ក្រុមសកម្មប្រយុទ្ធ Islam State និយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយផ្សព្វផ្សាយតាមបណ្ដាញ Internet ថាពួកគេបានកាត់ក្បាលលោក Abdul-Rahman Kassig ដែលជាអ្នកធ្វើការផ្នែកផ្ដល់ជំនួយអាម៉េរិកាំង។
អ្នកស្រី Bernadette Meehan អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិស.រ.អ.បាននិយាយថាក្រុមអ្នកស៊ើបការសម្ងាត់បានកំពុងធ្វើការតាមដែលអាចធ្វើបានដើម្បីកំណត់អំពីភាពត្រឹមត្រូវនៃខ្សែវីដេអូនោះ។ នៅក្នុងខ្សែវីដេអូនោះជនសកម្មប្រយុទ្ធម្នាក់ឈរលើក្បាលរបស់សាកសពមួយដែលបានត្រូវកាត់ក្បាល។ សាកសពនោះត្រូវបានក្រុមសកម្មប្រយុទ្ធនិយាយថាជាក្បាលលោកKassig។ ទោះបីជាយ៉ាងណាក៏ដោយវីដេអូនេះមិនបានបង្ហាញឱ្យឃើញសកម្មភាពកាត់ក្បាលទេ។
ជនសកម្មប្រយុទ្ធដែលនិយាយភាសាអង់គ្លេសតាមសំនៀងអង់គ្លេសបានព្រមានថាពួកទាហានស.រ.អ.ក៏នឹងមានជោគវាសនាស្រដៀងគ្នានេះដែរ។
វីដេអូស្រដៀងគ្នានេះដែរក៏បានបង្ហាញពីកាត់ក្បាលបុរសយ៉ាងតិចណាស់១៨នាក់ដែលបានត្រូវគេស្គាល់ថាជាយោធារបស់ប្រទេសស៊ីរី។
អតីតទាហាន Ranger នៃកងទ័ពជើងគោកស.រ.អ.អាយុ២៦ឆ្នាំរូបនេះបានត្រូវចាប់ខ្លួន១៣ខែមកហើយនៅពេលលោកធ្វើការងារខាងមនុស្សធម៌នៅក្នុងប្រទេសស៊ីរីដែលខ្ទេចខ្ទាំដោយសារសង្គ្រាម។គ្រួសារលោកបាននិយាយថាលោកបានប្ដូរសាសនាទៅកាន់សាសនា Islam វិញនៅពេលលោកជាប់ឃុំឃាំងហើយបានប្ដូរឈ្មោះពី Peter។
អ្នកស្រី Paula Kassigបាននិយាយកាលពីពេលថ្មីៗនេះប្រាប់កម្មវិធី Today របស់បណ្ដាញទូរទស្សន៍ NBC ថាអ្នកស្រីនិងប្ដីអ្នកស្រីបានទទួលខ្សែអាត់ថតសំទ្បេងរបស់កូនប្រុសអ្នកស្រីកាលពីបីបួនសប្ដាហ៍មុននេះដែលនៅក្នុងនោះកូនអ្នកស្រីបាននិយាយថាលោកព្រួយបារម្ភថាពេលវេលារបស់លោកជិតអស់ហើយ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានមានប្រសាសន៍ថាលោកមានការរន្ធត់នៅពេលដែលលោកឃើញការសម្លាប់លោកKassig ដោយគ្មានមេត្តា៕