លោក Victor Guevara ដឹងថា មនុស្សដែលមានអាយុប្រហែលនឹងលោក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចស្រេចហើយ នៅក្នុងប្រទេសជាច្រើន។ សាច់ញាតិរបស់លោកផ្ទាល់នៅក្នុងក្រុង Houston រដ្ឋតេចសាស សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងនេះរួចហើយ។
ប៉ុន្តែដូចជាជនច្រើននាក់ទៀតក្នុងប្រទេសហុងឌូរ៉ាស (Honduras) ដែរ មេធាវីសញ្ជាតិហុងឌូរ៉ាស អាយុ ៧២ ឆ្នាំរូបនេះ នៅរង់ចាំវេនចាក់វ៉ាក់សាំងនៅឡើយ។ លោកកាន់តែឆ្ងល់ខ្លាំងឡើងៗថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនចាត់វិធានការជួយប្រទេសរបស់លោកថែមទៀត ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមមានវ៉ាក់សាំងលើសពីតម្រូវការ និងនៅពេលដែលសហរដ្ឋអាមេរិក កំពុងស្តុកទុកវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នៅកន្លែងឯទៀតៗក្នុងពិភពលោក ដូចជាវ៉ាក់សាំង AstraZeneca ជាដើម ដែលត្រូវការនៅប្រទេសផ្សេងទៀត។
លោក Guevara បានរៀបរាប់អំពីស្ថានភាពនៅក្នុងប្រទេសលោក ក្នុងតំបន់កណ្តាលនៃទ្វីបអាមេរិកថា៖ «យើងរស់នៅក្នុងស្ថានភាពគ្មានការការពារគ្រប់កម្រិតទាំងអស់»។
ប្រទេសហុងឌូរ៉ាសបានទទទួលវ៉ាក់សាំងចំនួនតែ ៥ម៉ឺន ៩ពាន់ដូសប៉ុណ្ណោះ សម្រាប់ប្រជាជនសរុបចំនួន ១០ លាននាក់របស់ប្រទេសនេះ។ គេបានឃើញគម្លាតនៃការមានវ៉ាក់សាំងស្រដៀងគ្នានេះដែរ នៅទូទាំងទ្វីបអាហ្វ្រិក ដែលនៅទីនោះមានវ៉ាក់សាំងតែ ៣៦ លានដូស សម្រាប់ប្រជាជនប្រមាណ ១៣០០លាននាក់ ក្នុងទ្វីបនេះ។ ហើយតំបន់ខ្លះនៃទ្វីបអាស៊ី ក៏ប្រឈមនឹងការខ្វះវ៉ាក់សាំងនេះដែរ។
ដោយឡែកនៅសហរដ្ឋអាមេរិក មនុស្សជាង ២៥ ភាគរយគឺជិត ៩០ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ ហើយមានវ៉ាក់សាំងច្រើនរហូតដល់រដ្ឋខ្លះបានសុំឱ្យផ្អាកការបញ្ជូនវ៉ាក់សាំងទៅឱ្យពួកគេ តាមការគ្រោងទុករបស់រដ្ឋាភិបាលសហព័ន្ធ។
គម្លាតនៃវ៉ាក់សាំងបាននាំឱ្យមានការអំពាវនាវកាន់តែច្រើនឡើងនៅទូទាំងពិភពលោក ឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងទៅឱ្យបណ្តាប្រទេសក្រីក្រ។ ការណ៍នេះបង្កើតឱ្យមានការសាកល្បងជាលើកដំបូងមួយសម្រាប់លោកប្រធានាធិបតី Joe Biden ដែលបានសន្យាថា នឹងធ្វើឱ្យសហរដ្ឋអាមេរិកបង្ហាញភាពដឹកនាំរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ ហើយបង្ហាញប្រទេសដទៃថា សហរដ្ឋអាមេរិកគឺជាដៃគូមួយដែលអាចពឹងពាក់បាន បន្ទាប់ពី ៤ឆ្នាំនៃការថមថយឥទ្ធិពលរបស់អាមេរិកនៅក្រោមរដ្ឋបាលលោក Trump។
លោក J. Stephen Morrison ជាអនុប្រធានជាន់ខ្ពស់និងជានាយកនៃមជ្ឈមណ្ឌលគោលនយោបាយសុខភាពសាកលនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។លោកបាននិយាយថា នៅពេលសហរដ្ឋអាមេរិកមានវ៉ាក់សាំងគ្រប់គ្រាន់ សហរដ្ឋអាមេរិកអាមេរិកមានឱកាស «ចាត់ចែងឱ្យមានលទ្ធផលល្អប្រសើរក្នុងដំណាក់ការបន្ទាប់ ទៅតាមធនធានដែលយើងមាន»។
លោក Biden ដែលបានចូលកាន់តំណែងកាលពីខែមករា នៅពេលជំងឺកូវីដ១៩ រាលដាលខ្លាំងក្នុងសហរដ្ឋអាមេរិក បានឆ្លើយតបដោយប្រុងប្រយ័ត្នដល់ការអំពាវនាវសុំជំនួយពីបរទេស។
លោកប្រធានាធិបតីផ្តោតការយកចិត្តទុកដាក់លើកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងក្នុងសហរដ្ឋអាមេរិក។លោកបានរក្សាកិច្ចព្រមព្រៀងមួយរបស់រដ្ឋបាលលោក Trump ដែលតម្រូវឱ្យក្រុមហ៊ុនផលិតឱសថដែលបានទទួលជំនួយរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍន៍ ឬពង្រីកការផលិតវ៉ាក់សាំង ឱ្យលក់ដូសដំបូងៗ ផលិតក្នុងប្រទេសឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកក៏បានប្រើច្បាប់ស្តីពីអំណាចរបស់ប្រធានាធិបតីក្នុងគ្រាអាសន្ន ដើម្បីបង្កើនល្បឿននៃការផលិតដើម្បីធ្វើឱ្យប្រាកដថា មានការផ្គត់ផ្គង់ចាំបាច់សម្រាប់ការផលិតវ៉ាក់សាំង។ វិធានការនេះបានរាំងខ្ទប់ដល់ការនាំចេញនូវវត្ថុខ្លះសម្រាប់ផ្គត់ផ្គង់ក្រៅប្រទេស។
អ្នកជំនួយការសេតវិមាន បាននិយាយថា របៀបដោះស្រាយដោយប្រុងប្រយ័ត្នរបស់លោក Biden ក្នុងការសន្យាផ្គត់ផ្គង់និងផ្តល់វ៉ាក់សាំង បានបង្ហាញឱ្យឃើញថាមានសារៈសំខាន់ បន្ទាប់ពីមានបញ្ហាក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson និង «ការផ្អាក» ដើម្បីស៊ើបអង្កេតអំពីសុវត្ថិភាពនៃវ៉ាក់សាំង ទាក់ទងនឹងករណីកកឈាមមួយចំនួន បន្ទាប់ពីការចាក់វ៉ាក់សាំងនេះ។
ម៉្យាងទៀត មន្ត្រីរដ្ឋាភិបាលក៏បានថ្លែងថា សហរដ្ឋអាមេរិកត្រូវការរក្សាទុកវ៉ាក់សាំងបម្រុងនៅក្នុងប្រទេស សម្រាប់ចាក់ឱ្យក្រុមយុវជន និងកុមារវ័យក្មេង នៅពេលណាការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃវ៉ាក់សាំងលើក្រុមមនុស្សក្នុងអាយុទាំងនោះ ត្រូវធ្វើចប់សព្វគ្រប់។ បន្ថែមលើនេះ វ៉ាក់សាំងបម្រុងទុកនេះគឺសម្រាប់តម្រូវការចាក់វ៉ាក់សាំងនាពេលអនាគត។
សេតវិមានដឹងថា ប្រទេសឯទៀតក្នុងពិភពលោកកំពុងតាមដានមើលសហរដ្ឋអាមេរិក។ កាលពីខែមុន សហរដ្ឋអាមេរិកបានចែកវ៉ាក់សាំ ចំនួន ៤ លានដូស ដល់ប្រទេសកាណាដានិងប្រទេសម៉ិកស៊ិក ដែលនៅជិតខាង។ ហើយកាលពីសប្តាហ៍ទី ៣ នៃខែមេសា លោក Biden បានមានប្រសាសន៍ថា ប្រទេសនានាក្នុងតំបន់កណ្តាលនៃទ្វីបអាមេរិក អាចទទួលជំនួយនៃការចាក់វ៉ាក់សាំងពីសហរដ្ឋអាមេរិក ទោះជាមិនមានព័ត៌មានលម្អិតអំពីផែនការជាក់លាក់ណាមួយក៏ដោយ។
ការខ្វះខាតជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសដទៃទៀតក្នុងពិភពលោកបានបង្កើតឱកាសមួយសម្រាប់ប្រទេសចិន និងប្រទេសរុស្សី ដែលបានសន្យាថា នឹងផ្តល់វ៉ាក់សាំងរាប់លានដូសដែលផលិតក្នុងប្រទេសខ្លួន ទៅឱ្យប្រទេសឯទៀតៗ ទោះជាមានការពន្យារពេលនៃការផលិតដែលបានរារាំងដល់ការប្រគល់ការផ្គត់ផ្គង់ខ្លះក៏ដោយ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយក្នុងខែមេសាថា ប្រទេសចិនជំទាស់នឹង «គំនិតជាតិនិយមក្នុងការចាក់វ៉ាក់សាំង» ហើយថា វ៉ាក់សាំងគួរតែជាអំពើល្អមួយសម្រាប់សាធារណជនទូទាំងពិភពលោក។
លោកសាស្ត្រាចារ្យ Willem Hanekom នាយកវិទ្យាស្ថានស្រាវជ្រាវខាងសុខភាពប្រចាំទ្វីបអាហ្វ្រិក និងជាអ្នកវិទ្យាសាស្ត្រខាងការចាក់ថ្នាំវ៉ាក់សាំង បាននិយាយថា បណ្តាប្រទេសមានធនធានច្រើន មានការពាក់ព័ន្ធក្នុងកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង ឱ្យមានជោគជ័យនៅជុំវិញពិភពលោក។
លោក Hanekom បានថ្លែងថា៖ «ការពាក់ព័ន្ធនោះ គឺលើសពីកាតព្វកិច្ចខាងសីលធ៌មទៅទៀត។ បើការរាតត្បាតនៃជំងឺកូវីដ១៩ ជាសាកលមិនអាចគ្រប់គ្រងបានទេ នោះវាប៉ះពាល់ដល់ប្រទេសអ្នកមានវិញជាមិនខាន។ ប្រសិនបើវីរុសបម្លែងថ្មីលេចឡើងនៅតាមបណ្តាប្រទេសដែលខ្វះវ៉ាក់សាំង នោះការចាក់វ៉ាក់សាំងក៏នឹងលែងមានប្រសិទ្ធភាពដូចមុនដែរ»។
ក្រៅពីរងការរិះគន់ថាបានស្តុកវ៉ាក់សាំងទុក សហរដ្ឋអាមេរិកក៏រងការរិះគន់ថាកំពុងតែរារាំងមិនឱ្យប្រទេសឯទៀត ទទួលវ៉ាក់សាំងតាមវិធីផ្សេងៗទៀតផងដែរ ក្នុងនោះរួមទាំងការប្រើច្បាប់ដែលផ្តល់ឱ្យរដ្ឋាភិបាលសហព័ន្ធ នូវអំណាចដ៏ទូលំទូលាយដើម្បីបញ្ជាក្រុមហ៊ុនឯកជន ឱ្យបំពេញតម្រូវការខាងកិច្ចការពារប្រទសជាមុនសិន។
លោក Adar Poonawalla ជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាវិទ្យាសា្ថនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោក និងជាវិទ្យាស្ថានផ្តល់វ៉ាក់សាំងដល់កម្មវិធី COVAX គាំទ្រដោយអង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី ១៦ ខែមេសា លោកបានស្នើដល់លោក Biden តាមបណ្តាញសង្គម Twitter ឱ្យសហរដ្ឋអាមេរិកដកបទបញ្ជាដែលរាំងខ្ទប់ដល់ការដឹកជញ្ជូនវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតវ៉ាក់សាំងទៅកាន់បរទេស។
ប្រទេសឥណ្ឌាកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងយ៉ាងឆាប់រហ័សជាងគេក្នុងពិភពលោក។ រដ្ឋាភិបាលឥណ្ឌាបានបញ្ឈប់ការដឹកជញ្ជូនវ៉ាក់សាំងទៅក្រៅប្រទេសក្នុងរយៈបីបួនខែមកហើយ ដើម្បីបំពេញតម្រូវការក្នុងប្រទេសខ្លួន។ ការបញ្ឈប់នេះនាំឱ្យប្រទេសក្រីក្រឯទៀតកាន់តែពិបាកទទួលវ៉ាក់សាំង។
ខណៈការរង់ចាំវ៉ាក់សាំងនៅតែបន្តនៅក្នុងប្រទេសហុងឌូរ៉ាស ភាពអស់សង្ឃឹមក៏កើនខ្លាំងជាងមុនដែរ។
កាលពីខែមេសា ក្រុមហ៊ុនឯកជនមួយបានប្រកាសថា ខ្លួននឹងព្យាយាមទិញវ៉ាក់សាំង ១ លាន ៥ សែនដូស ដើម្បីជួយដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ប៉ុន្តែគេមិនដឹងថា តើក្រុមហ៊ុននេះនឹងទិញវ៉ាក់សាំងទាំងនេះដោយវិធីណាទេ។
កាលពីខែមីនា អាជ្ញាធរម៉ិកស៊ិក បានរឹបអូសយកវ៉ាក់សាំងរុស្សី ៥ ពាន់ ៧ រយដូស ដែលត្រូវបានរកឃើញនៅក្នុងយន្តហោះឯកជនមួយគ្រឿង ដែលហោះហើរទៅកាន់ប្រទេសហុងឌូរ៉ាស។ ម្ចាស់ក្រុមហ៊ុនដែលបានជួលយន្តហោះនោះ បាននិយាយថា លោកបានព្យាយាមទិញវ៉ាក់សាំងទាំងនេះសម្រាប់ចាក់ឱ្យបុគ្គលិករបស់លោក និងគ្រួសាររបស់ពួកគេ។ ក្រុមហ៊ុនចែកចាយវ៉ាក់សាំងរុស្សីបានថ្លែងថា វ៉ាក់សាំងទាំងនោះគឺជាវ៉ាក់សាំងក្លែងក្លាយ។
អ្នកស្រី Lilian Tilbeth Hermandez Banegas អាយុ ៤៦ ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ កាលពីចុងខែវិច្ឆិកា ហើយបានចូលព្យាបាលក្នុងមន្ទីរពេទ្យមួយក្នុងក្រុង Tegucigalpa អស់ពេល ១៣ ថ្ងៃ។ ក្នុងពេលប៉ុន្មានថ្ងៃដំបូង អ្នកស្រីពិបាកដកដង្ហើម ហើយគិតថា អ្នកស្រីនឹងស្លាប់។
ស្ត្រីជាម្តាយមានកូនបីនាក់រូបនេះ បារម្ភជាងមុនអំពីវីរុសជំងឺកូវីដ១៩ ហើយប្រុងប្រយ័ត្នជាងមុនដើម្បីបង្ការខ្លួននិងក្រុមគ្រួសារពីជំងឺនេះ។ ការរាតត្បាតនៃជំងឺនេះបានធ្វើឱ្យគ្រួសារអ្នកស្រី ជួបប្រទះនឹងបញ្ហាលុយកាក់។ ប្តីរបស់អ្នកស្រីជាអ្នកលក់ឡានចាស់ៗ។ លោកមិនបានលក់ឡានអស់ជាង ៤ ខែមកហើយ។
អ្នកស្រី Hermandez បាននិយាយថា៖ «ខ្ញុំចង់ចាក់វ៉ាក់សាំង។ ខ្ញុំចង់ឱ្យគ្រួសារខ្ញុំចាក់វ៉ាក់សាំង ពីព្រោះប្តីនិងកូនខ្ញុំ ចេញក្រៅផ្ទះទៅធ្វើការ តែខ្ញុំអន្ទះសារណាស់ ពីព្រោះមិនទាន់មានវ៉ាក់សាំង»។
លោក Marco Tulio Medina អ្នកសម្របសម្រួលកិច្ចការនៃគណៈកម្មាធិការជំងឺកូវីដ១៩ នៅសាកលវិទ្យាល័យស្វយ័តជាតិនៃប្រទេសហុងឌូរ៉ាស បាននិយាយថា មានការបន្ទោសច្រើនក្នុងប្រទេស ដោយលោកបានកត់សម្គាល់អំពីរបៀបដោះស្រាយធ្វេសប្រហែស និងការដណ្តើមគ្នាទិញវ៉ាក់សាំង។ ក៏ប៉ុន្តែលោកថា បណ្តាប្រទេសអ្នកមានអាចចាត់វិធានការច្រើនជាងនេះ។
លោក Medina បានពោលថា៖ «បណ្តាប្រទេសអ្នកមានខ្វះទឹកចិត្តមនុស្សធ៌ម។ ពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួន គិតតែពីខ្លួនឯង ហើយមិនគិតដល់ពិភពលោកទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ