បារាំង​ថា​មាន​ពល​រដ្ឋ​ខ្លួន​ម្នាក់​ក្នុង​ចំណោម​ Islamic State ក្នុង​វីដេអូ​កាត់​ក្បាល

រូប​លោក Abdul-Rahman Kassig ត្រូវ​បាន​បង្ហាញ​ដោយ​គ្រួសារ Kassig នៅ​ក្នុង​កន្លែង​មួយ​ក្បែរ​ព្រំដែន​ប្រទេស​​ស៊ីរី រវាង​​ចុង​ឆ្នាំ​២០១២ ​និង​​ឆ្នាំ​២០១៣ ដែល​លោក​កំពុង​ជួយ Special Emergency Response and Assistance (SERA) ជញ្ចូន​សម្ភារៈ​ផ្គត់​ផ្គង់​ដល់​ជន​ភៀស​ខ្លួន។

ប្រទេស​បារាំង​និយាយ​ថា​មាន​ពលរដ្ឋ​ខ្លួន​ម្នាក់​ស្ថិតនៅ​ក្នុង​ចំណោម​ក្រុមសកម្ម​ប្រយុទ្ធ​ ​Islamic State ​ដែល​ចេញ​មុខ​ក្នុង​វីដេអូ ​ប្រកាស​ពី​ការ​កាត់​ក្បាល​មន្ត្រីអង្គការ​មនុស្ស​ធម៌​ម្នាក់​របស់​អាមេរិក​គឺ​លោក​Abdul-Rahman ​Kassig​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ Bernard ​Cazeneuve ​បានបញ្ជាក់​ពី​អត្ត​សញ្ញាណ​បុរស​ជនជាតិ​បារាំង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​មាន​ឈ្មោះ​ Maxime Hauchard ​អាយុ​២២​ឆ្នាំ​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី​ជាង​១​ឆ្នាំ​ហើយ​ បន្ទាប់​ពី​ស្នាក់​នៅ​មួយ​រយៈ​ពេល​ក្នុង​តំបន់ ​Mauritania​។

ក្រុម​មន្ត្រី​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ជនជាតិ​បារាំង​ទី​២ ​ដែល​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ធ្វើសង្គ្រាម​សាសនា​ជីហាដ ​១៦​នាក់​ ក្នុង​វីដេអូ​ដែល​បង្ហាញ​ការ​កាត់​ក្បាល​លោក​ Kassig ​និង​កាត់​ក្បាល​ទាហាន​ស៊ីរី​យ៉ាង​តិច​១៨​នាក់​ផ្សេង​ទៀត​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អង់គ្លេស​ដែល​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឈ្មោះ​ Observatory for Human Rights ​ ថ្លែង​ថា​ក្រុម​ Islamic State​ បាន​ប្រហារ​ជីវិត​មនុស្ស​ជាង​១៤០០​នាក់ ក្នុង​ប្រទេស​ស៊ីរី​តាំង​ពី​ខែ​មិថុនា​មក​ក្នុង​ពេល​ក្រុម​នេះ​បាន​ចាប់​ផ្ដើម​បង្កើត​រដ្ឋ ​ហើយ​គ្រប់​គ្រង​ភាគ​ខ្លះ​នៃ​ទឹក​ដី​ស៊ីរី​និង​អ៊ីរ៉ាក់​៕