លោកស្រី Le Pen និងលោក Emmanuel Macron បេក្ខជនប្រធានាធិបតីបារាំង មានគម្រោងតទល់គ្នាមួយនឹងមួយនៅក្នុងការពិភាក្សាតស៊ូមតិផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដែលមានរយៈពេល២ម៉ោងដែលជាការពិភាក្សាតស៊ូមតិដែលបានគ្រោងធ្វើឡើងមួយគត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២។
ការពិភាក្សាតស៊ូមតិរវាងលោកស្រី Le Pen បេក្ខជនស្តាំនិយមហើយនឹងលោកគូប្រកួតប្រជែងរបស់លោកស្រីគឺលោក Macronបេក្ខជនកណ្តាលនិយមកំពុងលេចចេញរូបរាងឡើងជាយុទ្ធនាការឃោសនាបោះឆ្នោតដ៏ក្តៅគគុកនៅពេលដែលបេក្ខជនទាំង២ប៉ុនប៉ងស្វែងរកការគាំទ្រពីពួកអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តប្រហែល១៨ភាគរយរបស់ប្រទេសបារាំង។
លោកMacron កំពុងនាំមុខលោកស្រីLe Pen យ៉ាងខ្លាំងនៅក្នុងការស្ទង់មតិ ថ្វីបើ ការ នាំមុខរបស់លោកបានរួមតូចចាប់តាំងពីការបោះឆ្នោតជុំទី១នៅថ្ងៃទី២៣ ខែមេសា មកក៏ដោយ។
ការស្ទង់មតិបង្ហាញថា លោក Macron បានទទួលការគាំទ្រចំនួន៦០ភាគរយហើយលោកស្រី Le Pan បានទទួលការគាំទ្រ៤០ភាគរយដែលលោក Macron បាននាំមុខលោកស្រី Le Pan។ ថ្វីបើការនាំមុខនោះ បានរួមតូចប្រហែល៣ភាគរយពិន្ទុក្នុងរយៈពេល១០ថ្ងៃនេះក៏ដោយ។
ការជជែកដេញដោលនៅយប់នេះដែលនឹងត្រូវផ្សាយទៅកាន់ពួកអ្នកមើលប្រហែល២០លាននាក់តាមស្ថានីយទូរទស្សន៍ធំៗ២របស់បារាំង នឹងត្រូវគេចាត់ទុកថា ជាការប្រកួតរវាងបេក្ខជនទាំង២ដែលមិនបានជជែកដេញដោលទល់មុខគ្នា។ ខ្លឹមសារសំខាន់ៗនៃយុទ្ធនាការឃោសនាបោះឆ្នោតនោះត្រូវគេរំពឹងថានឹងរួមមានអត្រាគ្មានការងារធ្វើខ្ពស់ បញ្ហាអន្តោប្រវេសន៍ និងសន្តិសុខរបស់បារាំង ដែលទំនងនឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៅពេលដែលបារាំងស្ថិតក្នុងស្ថានភាពគ្រាអាសន្ននៅពេលបច្ចុប្បន្ននេះដោយសារការវាយប្រហារភេរវកម្មម្តងហើយម្តងទៀត៕