សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងការផ្ដល់ប្រព័ន្ធការពារទំនើបដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើរដ្ឋធានីកៀវនិងទីក្រុងនានារបស់អ៊ុយក្រែនមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Biden បាននិយាយជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និង «បានសន្យាបន្តផ្ដល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលត្រូវការចាំបាច់ដើម្បីការពារខ្លួន ដែលក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសទំនើបផងដែរ»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមធ្វើការវាយប្រហារ «ខ្លាំងក្លា» បន្ថែមទៀតលើប្រទេសអ៊ុយក្រែន បន្ទាប់ពីខ្លួនបានវាយប្រហារដោយមីស៊ីលលើប្រទេសនេះកាលពីថ្ងៃចន្ទដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ១១ នាក់ស្លាប់ ដែលនេះជាអ្វីដែលរុស្ស៊ីអះអាងថាជាការសងសឹកចំពោះការបំផ្ទុះកាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យខូចខាតដល់ស្ពានសំខាន់មួយខ្សែដែលភ្ជាប់ប្រទេសរុស្ស៊ីទៅនឹងដែនដី Crimea ដែលរុស្ស៊ីបានភ្ជាប់យកកាលពីឆ្នាំ ២០១៤។
បន្ទាប់ពីបាននិយាយជាមួយនឹងលោក Biden មក លោក Zelenskyy បានសរសេរនៅលើ Twitter ថា៖ «ការការពារដែនអាកាសឥឡូវនេះគឺជាអាទិភាពទីមួយនៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងផ្នែកការពារ»។
នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃចន្ទនោះ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលជាង ៨០ គ្រាប់លើរដ្ឋធានីកៀវនិងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន និងថារុស្ស៊ីក៏បានប្រើយន្តហោះដ្រូនរបស់អ៊ីរ៉ង់ដែលបង្ហោះចេញពីប្រទេសបេឡារុសដែលនៅជិតខាងអ៊ុយក្រែនផងដែរ៕