ក្រុមអាជ្ញាធរប្រទេសម៉ាឡេស៊ីបានបញ្ជូនខ្លួនបុរសជនជាតិកូរ៉េខាងជើងម្នាក់ចេញពីប្រទេសម៉ាឡេស៊ី ដែលបុរសនោះត្រូវបានចាត់ទុកថាជាជនសង្ស័យមានជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់របស់លោក Kim Jong Nam បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un ។
លោក Ri Jon Chol បានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃសៅរ៍នេះ ក្រោយពេលដែលបុរសរូបនេះត្រូវបានដោះលែងពីការឃុំខ្លួននៅប្រទេសម៉ាឡេស៊ី ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទៅលើបុរសនោះ។
លោក Ri បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅស្ថានទូតកូរ៉េខាងជើងនៅក្នុងទីក្រុងប៉េកាំងថា ក្រុមអាជ្ញាធរម៉ាឡេស៊ីបានប្រើប្រាស់ការបង្ខិតបង្ខំដើម្បីឲ្យលោកសារភាព ហើយថ្លែងថា ក្រុមអាជ្ញាធរទាំងនោះព្យាយាមបំផ្លាញកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង។
លោកបានថ្លែងថា៖ «ខ្ញុំដឹងថា នេះគឺជាការសមគំនិតគ្នាមួយ ជាឈុតឆាកមួយ ដើម្បីព្យាយាមបំផ្លាញកិត្តិយសរបស់សាធារណរដ្ឋកូរ៉េ»។
លោកបានថ្លែងថា លោកមិនបានស្ថិតនៅអាកាសយានដ្ឋាននោះទេ នៅថ្ងៃដែលលោក Kim Jong Nam ត្រូវបានគេសម្លាប់ ហើយលោកថ្លែងទៀតថា លោកមិនបានដឹងចំពោះការអះអាងដែលថារថយន្តរបស់លោកត្រូវបានប្រើប្រាស់នៅក្នុងឧក្រិដ្ឋកម្មនេះនោះទេ។
លោក Ri បានថ្លែងថា៖ «ខ្ញុំមិនបានទៅអាកាសយានដ្ឋាននោះទេ។ ខ្ញុំមិនមានហេតុផលអ្វីត្រូវទៅទីនោះទេ។ ខ្ញុំគ្រាន់តែធ្វើការងាររបស់ខ្ញុំ»។
លោក Ri អាយុ ៤៥ឆ្នាំ ជាជនជាតិកូរ៉េខាងជើង ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជិត២សប្តាហ៍ ក្រោយមានការសម្លាប់លោក Kim កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ នៅឯអាកាសយានដា្ឋនមួយនៅក្នុងទីក្រុង គូឡាឡាំពូ ប្រទេសម៉ាឡេស៊ី៕