យុវជនមួយចំនួនធ្វើយុទ្ធនាការកោរសក់ និងប្តូរប្រូហ្វាល់ហ្វេសប៊ុក(Facebook Profile) ដោយដាក់រូបលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួន កាលពីដើមខែមេសានេះ ដើម្បីទាមទាររកយុត្តិធម៌ និងដោះលែងលោក។
ក្រុមយុវជនដែលចូលរួមធ្វើយុទ្ធនាការកោរសក់ និងដូរប្រូហ្វាល់នោះ ខ្លះជាអ្នកសកម្មខាងបរិស្ថាន និងខ្លះទៀត សកម្មក្នុងរឿងសង្គម។ ពួកគេបានបង្ហោះរូបកោរសក់ និងខ្លះប្តូរប្រូហ្វាល់ហ្វេសប៊ុករបស់ពួកគេ ដោយដាក់រូបលោក កើត សារ៉ាយ និងភ្ជាប់ជាមួយពាក្យ «#FreeKoetSaray» «#JusticeForKoetSaray» ឬ «#ដោះលែងកើតសារ៉ាយ»។
យុទ្ធនាការរបស់ក្រុមយុវជនទាំងនោះធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែលលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៦ ខែមេសា។
យុវជនទាំងនោះចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់លោក កើត សារ៉ាយ ថាជារឿងអយុត្តិធម៌ ដោយពួកគេយល់ថា លោក កើត សារ៉ាយ គ្រាន់តែឈឺឆ្អាលអំពីបញ្ហាប្រឈមរបស់ពលរដ្ឋ តាមរយៈការបញ្ចេញមតិជុំវិញពលរដ្ឋរត់ភៀសខ្លួនចូលព្រៃ នៅខេត្តព្រះវិហារ ដើម្បីឱ្យអាជ្ញាធរដឹងឮ និងដោះស្រាយជូនពលរដ្ឋតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៧ ខែមេសា លោក យ៉ិត យុតយូ បានបង្ហោះរូបភាពរបស់លោកជាមួយលោក កើត សារ៉ាយ ដោយភ្ជាប់ជាមួយអក្សរថា ៖ «ខ្ញុំសូមកោរសក់ជូនបង កើត សារ៉ាយ» «ក្បាលត្រងោលរបស់ខ្ញុំគឺជាគុណតម្លៃដែលខ្ញុំគោរពជូនលោកបង»។
លោក យ៉ិត យុតយូ អាយុ២៤ឆ្នាំ ប្រាប់វីអូអេថា លោកបានចាត់ទុកលោក កើត សារ៉ាយ ជា «វីរជន» ដោយសារភាពសកម្មក្នុងការលើកឡើងពីបញ្ហារបស់ប្រជាពលរដ្ឋ។ លោកថា លោកចង់ឃើញយុត្តិធម៌សម្រាប់លោក កើត សារ៉ាយ និងថាការសម្រេចចិត្តកោរសក់ ដើម្បីសម្តែងការមិនពេញចិត្តទាក់ទងនឹងការចោទប្រកាន់នោះ។
លោករៀបរាប់ថា៖ «ការជ្រើសរើសមធ្យោបាយ កោរសក់ជាមធ្យោបាយផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីរួមចំណែកទាមទារយុត្តិធម៌សម្រាប់អ្នកស្នេហាជាតិ សម្រាប់អ្នកដែលមើលឃើញថារឿងអយុត្តិធម៌ គួរតែត្រូវបានដោះស្រាយ ដូច្នេះដើម្បីរួមចំណែកបង្ហាញទៅសាធារណៈជនថា រឿងហ្នឹងមិនគួរដោះស្រាយតាមមធ្យោបាយចាប់ចងទេ»។
មន្ត្រីសម្របសម្រួលគំរោងនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន ក៏បានចូលរួមយុទ្ធនាការកោរសក់នេះផងដែរ។ លោកសង្ឃឹមថា យុទ្ធនាគារនេះនឹងធ្វើឱ្យរដ្ឋាភិបាល និងតុលាការ បានដឹងឮ និងឃើញអំពីការចង់បានរបស់ពលរដ្ឋ ដែលចង់ឱ្យសង្គមមួយអាចរស់នៅប្រកបដោយសុខដុមរមនា តាមរយៈការទទួលយកមតិចម្រុះ និងមតិផ្ទុយ។
យុវត្តីម្នាក់ដែលតែងតែចូលរួមការងារសង្គម និងបរិស្ថាន កញ្ញា ដាំ សុស្រីនាង បានប្តូរប្រូហ្វាល់ហ្វេសប៊ុកដាក់រូបលោក កើត សារ៉ាយ ប្រាប់វីអូអេថា ការប្រូហ្វាល់ហ្វេសប៊ុកនេះ គឺជាផ្នែកមួយក្នុងការតស៊ូមតិតាមប្រព័ន្ធអនឡាញ ដើម្បីទាមទារយុត្តិធម៌ និងដោះលែងលោក កើត សារ៉ាយ។
កញ្ញាលើកឡើងថា៖ «យុត្តិធម៌សម្រាប់បង កើត សារ៉ាយ គឺខ្ញុំចង់ឱ្យតុលាការដោះលែងគាត់ឱ្យនៅក្រៅឃុំ ហើយស៊ើបអង្កេតករណីហ្នឹងម្តងទៀត»។
ចំណែកកញ្ញា ហេង គឹមសួ យុវតីម្នាក់ទៀតដែលមានភាពសកម្មលើបញ្ហាបរិស្ថានដែរនោះ ក៏បានស្នើឱ្យរដ្ឋាភិបាល និងតុលាការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ កញ្ញាថា ការប្តូរប្រូហ្វាល់ដាក់រូបលោក កើត សារ៉ាយ គឺដោយសារមិនអាចឈរមើលភាពអយុត្តិធម៌នៃចាប់ខ្លួនអ្នកដែលហ៊ាននិយាយពីបញ្ហាសង្គម។
កញ្ញាបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ មូលហេតុដែលខ្ញុំបានប្តូរប្រូហ្វាល់ដាក់រូបលោក កើត សារ៉ាយ នៅពេលដែលគាត់ជាប់ពន្ធនាគារ ពីព្រោះខ្ញុំចង់ទាមទារឱ្យមានការដោះលែងលោក កើត សារ៉ាយ ចេញពីពន្ធនាគារវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ពីព្រោះថាការចុះទៅជួបពលរដ្ឋដែលជាជនជាតិខ្មែរដូចគ្នា នៅពេលដែលខ្មែរយើងដូចគ្នាជួបទុក្ខលំបាក វាមិនមែនជាអំពើខុសច្បាប់នោះទេ»។
កញ្ញាបានចាត់ទុកថាការចាប់ខ្លួនលោក កើត សារ៉ាយ ដែលបញ្ចេញមតិជុំវិញបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងខេត្តព្រះវិហារនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤១ដែលចែងថា ពលរដ្ឋគ្រប់រូបមានមានសិទ្ធិសេរីភាពសម្តែងមតិ។
កញ្ញាបន្តថា៖ «ដល់ពេលសម្តែងមតិ គិតថារឿងខុសច្បាប់ ចាប់ដាក់គុក ដាក់អីនេះ គឺវាមើលទៅវាអត់មានចំណេញអី្វដល់សង្គមជាតិសោះ ហើយវាក៏បានបង្ហាញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាផងដែរ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ បាននៅឡើយទេ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់វីអូអេជាសារអក្សរតាមប្រព័ន្ធទំនាក់ទំនងWhatsApp នៅថ្ងៃព្រហស្បតិ៍ថា៖ «ប្រទេសយើងមានសេរីភាពគ្រប់បែបយ៉ាង និងយ៉ាងទូលំទូលាយ កុំឱ្យតែធ្វើអ្វីខុសច្បាប់។ បើមានបញ្ហាផ្លូវច្បាប់ មានតែតុលាការទេដែលជាអ្នកកាត់ក្តី។ គ្មានបុគ្គលណា ឬស្ថាប័នណា មកសម្រេចជំនួសតុលាការបានឡើយ។ នេះគឺជាគោលការណ៍នីតិរដ្ឋ»។
លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះ ដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាង១០នាក់ ចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៥ ខែមេសា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមនេះ៕