ក្រុម​ប្រទេស G-7 ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស

ក្រុម​ប្រទេស G-7 ​បាន​ប្រឆាំង​ខ្លាំងក្លា​លើ​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​រវាង​ក្រុម​យោធា​ពីរ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​ដោយ​ជំរុញ​ភាគី​ទាំង​អស់​ឱ្យ «បញ្ចប់​អរិភាព​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន»។

នៅ​ថ្ងៃ​អង្គារ​នេះ ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នៅ​ក្នុង​ក្រុង Karuizawa ប្រទេស​ជប៉ុន​មក។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G-7 ​បាន​លើកឡើង​ថា៖ «យើង​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់​និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) ដែល​ប៉ះពាល់​ដល់​សន្តិសុខ​និង​សុវត្ថិភាព​របស់​ជន​ស៊ីវិល​ស៊ូដង់​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ស្ដារ​ការ​ផ្លាស់ប្ដូរ​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​ស៊ូដង់»។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​បន្ថែម​ថា៖ «យើង​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំង​អស់​ឱ្យ​លះបង់​ចោល​នូវ​អំពើ​ហិង្សា ត្រឡប់​មក​រក​ការ​ចរចា និង​ចាត់​វិធានការ​សកម្ម​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​និង​ធានា​សុវត្ថិភាព​ជូន​ជន​ស៊ីវិល​ទាំង​អស់ រួម​ទាំង​បុគ្គលិក​ការទូត​និង​បុគ្គលិក​មនុស្សធម៌​ផង​ដែរ»។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា ​រថយន្ត​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដែល​មាន​បំពាក់​ការ​ការពារ​គ្រាប់​ត្រូវ​បាន​កង​កម្លាំង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យុទ្ធជន​ក្រុម RSF សំដៅ​វាយ​ប្រហារ​ក្នុង​អំឡុង​ពេល​នៃ​ការ​កើនឡើង​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​ខាទុំ ប្រទេស​ស៊ូដង់។ កាលពី​ថ្ងៃ​ចន្ទ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា បេសកជន​របស់​ខ្លួន​ប្រចាំ​ប្រទេស​ស៊ូដង់​បាន​រង​ការ​វាយ​ប្រហារ​នៅ​គេហដ្ឋាន​របស់​ខ្លួន។

នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​លោក​នាយ​ឧត្តមសេនីយ៍ Abdel Fattah al Burhan ដែល​ជា​មេបញ្ជាការ​កងទ័ព​ស៊ូដង់ និង​លោក​នាយ​ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែល​គេ​ស្គាល់​ថា Hemedti ដែល​ជា​មេបញ្ជាការ​កង​កម្លាំង RSF ដោយ​បាន​ជំរុញ​ពួកគេ​ឱ្យ​យល់ព្រម​ឈប់​ប្រយុទ្ធ​គ្នា​រយៈពេល ២៤ ម៉ោង ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ស៊ូដង់​អាច​ជួបជុំ​ដោយ​សុវត្ថិភាព​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឡើង​វិញ និង​ទទួល​បាន​នូវ​ជំនួយ​ផ្គត់ផ្គង់​ដែល​ត្រូវការ​ជា​ចាំបាច់​បំផុត។

លោក Blinken បាន​និយាយ​ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​លោក Burhan និង​លោក Hemedti ថា «ការ​វាយ​ប្រហារ ការ​គំរាមកំហែង ឬ​ក៏​គ្រោះថ្នាក់​ណា​មួយ​ដែល​បង្ក​ឡើង​ចំពោះ​មន្ត្រី​ការទូត​របស់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ដាច់ខាត»។

សេតវិមាន​បាន​បញ្ជាក់​ថា​មិន​ទាន់​មាន​ផែនការ​នៅ​ក្នុង​ការ​ជម្លៀស​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នៅ​ប្រទេស​ស៊ូដង់​នៅ​ឡើយ​ទេ៕