ប៉ូលីស​បារាំង​ស្វែងរក​ស្រ្តី​ជន​សង្ស័យ​នៅ​ក្រោយ​ការ​វាយ​ឆ្មក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់

ទាហាន​បារាំង​ដើរ​ត្បាត​នៅ​ក្បែរ​កំពែង​ Eiffel នៅក្នុង​ទីក្រុង​ប៉ារីស​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សនិ្តសុខ​ឈ្មោះ Vigipirate ដែល​មាន​ការ​ការពារ​ខ្ពស់​បំផុត​ នៅក្រោយ​ការ​បាញ់​ប្រហារ​ទៅ​លើ​ការិយាល័យ​ទស្សនាវដ្តី Charlie Hebdo នៅក្នុង​ក្រុង​ប៉ារីស ដែល​ការ​ដើរ​ត្បាត​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥។

ក្រុម​ប៉ូលីស​បារាំង​បាន​បង្កើន​ការ​ការពារ​សន្តិសុខ​នៅ​ពេល​ពួក​គេ​បន្ត​ការ​ស្វែង​រក​ស្ត្រី​មា្នក់​ដែល​បានត្រូវ​ពណ៌នា​ថា​ជា​អ្នក​ឃុបឃិត​ម្នាក់​របស់​ជន​ជាប់​សង្ស័យ​ម្នាក់​ក្នុង​បណ្តា​ជន​សង្ស័យ​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង​ប៉ារីស។​

អាជ្ញាធរ​កំពុង​ស្វែង​រក​នាង​ Hayat Boumeddiene អាយុ​២៦ឆ្នាំ​ដែល​ជា​សង្សារ​របស់​ឈ្មោះ Amedy Coulibaly ដែល​បាន​សម្លាប់​អ្នក​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ហាង​លក់​ម្ហូបអាហារ​ Juif មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃសុក្រ​នៅ​មុន​គាត់​ត្រូវ​ក្រុម​ប៉ូលីស​បាញ់​ស្លាប់​។​

របាយការណ៍​មកពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​ស្ត្រី​រូប​នេះ​ប្រហែល​បាន​រត់​គេច​ខ្លួន​នៅ​ពេល​មាន​ចលាចល​ដែល​បានកើតមាន​ទ្បើង​នៅពេល​កងកម្លាំង​សន្តិសុខ​ឆ្មក់​ចូល​ក្នុង​ហាង​លក់​ម្ហូប​នេះ​នៅ​ជិត Porte de Vincennes នៅ​ក្នុង​សង្កាត់​មួយ​ដែល​គេ​ស្គាល់​ថា​ជា​សង្កាត់ដែល​សំបូរ​អំបូរ Juif នៅ​ក្នុង​ក្រុង​ប៉ារីស​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​រំដោះ​ចំណាប់ខ្មាំង។​

នាង​ Boumeddiene បាន​ត្រូវ​ឃើញ​ថត​រូប​កាលពី​ពេល​មុន​ដោយ​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី​ស្ត្រី​អ៊ីស្លាម​ ហើយ​ហាត់​បាញ់​ស្នា​ផង​ដែរ។​

ឈ្មោះ​ Coulibaly ជា​សហការី​របស់​បងប្អូន​ប្រុសឈ្មោះ​ Cherif និង​ Said Kouachi ដែល​ជា​ជន​សង្ស័យ​នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃពុធ​នៅ​ក្នុង​ការិយាល័យ​ទស្សនាវដ្តី​រិះគន់​បែប​កំប្លែង​ឈ្មោះ Charlie Hebdo នៅ​ក្នុង​ក្រុង​ ប៉ារីស​ដែល​បាន​បោះពុម្ព​រូប​ត្លុក​កំប្លែង​នៃ​ព្យាការី​ Muhammad។​ បង​ប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​ត្រូវ​សម្លាប់​កាលពី​ថ្ងៃសុក្រ​ហើយ​ចំណាប់ខ្មាំង​ម្នាក់​បាន​ត្រូវ​រំដោះ​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ប៉ូលីស​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ក្រុង​ប៉ារីស។​

មាន​មនុស្ស​១២​នាក់​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃពុធនៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ក្នុង​ការិយាល័យ​ទស្សនាវដ្តី​នោះ។ ​ជាសរុប​ នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​ដែល​មាន​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​បារាំង​មាន​មនុស្ស​១៧​នាក់​បាន​បាត់បង់ជីវិត។​

កាល​ពី​ថ្ងៃ​សៅរ៍​មាន​ការដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​នៅ​ទូទាំង​ក្រុង​ប៉ារីស​ ដោយ​យាម​កន្លែង​គោរព​សាសនា​និង​កន្លែង​ដែល​ក្រុម​អ្នក​ទេសចរ​ទៅ​ទស្សនា​និង​ប្រុងប្រៀប​សម្រាប់​ការ​ដើរ​បង្ហាញ​ឯកភាព​ជាតិដែល​នឹង​មាន​មនុស្សច្រើន​នាក់​ចូលរួម​នៅ​ថ្ងៃអាទិត្យ​នេះ​។​ គេ​រំពឹង​ថា​ការដើរ​នេះ​នឹង​មាន​ការ​ចូលរួម​ដោយ​ក្រុម​មេដឹកនាំ​អឺរ៉ុប​ច្រើន​នាក់​ដែល​មាន​រួម​បញ្ចូល​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​បារាំង អាល្លឺមង់ អង់គ្លេស អ៊ីតាលី​និង​ប្រទេស​អេស្ប៉ាញផង​ដែរ។​

កាល​ពី​ថ្ងៃ​សៅរ៍​ដែរ លោក​ប្រធានាធិបតី​បារាំង​ Francois Hollande បាន​ដឹកនាំ​ការ​ប្រជុំ​ផ្នែក​សន្តិសុខ​បន្ទាន់​មួយ​ដែល​មាន​គោលដៅររាំង​ការ​វាយ​ប្រហារ​ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

លោក Eric Holder រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អ.​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​និង​ក្រុម​មន្ត្រី​បារាំង​ឯទៀតៗ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ទល់​នឹង​ភេរវកម្ម៕