ប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលដ៏ប្រល័យលើរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ដែលនេះជាផ្នែកមួយនៃអ្វីដែលយោធាអ៊ុយក្រែនបានអះអាងថាជាការវាយប្រហារដោយមីស៊ីលចំនួន ៧៥ គ្រាប់របស់រុស្ស៊ីលើអ៊ុយក្រែន។
ប៉ូលិសរដ្ឋធានីកៀវបាននិយាយថា ការវាយប្រហារភាគច្រើនបានត្រូវចំកណ្តាលទីក្រុងដោយបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់និងធ្វើឱ្យមនុស្ស ១២ នាក់រងរបួស។ ការវាយប្រហារដោយមីស៊ីលទាំងនេះបានត្រូវចំតំបន់ដ៏មមាញឹកនានា ដែលក្នុងនោះរួមមានទាំងឧទ្យាននិងកន្លែងទេសចរណ៍ផ្សេងៗផងដែរ។
ការផ្ទុះមួយចំនួនក៏ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងតំបន់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែនផងដែរដូចជានៅទីក្រុង Lviv នៅភាគខាងលិច ទីក្រុង Dnipro នៅភាគកណ្តាល និងទីក្រុង Kharkiv នៅភាគខាងកើតជាដើម។ យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីចំនួន ៤១ គ្រាប់។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានដៅការវាយប្រហាររបស់ខ្លួនលើតំបន់ស៊ីវិលនានានិងលើប្រព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដើម្បីធ្វើឱ្យមាន «ភាពស្លន់ស្លោនិងភាពជ្រួលច្របល់» កើតឡើង និងដើម្បីបំផ្លាញប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោកបានបញ្ជាក់បន្ថែមថា លោកនឹងថ្លែងសុន្ទរកថាទៅកាន់ជំនួបជាបន្ទាន់មួយរបស់ក្រុមប្រទេស G-7 និងថា លោកបានពិភាក្សាអំពីស្ថានការណ៍នេះជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា ជំនួបបន្ទាន់នេះនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែក។
លោក Zelenskyy បានសរសេរនៅលើ Twitter បន្ទាប់ពីលោកបានពិភាក្សាជាមួយនឹងលោក Macron ថា៖ «យើងបានពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសរបស់យើង អំពីភាពចាំបាច់នៅក្នុងការឆ្លើយតបដ៏តឹងតែងពីទ្វីបអឺរ៉ុបនិងអន្តរជាតិ និងអំពីការបង្កើនការដាក់សម្ពាធលើប្រទេសរុស្ស៊ី»។
ខុទ្ទកាល័យរបស់លោក Macron បានបញ្ជាក់ថា លោក Macron បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់បារាំងដើម្បីបង្កើនការគាំទ្រដល់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងជំនួយយោធាផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់នៅក្នុងការប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខរបស់លោកថា ការវាយប្រហារទាំងនេះសំដៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល យោធា និងសារគមនាគមន៍របស់ប្រទេសអ៊ុយក្រែន និងថាការវាយប្រហារទាំងនេះគឺជាការឆ្លើយតបចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍លើស្ពានដែលភ្ជាប់ប្រទេសរុស្ស៊ីទៅដែនដី Crimea៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។