​ខែ​កុម្ភ:៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង​ Reuters)