បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃ នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យម្សិលមិញមក ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 បានបញ្ជាក់ថា «ស្ថានការណ៍ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដែលកាន់តែតានតឹងឡើង» កំពុងធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចសាកលលោកជួបហានិភ័យ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំង ២០ រូប បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការ «បង្កើនការពិភាក្សា និងបង្កើនវិធានការនានាដើម្បីបន្ធូរបន្ថយហានិភ័យ និងបង្កើនទំនុកចិត្ត»។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុដែលតំណាងឲ្យបណ្ដាប្រទេសឧស្សាហកម្មដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងនេះ បានពណ៌នាទិដ្ឋភាពនៃការរីកចម្រើនសេដ្ឋកិច្ចទាំងមូលនៅលើពិភពលោកថាមានលក្ខណៈ «រឹងមាំ» ប៉ុន្តែបានបញ្ជាក់ការព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថាការកើនឡើងនៃហានិភ័យនៅក្នុង «រយៈពេលខ្លី និងរយៈពេលមធ្យម»។
ពួកគេមិនបានលើកឡើងពីសហរដ្ឋអាមេរិកឲ្យចំឈ្មោះនោះទេនៅក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ។ ប៉ុន្តែ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុខ្លះនៃក្រុមប្រទេស G-20 ទាំងនោះ សម្ដែងការមិនពេញចិត្តចំពោះវោហារសាស្ត្រពាណិជ្ជកម្មតឹងតែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងការណ៍ដែលលោកបង្កើនការយកពន្ធគយលើទំនិញចិន និងទំនិញអឺរ៉ុប។
ប្រធានផ្នែកហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបលោក Pierre Moscovici បានជំរុញឲ្យសហរដ្ឋអាមេរិកធ្វើឲ្យដូចជាសម្ព័ន្ធមិត្ត កុំឲ្យដូចសត្រូវ។ រីឯរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire វិញ បានចោទប្រកាន់លោក Trump ថាបានបង្កើតឲ្យមាននូវផ្នត់គំនិតនៃពាណិជ្ជកម្ម «រស់តែឯង» និងបានស្នើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន «បន្ធូរបន្ថយភាពតានតឹង»៕