ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Putin មាន​ជំនួប​២ដង​ក្នុង​កិច្ច​ប្រជុំ G20


លោក​ប្រធានាធិបតី​អាមេរិក Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Hamburg។
លោក​ប្រធានាធិបតី​អាមេរិក Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Hamburg។

ពួក​មន្ត្រី​សេតវិមាន​បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ជួប​គ្នា​ជា​លើកទី​ពីរ​ដែល​មិន​បាន​ត្រូវ​លាត​ត្រដាង​ឱ្យ​ដឹង​ពី​ពេល​មុន​នៅ​ក្នុង​សន្និសីទ​កំពូល G20 កាលពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​ក្នុង​ប្រទេស​អាល្លឺម៉ង់។​

ប្រធានាធិបតី​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​ទល់​មុខ​គ្នា​ជា​លើក​ទី​មួយ​នៅ​ក្នុង​ក្រុង Hamburg កាលពី​ថ្ងៃ​ទី​៧ខែកក្កដា​ដោយ​បាន​ធ្វើការ​ចរចា​គ្នា​ចំនួន​ជាង​ពីរ​ម៉ោង​ហើយ​ដែល​បាន​ត្រូវ​រាយការណ៍​យ៉ាង​ច្រើន​កាលពី​ពេល​នោះ។​

ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​មានការ​លេច​ឮ​ដំណឹង​ថា​ លោក Trump និង​លោក Putin បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​លើកទី​ពីរ​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​នៅ​យប់​នោះ​សម្រាប់​ពួក​ប្រមុខ​រដ្ឋ​មក​ពី​ក្រុម​ប្រទេស G20 និង​ភរិយា​អស់​លោក។​

លោក Trump បានសរសេរ​តាម​ Twitter ជា​បន្ទាន់​ដោយ​ច្រាន​ចោល​របាយការណ៍​នៃ​បណ្តាញផ្សាយ​ព័ត៌មានទាំង​នោះដោយគាត់​បាន​ចែង​ថា​«ព័ត៌មាន​ក្លែង​ក្លាយ​អំពី​ការ​មាន​អាហារ​ពេល​យប់​សម្ងាត់​ជាមួយ​លោក Putin ជា​ការ​នាំ​ឱ្យ​ចង់​ក្អួត»។

បើ​តាម​លោក Ian Bremmer ប្រធាន​នៃក្រុម​ពិគ្រោះយោបល់​ខាង​ការ​ប្រថុយប្រថាន​នយោបាយ Eurasia Group ថា​គ្មាន​ដំណឹង​ជា​បន្ទាន់​អំពី​អ្វីដែល​បាន​ត្រូវ​លើក​យកមក​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​នោះដែល​មាន​រយៈពេល​ប្រមាណ​មួយ​ម៉ោង។

សេតវិមាន​មាន​ការ​រៀបរាប់​ប្លែក​ទាំង​ស្រុង​ពី​អ្វី​ដែល​បាន​កើត​មាន។ ពួក​មន្ត្រី​ដែល​មិន​អាច​ត្រូវ​បញ្ចេញ​ឈ្មោះ​បាន​ បាន​និយាយ​ថា​ «គ្មាន​ជំនួប​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី Trump និង​លោក​ប្រធានាធិបតី Putin ទេ គ្រាន់​តែ​មាន​ការ​និយាយ​គ្នា​ខ្លី​មួយ​នៅ​ពេល​បញ្ចប់ពិធី​ជប់លៀង​មួយ»។

សេតវិមាន​បាន​ប្រកាស​កាល​ពី​យប់ថ្ងៃ​អង្គារថា​ លោក Trump បាន​សម្រេច​តែងតាំង​លោក Jon Huntsman អតីត​អភិបាល​រដ្ឋ Utah និង​ឯកអគ្គរដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​ប្រទេស​ចិន​ឱ្យ​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​ក្រុង​មូស្គូ៕

XS
SM
MD
LG