ក្រុម​ប្រទេស G-7 ព្រមាន​​រុស្ស៊ី​ចំពោះ​ការ​បង្កើន​កម្លាំង​យោធា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ទាំង៧​ឬ G-7 ថតរូបជុំគ្នាក្នុងថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G-7 នៅទីក្រុង Liverpool ប្រទេសអង់គ្លេស ថ្ងៃទី12 ខែធ្នូ ឆ្នាំ2021។ (AFP)

ក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ទាំង៧​ឬ G-7 កាលពី​ថ្ងៃ​អាទិត្យ​បាន​ព្រមាន​ប្រទេស​រុស្ស៊ី​ឲ្យ​កាត់​បន្ថយការ​ដាក់​ពង្រាយ​កម្លាំង​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែនជាមួយ​ប្រទេស​អ៊ុយក្រែន បើ​ពុំ​ដូច្នេះ​ទេ ប្រឈម​នឹង​អ្វី​ដែលខ្លួន​ចាត់ទុក​ថាជា​ «ផលវិបាក» ខាង​សេដ្ឋកិច្ច​ដ៏​ធំ។

រដ្ឋមន្ត្រី​ការបរទេស G-7 នៅ​ក្នុង​ជំនួបមួយ​នៅ​ក្នុង​ទីក្រុង Liverpool នៃ​ប្រទេស​អង់គ្លេស រួម​ជាមួយ​ប្រធាន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា ពួកគេ បាន​«រួបរួម​គ្នា»នៅ​ក្នុង​ការ​ថ្កោលទោស​ការស្ថាបនា​យោធា​និង​វោហាសាស្ត្រ​ដ៏​គគ្លើន​ចំពោះ​អ៊ុយក្រែន។

ក្រុម​អ្នក​ការទូត​ដែល​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ចក្រភព​អង់គ្លេស អ៊ីតាលី​និង​ជប៉ុន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ«កាត់បន្ថយ»ការ​តានតឹង ស្វះស្វែង​រកមធ្យោបាយ​ការទូត ហើយ​គោរព​តាម​ការ​តាំងចិត្ត​អន្តរជាតិ​របស់​ខ្លួន​ស្តីពី​តម្លាភាព​នៃ​សកម្មភាព​យោធា។

ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិកជឿ​ថា រុស្ស៊ីបាន​ពង្រាយកងទ័ ព​៧ម៉ឺន​នាក់​ ឬ​ក៏ច្រើន​ជាង​នោះ នៅតាម​ព្រំដែន​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ហើយ​អាច​ធ្វើ​ការវាយ​ប្រហារ​លើ​អតីត​រដ្ឋ​រណបពីសហភាព​សូវៀត​របស់​ខ្លួន​មួយ​នេះ​នៅ​ដើម​ឆ្នាំ២០២២ ថ្វីបើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវ​បាន​គេ​ជឿជាក់​ថា មិន​បាន​ធ្វើ​ការសម្រេចថា​នឹងឈ្លានពាន​ក៏ដោយ។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បដិសេធមិន​ឆ្លើយតប​ខាង​យោធាចំពោះ​ការឈ្លាន​ពាន​ណា​មួយ​របស់​រុស្ស៊ី​ដល់អ៊ុយក្រែន ដែល​នយោបាយ​នេះ​ដូចនឹងអតីត​ប្រធានាធិបតី​លោក Barack Obama ដែល​មាន​លោក Biden ជា​អនុ​ប្រធានាធិបតី​នៅ​ពេល​នោះ ដោយ​សម្រេច​មិន​បាន​ឆ្លើយ​តប​ខាង​យោធានៅពេល​រុស្ស៊ី បាន​វាយកាន់កាប់​ឧបទ្វីប Crimea របស់​អ៊ុយក្រែន​នៅ​ក្នុង​ឆ្នាំ២០១៤៕