ឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ផ្នែកសិទ្ធិមនុស្ស នៅតែបារម្ភពីការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជា ក្រោយពេលសកម្មជននិងមន្ត្រីគណបក្សជំទាស់ ត្រូវចោទប្រកាន់ និងចាប់ឃុំខ្លួនបន្តបន្ទាប់។
លោក ជេរ៉េម៉ី ឡ័រេន (Jeremy Laurence) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ក្នុងទីក្រុងហ្ស៉ឺណែវ បានប្រាប់ VOA តាមសារអេឡិចត្រូនិច ពីក្តីបារម្ភរបស់លោក ចំពោះការធ្លាក់ចុះសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «ការចាប់ខ្លួនជាច្រើនដោយផ្អែកលើការអនុវត្តសិទ្ធិបញ្ចេញមតិ និងយោបល់តាមរយ:ការនិយាយ និងធ្វើអត្ថាធិប្បាយអំពីរឿងនយោបាយ ស្តីអំពីកិច្ចការសាធារណៈ បង្កើននូវក្តីបារម្ភចំពោះការប្រើច្បាប់ព្រហ្មទណ្ឌ ដើម្បីតម្រង់គោលដៅលើសេរីភាពបញ្ចេញមតិទាំងមិននៅលើប្រព័ន្ធអនឡាញ និងនៅលើប្រព័ន្ធអនឡាញ»។
លោកបានបន្ថែមថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប បានគាំទ្រលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យមានការផ្លាស់ប្តូរទៅរកវប្បធម៌សន្ទនានយោបាយ និងការអំពាវនាវរួមគ្នាជាមួយអ្នកជំនាញសិទ្ធិមនុស្សផ្សេងទៀត ដើម្បីធានាយុត្តិធម៌សម្រាប់លោក កឹម សុខា និងទម្លាក់ការរឹតត្បិតការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការផ្តល់សិទ្ធិសេរីភាពនយោបាយឡើងវិញ ហើយធានាឲ្យមានសំណងផ្លូវចិត្ត និងសងការខូចខាតផងដែរ។
ការចាប់ខ្លួនថ្មីៗនេះធ្វើឲ្យមានមនុស្សយ៉ាងតិច ១៥ នាក់ កំពុងស្ថិតក្នុងការឃុំឃាំង ដែលក្នុងនោះ ១០នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយត្រូវបានតុលាការកំពូលកម្ពុជារំលាយ កាលពីឆ្នាំ២០១៧។ លោក កឹម សុខា ជាមេដឹកនាំមួយរូបនៃគណបក្សនេះ ត្រូវស្ថិតនៅក្រោមការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការ ដោយគ្មានសិទ្ធិធ្វើនយោបាយដើរចេញក្រៅប្រទេសនោះទេ ហើយត្រូវស្ថិតក្រោមនីតិវិធីរបស់តុលាការពីបទចោទប្រកាន់ថា មានសន្ទិដ្ឋិភាពជាមួយបរទេស ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានបដិសេធពីការពាក់ព័ន្ទនឹងរឿងនេះ ជាបន្តបន្ទាប់ទោះជានៅចំពោះមុខតុលាការក្តី។
ថ្លែងប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទពីប្រទេសបារាំង ក្រោយពេលលោកបានដាក់លិខិតទៅកាន់ស្ថាប័នសិទ្ធិមនុស្ស និងសហភាពអឺរ៉ុបនានា អំពីការចាប់ខ្លួនសកម្មជននៃគណបក្សប្រឆាំងជាបន្តបន្ទាប់ លោក សម រង្ស៉ី បានអះអាងថា ការចាប់ខ្លួនថ្មីៗនេះនឹងបន្ថែមទម្ងន់លើកំណត់ត្រាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែប្រឈមស្រាប់។
«ហើយម្យ៉ាងទៀតគាត់យល់ច្រឡំ ហើយគាត់ស្មានថា ធ្វើអីចឹងគេមិនប្រតិកម្ម ឥឡូវហ្នឹងអន្តរជាតិប្រតិកម្មកាន់តែខ្លាំងឡើងៗ ពីព្រោះគាត់កំពុងតែប្រឈមមុខរឿងនាំទំនិញចេញទៅលក់នៅខាងក្រៅ EBA។ សមាគមរោងចក្រកាត់ដេរ គឺទៅអង្វរសហភាពអឺរ៉ុបថា ឲ្យពន្យារកុំឲ្យព្យួរប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែគាត់ធ្វើអីចឹងមិនខ្មាស់គេទេ អឺរ៉ុបគេចង់ឲ្យគាត់គោរពសិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យ តែគាត់មកធ្វើគណបក្សប្រឆាំង ធ្វើបាបប្រជារាស្ត្រអីចឹង ហើយគាត់នឹងស្មានថាគេនឹងពន្យារទណ្ឌកម្មដែលគេដាក់មកលើរបបគាត់»។
នៅក្នុងសារលិខិតរបស់លោក កាលពីថ្ងៃទី៧ ខែមិថុនា ទៅកាន់លោកស្រី រ៉ូណា ស្មីត លោក សម រង្ស៉ី បានរៀបរាប់ពីការធ្វើទុក្ខបុកម្នេញថ្មីៗលើសកម្មជនក្រុមបក្សប្រឆាំង និងកំណើននៃក្តីបារម្ភចំពោះការបង្ក្រាបក្នុងប្រទេសកម្ពុជាថ្មីៗនេះ។
«នៅពេលដែលចំណាប់អារម្មណ៍របស់ពិភពលោក និងមេដឹកនាំជាតិ និងអន្តរជាតិ ផ្តោតទៅលើតែលើការជួយសង្គ្រោះជីវិត ជនរងគ្រោះដោយសារជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរនោះ ការរាតត្បាតជាសាកលត្រូវបានប្រើប្រាស់ទាំងបំពានដោយរបបគ្រប់គ្រងក្នុងប្រទេសកម្ពុជា ដើម្បីបន្តរលកនៃការកៀបសង្កត់លើអ្នកដែលហ៊ានបញ្ចេញទស្សនៈសេរីសេសសល់តិចតួច»។
លោក សម រង្ស៉ី បានទទូចឲ្យសហភាពអឺរ៉ុប និងស្ថាប័នអន្តរជាតិបន្តជួយស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាជារឿងធម្មតា និងជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបរិហារមកលើរាជរដ្ឋាភិបាលយាយី ធ្វើទុក្ខបុក្ខម្នេញចូលមកក្នុងប្រទេស តែលោកថា គេពុំគួរគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ទេ ដែលលោកថា អង្គការចាត់តាំងមួយនេះត្រូវរំលាយចោលដោយតុលាការកំពូលរួចទៅហើយ។
«មេឧទ្ទាមក្រៅច្បាប់ និងក្រុមឧទ្ទាមក្រៅច្បាប់សុទ្ធតែខុសច្បាប់ទាំងអស់ រួមទាំងអ្នកគាំទ្រផង។ បើថាគាំទ្រនូវនយោបាយ ឬឧបាយកលរបស់អ្នកក្រៅច្បាប់ អ្នកហ្នឹងសុទ្ធតែខុសច្បាប់ទាំងអស់ អីចឹងការចាត់វិធានការរបស់រាជរដ្ឋាភិបាល គឺជាការត្រឹមត្រូវមិនមែនជាការរំលោភសិទ្ធិមនុស្ សដូចខ្ញុំជម្រាបខាងដើមអីចឹង»។
លោកសុខ ឥសានបានបន្ថែមថា៖ «យើងដឹងហើយថា បើសិនណាជារាជរាដ្ឋាភិបាលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយ ឬមួយក៏មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាប្រាកដណាស់ប្រទេសកម្ពុជាមិនមានសន្តិភាពពេញលេញ ហើយមិនមានស្ថិរភាពនយោបាយព្រមទាំងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា នៅក្នុងប្រទេសកម្ពុជាទាំងមូលទេ»។
លោកបានបន្ថែមថា ការប៉ុនប៉ងរបស់ក្រុមប្រឆាំងបំផុសពលរដ្ឋដើម្បីផ្តួលរំលំរដ្ឋាភិបាលកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនអាចទទួលបានជោគជ័យនោះទេ។
អង្គការ Human Rights Watch កាលពីពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបទៅលើគណបក្សប្រឆាំង ដោយអង្គការនេះមើលឃើញថា ទង្វើនេះត្រូវបានប្រព្រឹត្តឡើងចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ មកម៉្លេះ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា អង្គការការពារសិទ្ធិមនុស្សដែលមានទីស្នាក់ការធំក្នុងសហរដ្ឋអាមេរិកបានរៀបរាប់ថា ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរខ្មែរបានឃុំខ្លួនមនុស្ស ១៥នាក់ ពីបទចោទប្រកាន់ពាក់ព័ន្ធនយោបាយដែលគេប្រតិដ្ឋឡើង។មនុស្ស ៨០នាក់ ផ្សេងទៀត ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក៏អាចប្រឈមនឹងការចាប់ខ្លួនឡើងវិញគ្រប់ពេល។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បាននិយាយក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែឈប់ប្រើការចាប់អារម្មណ៍របស់ពិភពលោក ទៅលើការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ជាលេស ដើម្បីបង្ក្រាបក្រុមប្រឆាំងតទៅទៀតទៅ»។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនានេះ បានរៀបរាប់ថា លំហប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ មានការ «រឹតត្បិតយ៉ាងធ្ងន់ធ្ងរ»។
លោក Peter Eriksson រដ្ឋមន្ត្រីទទួលបន្ទុកសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត បានថ្លែងក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «ការណ៍នេះបង្កការលំបាកដល់ការបន្តការសហការដែលជិតស្និទ្ធនិងទូលំទូលាយ។ ដូច្នេះរដ្ឋាភិបាល[ស៊ុយអែត]បានជ្រើសរើសបង្វែរកិច្ចប្រឹងប្រែងការអភិវឌ្ឍន៍របស់យើង ដើម្បីផ្តល់ការគាំទ្រប្រសើរជាងនេះដល់ការផ្លាស់ប្តូរទាក់ទងនឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងនីតិរដ្ឋក្នុងប្រទេស[កម្ពុជា]»។
ឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សគឺអ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet) កាលពីសប្តាហ៍ថ្មីៗនេះ បានសម្តែងការភ្ញាក់ផ្អើលចំពោះការបង្ក្រាបលើសិទ្ធិបញ្ចេញមតិក្នុងប្រទេសចំនួន ១២ នៅតំបន់អាស៊ីប៉ាស៊ីហ្វ្រិក រួមទាំងកម្ពុជាផង ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចេញផ្សាយ នៅថ្ងៃទី៣ ខែមិថុនានេះ បានបញ្ជាក់ថា នៅកម្ពុជាមានករណីចាប់ខ្លួនបុគ្គលចំនួន ៣០នាក់ រួមទាំងស្ត្រី ៦នាក់ និងក្មេងស្រីអាយុ ១៤ឆ្នាំ ម្នាក់ដែរ ដោយសារតែការនិយាយជាសាធារណៈ និងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងជំងឺកូវីដ១៩។
បុគ្គលមួយចំនួនត្រូវបានចោទប្រកាន់ពីបទចែកចាយ «ព័ត៌មានក្លែងក្លាយ» ឬ «ព័ត៌មានមិនពិត» និងពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយនិងបទ «រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល»ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណ:ថ្មីៗថា លោកនឹងបន្តចាប់ខ្លួនលើសកម្មជនជំទាស់ទាំងឡាយណា ដែលមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក តាមរយ:ការប្រើប្រាស់បញ្ហាកូវីដវិទ្ធង្សនាសេដ្ឋកិច្ច អំពាវនាវកុំឲ្យពលរដ្ឋបង់ប្រាក់សងធនាគារ។
«ហ្អែងចង់បង្កើតចលាចលដោយបំផុសមនុស្សមិនឲ្យសងលុយដល់ធនាគារ រួចហើយធ្វើឲ្យធនាគាររលំរួចហើយ ហ្អែងទាញយកផលដើម្បីផ្តួលរំលំអញមិនទុកឱកាសឲ្យហ្អែងទេ ហ្អែងត្រូវដឹងហើយអញប្រាប់ហ្អែងឲ្យត្រង់ ប្រាប់ហ្អែងឲ្យច្បាស់រាប់ទាំងអាអ្នកធ្វើសកម្មភាពក្នុងស្រុក ហ្អែងធ្វើអញចាប់ហើយវិទ្ធង្សនាសេដ្ឋកិច្ចភេរវកម្ម។ វិទ្ធង្សនាភេរវកម្មមិនសំដៅទៅលើការវាយប្រហារដោយគ្រាប់បែកគ្រាប់មីននោះទេ អ្នកឯងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចបំផ្លាញជាតិយ៉ាងដូច្នេះ គ្មានរឿងត្រូវទុកអ្នកឯងទេ រឿងសិទ្ធិមនុស្សទុកមួយឡែកសិន រឿងអីនិយាយដល់សិទ្ធិមនុស្សសិទ្ធមិនឲ្យបំផ្លាញទេឥឡូវមើលនៅអាមេរិក»។
លោក ហ៊ុន សែន ដែលនៅតែការពារវិធានការអាជ្ញាធរកម្ពុជាប្រឆាំងបាតុកម្ម និងក្រុមជំទាស់កន្លងមកនោះ បានចំអកដល់លោកខាងលិចនិងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលរិះគន់រដ្ឋាភិបាលលោកថា មិនបានរិះគន់រឿងបាតុកម្មនៅអាមេរិកជាងពីរសប្តាហ៍កន្លងទៅនេះទេ។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចថា នឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបាន តាំងពីឆ្នាំ២០០១។ ការព្យួរនេះនឹងប៉ះពាល់ទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក នៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។ ការសម្រេចព្យួរនេះក្រោមហេតុផលនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការព្យួរនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ក្រុមមន្ត្រីរដ្ឋាភិបាលនៃគណបក្សគ្រប់គ្រងប្រទេស រួមទាំងលោក សុខ ឥសាន ផង មិនបានខ្វល់នឹងការរិះគន់របស់បរទេស ជាពិសេសលោកខាងលិចនោះ ដោយបានបញ្ជាក់ខ្លីថា កម្ពុជាត្រូវទទួលរងការវាយតម្លៃពីភាពខ្មៅងងឹត មិនឆ្លុះបញ្ចាំងពីការពិតនោះយូរមកហើយ៕