ក្រុម​ប្រទេស G-7 សន្យា​បន្ត​គាំទ្រ​អ៊ុយក្រែន «មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ»

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy (ឆ្វេង) និង​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz (ស្តាំ​លើ​អេក្រង់) ចូលរួម​សន្និសីទ​តាមអនឡាញ​របស់​​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 និង​អ៊ុយក្រែន​នៅ​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 បាន​ជួប​ប្រជុំ​តាម​អនឡាញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដោយ​បាន​សន្យា​ថា «នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ» បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​បន្ត​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​ខ្លួន​លើ​ទីក្រុង​នានា​របស់​ប្រទេស​អ៊ុយក្រែន​មក។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 ដែល​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី កាណាដា និង​ជប៉ុន​ជា​សមាជិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​តាម​អនឡាញ​នោះ​ថា ពួកគេ​បាន​ធានា​ចំពោះ​លោក Zelenskyy ថា ពួកគេ «មិន​ខ្លបខ្លាច​និង​មិន​ងាករេ​នៅ​ក្នុង​ការ​តាំងចិត្ត​ដើម្បី​ផ្ដល់​ការ​គាំទ្រ​តាម​តម្រូវការ​របស់​ប្រទេស​អ៊ុយក្រែន ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​នេះ»។

បណ្ដា​មេដឹកនាំ​ទាំង​នេះ​បាន​បន្ត​ថា «ការ​វាយ​ប្រហារ​ដោយ​មិន​រើស​មុខ» របស់​រដ្ឋាភិបាល​រុស្ស៊ី «លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម»។

ពួកគេ​បាន​បន្ថែម​ថា៖ «យើង​នឹង​ធ្វើ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក [Vladimir] Putin និង​អ្នក​ដែល​ប្រព្រឹត្ត​រឿង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ទាក់ទិន​នឹង​ការ​គំរាមកំហែង​ជា​បន្ត​របស់​លោក Putin នៅ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រុម​ប្រទេស G-7 បាន​អះអាង​ជា​ថ្មី​ថា ខ្លួន​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​មាន «ផល​វិបាក​ធ្ងន់ធ្ងរ» ប្រសិនបើ​លោក Putin ប្រើ​អាវុធ​ប្រល័យ​លោក​នេះ។

អ្នក​សម្របសម្រួល​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​ថា​លោក Putin បាន​សម្រេច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ និង​បាន​គូស​បញ្ជាក់​ថា​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​រឿង​នុយក្លេអ៊ែរ​គឺ​មិន​ប្រែប្រួល​នោះ​ឡើយ។

លោក Kirby បាន​លើកឡើង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​គ្មាន​ចំណាប់​អារម្មណ៍​ទាល់តែ​សោះ​នៅ​ក្នុង​ការ​ឃើញ​សង្គ្រាម [នៅ​អ៊ុយក្រែន] នេះ​រីក​រាលដាល​ទៅ​ដល់​ការ​ប្រើ​អាវុធ​ប្រល័យ​លោក​នោះ»៕