លទ្ធផលចុងក្រោយ នៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា លោក Emmanuel Macron បេក្ខជនដែលប្រកាន់ទស្សនៈនយោបាយកណ្ដាល និងលោកស្រី Marine Le Pen បេក្ខជនដែលប្រកាន់ទស្សនៈនយោបាយជាតិនិយម និងប្រឆាំងចំពោះបញ្ហាអន្តោប្រវេសន៍ ទទួលបានជោគជ័យ ដើម្បីចូលរួមប្រកួតជុំចុងក្រោយ នៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះ។
លោក Macron បាននិយាយនៅឯការជួបជុំអបអរជ័យជំនះរបស់លោក កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «ក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ យើងមាននយោបាយបារាំងដែលមានការផ្លាស់ប្ដូឬទាំងស្រុងតែម្ដង»។
ចំណែកឯលោកស្រី Marine Le Pen វិញ បានបញ្ជាក់ថា៖ «វាដល់ពេល ដែលត្រូវរំដោះប្រជាពលរដ្ឋបារាំងហើយ»។
លទ្ធផលចុងក្រោយនៃការបោះឆ្នោតថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា លោក Macron ទទួលបានសំឡេងគាំទ្រចំនួន ២៣,៨ ភាគរយ ហើយលោកស្រី Le Pen ទទួលបានសំឡេងគាំទ្រចំនួន ២១,5 ភាគរយ។ ចំនួនប្រជាពលរដ្ឋដែលមកបោះឆ្នោត មានចំនួន ៧៩ ភាគរយ។ ដោយសារអ្នកដែលអាចឈ្នះឆ្នោត ដើម្បីក្លាយជាប្រធានាធិបតី ត្រូវការសំឡេងឈ្នះឆ្នោតភាគច្រើនបំផុត ការបោះឆ្នោតជុំទីពីរ ដែលជាជុំចុងក្រោយនៅត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះ៕