សិស្សនិស្សិតនានានៅក្នុងប្រទេសបារាំងបានតវ៉ាប្រឆាំងនឹងគម្រោងរបស់លោកប្រធានាធិបតី Emmanuel Macron ដែលចង់កែប្រែការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ និងចង់ជំនួសមុខវិជ្ជាទូទៅដែលសិស្សអាចជ្រើសរើសបាននាពេលបច្ចុប្បន្ននេះដូចជាមុខវិជ្ជាវិទ្យាសាស្ត្រ អក្សរសាស្ត្រ និងវិទ្យាសាស្ត្រសង្គមជាដើម ដោយមុខវិជ្ជាដែលតាក់តែងឡើងដើម្បីរៀបចំសិស្សសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងសម្រាប់ទីផ្សារការងារសម័យទំនើបនេះ។
សិស្សនិស្សិតបានតវ៉ាកន្លងមករួចមកហើយអំពីការកែទម្រង់នេះ និងការកែទម្រង់ផ្សេងទៀត ដែលពួកគេយល់ឃើញថាជាវិធានការមួយដើម្បីធានាឲ្យអ្នកមានទទួលបានការអប់រំល្អបំផុត។
នាង Anais និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសង្កាត់ Nanterre និយាយថា៖ «ការធ្វើឲ្យសាកលវិទ្យាល័យទៅជាលក្ខណៈឯកជនត្រូវតែបញ្ចប់។ ទ្វារសាកលវិទ្យាល័យគួរបើកទទួលសិស្សវិទ្យាល័យ ហើយរដ្ឋាភិបាលត្រូវវិនិយោគឲ្យបានច្រើនលើការអប់រំថ្នាក់ក្រោយឧត្ដមសិក្សា»។
ការតវ៉ានេះបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកពាក់អាវកាក់ពណ៌លឿងបានតវ៉ាហិង្សាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅក្នុងទីក្រុងប៉ារីស។ ការតវ៉ាដែលបានចាប់ផ្ដើមដំបូងដោយផ្ដោតលើការប្រឆាំងនឹងការដំឡើងពន្ធប្រេងសាំង បានក្លាយទៅជាចលនាសង្គមមួយប្រឆាំងនឹងប្រាក់បៀវត្សរ៍ទាប និងវិសមភាពសង្គម។
សិស្សនិស្សិតខ្លះថា ពួកគេមានគោលបំណងដូចក្រុមអ្នកតវ៉ាដែលពាក់អាវកាក់ពណ៌លឿងដែរ ដែលក្រុមនោះតំណាងឲ្យក្រុមផ្សេងៗជាច្រើន។
នាង Laura Pfister អនុប្រធានសហជីពនិស្សិត UNL និយាយថា៖ «ការទាមទាររបស់អ្នកតវ៉ាពាក់អាវកាក់ពណ៌លឿងគឺពាក់ព័ន្ធនឹងការតវ៉ានេះ។ យើងចង់បានអនាគតល្អមួយ ដែលមិនបែកបាក់ ដោយសារតែរដ្ឋាភិបាលបានធ្វើឲ្យសេវាសាធារណៈរង្គោះរង្គើ ឬក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រាក់សោធននិវត្តន៍ជាដើម»។
លោក Macron បានថ្លែងសុន្ទរកថាសុំអភ័យទោសតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃច័ន្ទកន្លងមកនេះថា៖ «ខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលខ្ញុំត្រូវទទួលខុសត្រូវ។ ដោយសារតែខ្ញុំមានរឿងអាទិភាពផ្សេងទៀតដែលត្រូវធ្វើ អ្នកអាចមើលមកខ្ញុំថាខ្ញុំជាមនុស្សមិនចេះខ្វាយខ្វល់អំពីរឿងទាំងនេះ»។
នៅក្នុងធ្វើសម្បទានជាមួយនឹងអ្នកតវ៉ា លោក Macron បានប្រកាសដំឡើងប្រាក់បៀវត្សរ៍អប្បបរមា និងកាត់បន្ថយពន្ធសម្រាប់អ្នកចូលនិវត្តន៍ ប៉ុន្តែបដិសេធមិនធ្វើឲ្យដូចដើមវិញនូវការយកពន្ធលើធនធាន ឬក៏លុបចោលនូវគម្រោងកំណែទម្រង់របស់លោក។
នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe និយាយថា៖ «ការប្ដេជ្ញារបស់លោកប្រធានាធិបតី Macron នៅពេលបោះឆ្នោតប្រធានាធិបតី គឺមិនដូចនឹងការប្ដេជ្ញារបស់អ្នកនោះទេ។ វាជាការពិត ដែលការប្ដេជ្ញាទាំងនោះត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋបារាំង។ ការប្ដេជ្ញាទាំងនោះនឹងត្រូវអនុវត្តដោយសំឡេងគាំទ្រភាគច្រើននេះ។ យើងត្រូវតែបន្តកែប្រែប្រទេសបារាំង»។
កុប្បកម្មរបស់ពួកពាក់អាវកាក់ពណ៌លឿងបានបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស មនុស្សជាង ១ ពាន់នាក់ត្រូវបានចាប់ខ្លួន និងបានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅកណ្ដាលទីក្រុងប៉ារីស។ ការបំផ្លាញរបស់របរសាធារណៈ និងការបាត់បង់ចំណូលពីទេសចរណ៍ ត្រូវគេរំពឹងថានឹងធ្វើឲ្យឱនភាពរបស់ប្រទេសបារាំងកើនឡើង។
ការស្ទង់មតិថ្មីមួយកាលពីថ្ងៃអង្គារបានបង្ហាញថា ប្រជាពលរដ្ឋបារាំងប្រហែលពាក់កណ្ដាលគិតថា ពួកអ្នកតវ៉ាពាក់អាវកាក់ពណ៌លឿងគួរតែបញ្ចប់សកម្មភាពរបស់ពួកគេ បន្ទាប់ពីលោក Macron ធ្វើសម្បទានខ្លះរួចមកហើយនេះ៕
ប្រែសម្រួលដោយ ភី សុភាដា