និស្សិតរាប់ពាន់នាក់បានឈរជាជួរនិងច្រៀងក្នុងបរិវេណសាកលវិទ្យាល័យយុនដេ ២ (University of Yaounde Two) ក្នុងតំបន់ Soa ចម្ងាយ១៥គ.ម.ពីរដ្ឋធានីប្រទេសកាមេរូន ដើម្បីទទួលកុំព្យូទ័រយួរដៃដោយឥតគិតថ្លៃ។ លោក Eric Ambe មានអាយុ ២១ឆ្នាំនិងជានិស្សិតឆ្នាំទី២សិក្សាផ្នែកច្បាប់ដែលមានវត្តមានចំណោមនិស្សិតទាំងនោះ បាននិយាយថា ពេលនេះលោកអាចធ្វើការស្រាវជ្រាវតាមប្រព័ន្ធ អ៊ីនធឺណិតហើយ។ និស្សិតម្នាក់នេះបានបន្ថែមថា លោកមិនមានលទ្ធភាពរកប្រាក់១៥០ដុល្លារដើម្បីទិញកុំព្យូទ័រយួរដៃមួយទឹកដែលមានលក់នៅក្បែរសាកលវិទ្យាល័យឡើយ។
លោក Eric Ambe បានថ្លែងថា៖ «ពួកយើងសប្បាយចិត្តណាស់ពីព្រោះកុំព្យូទ័រនឹងជួយឲ្យពួកយើងងាយស្រួលក្នុងការសិក្សា ហើយវាក៏ជួយពួកយើងក្នុងការត្រៀមខ្លួនសិក្សាមុខវិជ្ជាផ្សេងៗទៀតបានល្អផងដែរ។ ពេលមានកុំព្យូទ័រ យុវជនអាចសិក្សាស្រាវជ្រាវបានល្អ»។
លោកសាស្រ្តាចារ្យ Jacques Fame Ndongo ដែលជារដ្ឋមន្រ្តីក្រសួងអប់រំឧត្តមសិក្សា គឺជាអ្នកដែលប្រគល់ជូនកុំព្យូទ័រយួរដៃដោយផ្ទាល់។ លោកបាននិយាយថា និស្សិតទាំងអស់នៃសាកលវិទ្យាល័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីអំណោយរបស់លោកប្រធានាធិបតី Paul Biya ដែលជាបុគ្គលជួយនិស្សិតវ័យក្មេងឲ្យចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលសម័យកាលទំនើបនេះ។
លោកសាស្រ្តាចារ្យ Jacques Fame Ndongoបាននិយាយថា៖«និស្សិតម្នាក់ៗសប្បាយចិត្តខ្លាំងណាស់ពីព្រោះពួកគេបានទទួលអំណោយដ៏អស្ចារ្យពីឪពុករបស់ពួកគេ ដែលជាប្រមុខរដ្ឋ និងស្រឡាញ់ពួកគេ ហើយដឹងថាពួកគេទាំងអស់នេះគឺជាអនាគតនៃប្រជាជន និងប្រទេសជាតិជាទីស្រឡាញ់របស់យើង។ សហគមន៍សាកលវិទ្យាល័យក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Paul Biya ចំពោះការបរិច្ចាគនេះផងដែរ»។
កុំព្យូទ័រយួរដៃចំនួន៨ម៉ឺនគ្រឿងត្រូវបានគេធ្វើការចែកជូនក្នុងបរិវេណសាកលវិទ្យាល័យ ដែលលោកប្រធានាធិបតីធ្លាប់បានសន្យាថានឹងប្រគល់ជូនចំនួន៥សែនគ្រឿងកាលពីឆ្នាំ២០១៦។ រដ្ឋាភិបាលបានសន្យាថានឹងចែកជូនគ្រប់ចំនួនទាំងអស់ដល់និស្សិតឲ្យបានត្រឹមខែមេសាឆ្នាំ២០១៨។
កុំព្យូទ័រទាំងអស់នោះ ផលិតនៅទីក្រុងShenzhen ក្នុងខេត្ត Guangdong ប្រទេសចិន និងមានបិទស្លាកយីហោអក្សរកាត់ PB HEV តំណាងឲ្យឈ្មោះប្រធានាធិបតី Paul Biya និងឃ្លាថា ចក្ខុវិស័យឧត្តមសិក្សា។
ប៉ុន្តែបើយើងក្រឡេកមកមើលក្នុងហាងជួសជុលកុំព្យូទ័រនៅតំបន់ Bonamoussadi ដែលជាតំបន់សម្បូរនិស្សិតស្នាក់នៅវិញ យើងឃើញមាននិស្សិតចំនួន៣រូបបានលក់កុំព្យូទ័រយួរដៃទាំងនោះបាត់ទៅហើយ ដោយពួកគេរអ៊ូរទាំថាកុំព្យូទ័រទាំងអស់នោះគុណភាពមិនល្អទេ។ ជាងជួសជុលកុំព្យូទ័រផ្នែក hardware ឈ្មោះPius Ayeneh បាននិយាយថាអ្វីដែលកុំព្យូទ័រយួរដៃនេះរំខានដល់អ្នកប្រើប្រាស់នោះគឺ វាដើរយឺតខ្លាំង»។
លោក Pius Ayeneh បានថ្លែងថា៖ «ផ្នែក hard drive របស់កុំព្យូទ័រហ្នឹងគឺតូចខ្លាំងពេក។ សមត្ថភាពវាអាចផ្ទុកបានត្រឹមតែ៣២Gigabyte ប៉ុណ្ណោះ។ ល្បឿនសម្រាប់ប្រព័ន្ធដំណើរការ (processing speed) វិញគឺត្រឹមតែ១,៤៤Gigahertz។ ប្រសិនបើអ្នកតម្លើងកម្មវិធី Microsoft Office និងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត នោះអ្នកនឹងមិនអាចដំណើរការកម្មវិធីផ្សេងៗបាននោះទេ»។
រដ្ឋាភិបាលបានប្រកាសឲ្យដឹងពីប្រាក់កម្ចីជាង១៣៣លានដុល្លារពីប្រទេសចិនដើម្បីយកទៅទិញកុំព្យូទ័រទាំងអស់នោះ។ រដ្ឋាភិបាលក៏បានបញ្ជាក់ថា កុំព្យូទ័រមួយគ្រឿងមានតម្លៃប្រហែល៥៥០ដុល្លារ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាដែលនៅសេសសល់នៃប្រាក់កម្ចីនោះទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលគ្រូបង្ហាត់ជំនាញព័ត៌មានវិទ្យា។
ប៉ុន្តែគណបក្សនយោបាយប្រឆាំងបាននិយាយថា ប្រាក់កម្ចីនោះគួរត្រូវយកទៅប្រើប្រាស់សម្រាប់បង្កើតរោងចក្រតម្លើងកុំព្យូទ័រក្នុងប្រទេសស្ថិតនៅតំបន់អាហ្វ្រិកកណ្តាលមួយនេះវិញ។ គណបក្សរណសិរ្សប្រជាធិបតេយ្យសង្គមនិយម(SDF) ដែលជាគណបក្សប្រឆាំងដ៏ធំមួយ បាននិយាយថា លោក Biya កំពុងប្រើប្រាស់កុំព្យូទ័រជាឧបករណ៍ឃោសនាមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
គណបក្ស SDF បានឲ្យដឹងថា ប្រទេស ហ្គំប៊ី បានវិនិយោគទឹកប្រាក់៧,៥លានដុល្លារដើម្បីផ្តើមបង្កើតរោងចក្រតម្លើងបច្ចេកវិទ្យា ហើយប្រទេសកេនយ៉ាក៏មានរោងចក្របែបហ្នឹងមួយផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលប្រទេសកាមេរូន លោក Issa Tchiroma បាននិយាយថាទឹកប្រាក់វិនិយោគ១៣៣លានដុល្លារក្នុងគម្រោងកុំព្យូទ័រនេះ រួមមានការផ្តល់សេវាអ៊ីនធឺណិតក្នុងល្បឿនលឿនដល់សាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់។ លោកបានបដិសេធនិងអះអាងថា ព័ត៌មានដែលថាលោក Biya កំពុងប្រើប្រាស់កុំព្យូទ័រយួរដៃថាជាឧបករណ៍ឃោសនានោះ គឺជាការយល់ឃើញខុសមួយ។
លោកIssa Tchiroma បានថ្លែងថា៖ «គម្រោងនេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋសម្រាប់និស្សិតកាមេរូនដើម្បីឲ្យពួកគេអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត និងដើម្បីបង្កើតជាគន្លឹះចិត្តសាស្រ្តសម្រាប់និស្សិតទាំងនោះចូលទៅក្នុងពិភពឌីជីថល»។
ប្រទេសកាមេរូននឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងប្រធានាធិបតីក្នុងខែកញ្ញា ឆ្នាំ២០១៨។ ស្របពេលនេះដែរមានការស្នើសុំចេញពីក្នុងជួរគណបក្សចលនាប្រជាធិបតេយ្យប្រជាជនកាមេរូន (Cameroon People's Democratic Movement) ដឹកនាំប្រទេសរបស់លោក Biya ឲ្យលោកឈរឈ្មោះជាបេក្ខភាពម្តងទៀត។ លោក Biya គឺជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំកាន់អំណាចយូរឆ្នាំជាងគេក្នុងពិភពលោក លោកកាន់តំណែងជាប្រធានាធិបតីអស់រយៈពេល៣៥ឆ្នាំមកហើយ៕
ប្រែសម្រួលដោយ កោះ សុគន្ធី