សេរីភាព​របស់​ពលរដ្ឋ​បាន​ថយ​ចុះ​នៅ​ពេល​អូស្ត្រាលី​ទប់ទល់​នឹង​ជំងឺ COVID-19

  • Phil Mercer

រាល់​ការ​សម្ដែង​នានាដែល​គ្រោង​នឹង​សម្ដែង​​ក្នុងមហោស្រព Sydney​ Opera House ក្នុង​ទីក្រុងស៊ីដនី ប្រទេស​អូស្តាលី ត្រូវ​បាន​លុបចោល ដោយសារ​តែ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ២០២០។

ក្រុម​ប៉ូលិស​ទប់ទល់​កុប្បកម្ម​ពាក់​ម៉ាស់​និង​គ្រឿង​ការពារ​ខ្លួន​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ពង្រឹង​បទបញ្ញត្តិ​តឹងតែង​ដែល​តម្រូវ​ឲ្យ​មនុស្ស​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា ដើម្បី​ព្យាយាម​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ចំនួន ៣.៩៨០ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ១៦ នាក់។

ប្រជាពលរដ្ឋ​អូស្ត្រាលី​កំពុង​ប្រឈម​នឹង​វិធានការ​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន ដែល​រឹតត្បិត​សេរីភាព​ពួក​គេ​ថែម​ទៀត នៅ​ពេល​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 កាន់តែ​កើន​ឡើង​ខ្លាំង។ អ្នក​ទាំង​ឡាយ​ណា ដែល​មិន​អើពើ​នឹង​បទបញ្ញត្តិ​ដែល​តម្រូវ​ឲ្យ​មនុស្ស​ស្ថិត​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​នេះ អាច​ត្រូវ​ផាក​ពិន័យ ឬ​ក៏​ត្រូវ​ជាប់​ពន្ធនាគារ។

អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ New South Wales បាន​រិះគន់​លើ «អាកប្បកិរិយា​មិន​ប្រយ័ត្ន​ប្រយែង​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​មួយ​ចំនួន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ដទៃ»។ ប៉ូលិស ៧ ម៉ឺន​នាក់ ដែល​រួម​មាន​ទាំង​ក្រុម​បង្ក្រាប​កុប្បកម្ម​ផង​ដែរ កំពុង​ប្រុង​ប្រៀប​ពង្រឹង​បទ​បញ្ជា​នេះ។ ការ​ពិន័យ​ថ្មីៗ​ក៍​នឹង​អនុវត្ត​លើ​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រកែក​មិន​ព្រម​ឋិត​នៅ​ដាច់​ពី​គេ​ដោយ​ខ្លួន​ឯង​ផង​ដែរ។

ប្រជាពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​អំពី​ការ​រំលោភ​លើ​បទ​បញ្ញត្តិ​ទាំង​នេះ ជា​អនាមិក​ទៅ​កាន់​ខ្សែ​ទូរសព្ទ​សម្រាប់​រាយការណ៍​បន្ទាន់​អំពី​បទ​ឧក្រិដ្ឋ​ថ្នាក់​ជាតិ។

កាល​ពី​សប្តាហ៍​ទី ៣ នៃ​ខែ​មីនា ធាតុ​អាកាស​ក្ដៅ​ល្មម​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​បាន​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់​ទៅ​កាន់​ឆ្នេរ​ខ្សាច់ Bondi Beach នៃ​ទីក្រុង​ស៊ីដនី ដោយ​មិន​បាន​ធ្វើ​តាម​ការ​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​លើស​ពី ៥០០ នាក់។

កន្លែង​គោរព​សាសនា បណ្ណាល័យ កន្លែង​ហែល​ទឹក និង​សារមន្ទីរ​បាន​បិទ​ទ្វារ​ទាំង​អស់។

លោក​នាយក​រដ្ឋមន្ត្រី Scott Morrison បាន​និយាយ​ថា ពិធី​តាម​បែប​ប្រពៃណី​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​ដាក់​កំហិត​ផង​ដែរ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ពិធី​រៀបការ​អាច​ធ្វើ​បាន​តែ​ក្នុង​ករណី​ដែល​មាន​តែ​គូ​ស្វាមី​ភរិយា អ្នក​ចាត់ចែង​ពិធី និង​សាក្សី​ចូលរួម​តែ​ប៉ុណ្ណោះ គឺ​មិន​ត្រូវ​មាន​មនុស្ស​លើស​ពី ៥ នាក់​ទេ។ ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នាក់​សម្រាប់​ពិធី​រៀបការ​គឺ​មិន​អាច​ធ្វើ​បាន​ទេ។ ពិធី​ខ្លះ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​បាន​គឺ​ការ​ប្រារព្ធ​នានា​ដូចជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ដើម។ ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​ត្រូវតែ​ដាក់​កំហិត​នេះ»។

ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នៃ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅតែ​កើន​ឡើង​ខ្លាំង។ភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បាន​បញ្ជាក់​ថា បុគ្គលិក​របស់​ពួក​គេ​រាប់​ពាន់​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ។

ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​បិទ។ ការ​ធ្វើ​ដំណើរ​រវាង​រដ្ឋ​និង​រដ្ឋ​ត្រូវ​បាន​រឹតត្បិត​ហើយ​ជន​បរទេស​ទាំង​អស់​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី។

រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​ហាមប្រាម​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ដែរ ដែល​ជា​វិធានការ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 នេះ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ