ករណី​ឆបោក​និង​​ជម្លោះ​លើ​ថ្ងៃ​ឈប់​សម្រាក​កាន់​តែ​ធ្វើ​ឲ្យ​គូ​ប្រជែង​ចាស់​ចិន​និង​តៃវ៉ាន់​បែក​បាក់​គ្នា​

  • Ralph Jennings

រូបឯកសារ៖ ទង់​ជាតិ​ចិន​និង​តៃវ៉ាន់ បក់​នៅ​ជិត​គ្នា​ក្នុង​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​រួបរួម​គ្នា​ដោយ​​សន្តិភាព​ មុន​ពេល​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ក្រុង​តៃប៉ិក កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។

ទំនាក់​ទំនង​រវាង​គូ​ប្រជែង​ចាស់​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់​រង្គោះ​រង្គើ​ជា​ថ្មី​ម្តង​ទៀត​ ដោយសារ​តែ​ករណី​ធ្វើ​បត្យាប័ន​បរទេស​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​ទូរស័ព្ទ​ និង​ការ​បក​ស្រាយ​ឡើង​វិញ​របស់​ទី​ក្រុង​ប៉េកាំង​ទៅ​លើ​ថ្ងៃ​ឈប់​សម្រាក​នយោបាយ​តៃវ៉ាន់​ ដែល​ទាំង​នេះ​បាន​បង្អាក់​កិច្ច​សន្ទនា ​និង​សហប្រតិបត្តិការ​ផ្សេងៗ​ដែល​គេ​គិត​ថា​នឹង​អាច​កើត​មាន​នា​ពេល​អនាគត។​

ចិន​ធ្វើ​ឲ្យមាន​ការ​តវ៉ា​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​តៃ​វ៉ាន់​ លោក​ ស្រី​ Tsai Ing-wen​ នៅ​ក្នុង​ខែ​កុម្ភៈ​នៅ​ពេល​ដែល​គេ​រក​ឃើញ​ថា ​ប្រទេស​អេស្ប៉ាញ​នឹង​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ប្រមាណ​ជា​ ២០០​ នាក់​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ជាប់សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​ទូរស័ព្ទ។ អាជ្ញាធរ​អេស្ប៉ាញ​និង​អាជ្ថាធរ​ចិន​បាន​រក​ឃើញ​នៅ​ក្នុង​ខែ​ធ្នូ​ថា​ ជន​សង្ស័យ​បាន​ប្រើ​ប្រទេស​អេស្ប៉ាញ​ជា​មូលដ្ឋាន​មួយ​ដើម្បី​បោក​ប្រាស់​ជនរង​គ្រោះ​ដែល​ជា​ចិន​ដី​គោក។

ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ ប្រទេស​ចិន​បាន​ទាមទារ​រកហេតុផល​នៅ​ពី​ក្រោយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​កោះ​តៃវ៉ាន់​ដែល​ប្រារព្ធ​ដើម្បី​រំឭក​ដល់​ការ​ចាប់​ផ្តើម​នៃ​រយៈពេល​នៃប្រវត្តិសាស្រ្ត​ដ៏​ជូរ​ចត់​កាល​ពី​៧០​ឆ្នាំ​មុន។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ បញ្ហា​ថ្មីៗ​ដូច​ជា​ករណី​ឆបោក​ និង​ការ​ព្រួយ​បារម្ភ​លើ​ថ្ងៃ​ឈប់​សម្រាក​នឹង​ពន្យារ​ឱកាស​ដែលមានតិចតួច​ស្រាប់ក្នុងការ​ធ្វើ​ឲ្យ​មានទំនាក់ទំនង​ល្អ​ប្រសើរ​ជាង​មុន​រវាង​របប​កុម្មុយនិស្ត​ចិន​ និង​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​របស់​គណបក្ស​ Democratic Progressive Party (DPP) ​ក្រោម​ការ​ដឹកនាំ​របស់ប្រធានាធិបតី​លោក​ស្រី​ Tsai។

លោក​ Lin Chong-pin ​សាស្រ្តាចារ្យ​ផ្នែក​ការ​សិក្សា​យុទ្ធសាស្ត្រ​ ដែលបាន​ចូល​និវត្តន៍​មក​ពី​សាកលវិទ្យាល័យ​ Tamkang ក្នុង​ប្រទេស​តៃវ៉ាន់​ថ្លែង​ថា៖ «វា​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​សមាជិក​ និង​មេ​ដឹកនាំ​បក្ស​ DPP ​កាន់​តែ​ច្រើន​ទៀត​ដឹង​ថា​ វិធីសាស្រ្ត​បច្ចុប្បន្ន​របស់​ពួក​គេ​នឹង​មិន​នាំ​ឱ្យ​មាន​ឥទ្ធិពល​អ្វី​នោះ​ទេ»។ វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​ឲ្យ​ទៅ​ដល់​ចំណុច​នោះ»។

ប្រទេស​ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​ចិន​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៤០​ បើ​ទោះ​បី​ជា​ប្រទេស​ទាំងពីរ​នេះ​មាន​ការ​ដឹកនាំដោយ​ខ្លួន​ក៏​ដោយ។

បន្ទាប់​ពី​ទំនាក់​ទំនង​វិជ្ជមាន​រយៈ​ពេល​៨​ឆ្នាំ​មក​ ភាគី​ទាំង​ពីរបានផ្តាច់​ទំនាក់​ទំនង​គ្នា​កាល​ពី​ខែ​ឧសភា​នៅ​ពេល​ដែល​លោក​ស្រី ​Tsai​ ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ លោក​ស្រី​បាន​ជំទាស់​នឹង​លក្ខខណ្ឌ​នៃ​កិច្ច​ពិភាក្សា​របស់​ទីក្រុង​ប៉េកាំង​ដែល​ថា​ ភាគី​ទាំង​ពីរ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ចំណែកមួយ​នៃ​ប្រទេស​ចិន។ គ្មាន​ភាគី​ណា​មួយ​លើក​ឡើង​ពី​លក្ខខណ្ឌ​ថ្មី​ដែល​ភាគី​ម្ខាង​ទៀត​អាច​ទទួល​យក​បាន​នោះ​ទេ។

​ប្រទេស​ចិន​បាន​បន្ធូរ​បន្ថយ​សម្ពាធ​បន្តិច​ទៅ​លើ​កោះ​តៃវ៉ាន់ក្នុង​រយៈ​ពេល​ខ្លី​មួយ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ​ដូណាល់​ ត្រាំ ​បាន​ប្រាប់​សមភាគី​ចិន​របស់​លោក​គឺ​លោក​ Xi Jinping​ ថា​ លោក​នឹង​គោរព​នយោបាយ​របស់​ទី​ក្រុង​ប៉េកាំង​ដែល​កំណត់​ថា​ កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ ហើយ​ថា​ រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ខ្លួន​យល់​ពី​មូលហេតុ​ដែល​លោក​ត្រាំ​សម្រេច​ចិត្ត​បែប​នេះ។

នៅ​ក្នុង​ខែ​ធ្នូ​ លោក ​ត្រាំ​ បាន​និយាយ​ទូរស័ព្ទ​ជា​មួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់។ ការ​វិវត្តន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលនេះនាំ​ឲ្យ​ទី​ក្រុង​ប៉េកាំង​មាន​ការ​ភ័យ​ខ្លាច​ថា ​កម្លាំង​របស់​កោះ​តៃវ៉ាន់​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ក្នុង​ទំនាក់​ទំនង​ដែល​ប្រសើរ​ឡើង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​នៅ​ពេល​ដែល​កោះ​តៃវ៉ាន់​បាន​ដឹង​ថា ​ប្រទេស​អេស្ប៉ាញ​នឹង​បញ្ជូន​ជន​សង្ស័យ​រឿង​ឆបោក​ចំនួន​២១៨​នាក់​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​កាត់​ទោស​ បើ​ទោះ​ជា​ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​តៃវ៉ាន់​នោះ​ កោះ​តៃវ៉ាន់​បាន​ត្អូញត្អែរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ និង​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។ ក្រុម​ប្រឹក្សា​កិច្ចការ​ដីគោក​របស់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​តវ៉ា​ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ «ឯកតោ​ភាគី» ​ដោយ​ទីក្រុង​ប៉េកាំង​ដោយ​និយាយ​ថា​ ការ​សម្រេច​ចិត្ត​នោះ​នឹង​នាំ​ឲ្យ​រង្គោះរង្គើ​ការ​ជឿ​ទុក​ចិត្ត​ ឬ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ។

បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដូច​ជា​ប្រទេស​កេនយ៉ា​ និង​ប្រទេស​ម៉ាឡេស៊ី ​បាន​ប្រគល់​ក្រុម​ជន​សង្ស័យ​ជនជាតិ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦។ លោក​ Alexander ​Huang​ សាស្រ្តាចារ្យ​ផ្នែក​ការ​សិក្សា​យុទ្ធសាស្រ្ត​នៅ​សាកលវិទ្យាល័យ​ Tamkang ក្នុង​ប្រទេស​តៃវ៉ាន់​ និយាយ​ថា​ ករណី​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ខឹង​សម្បា​ ជា​ពិសេស​ដោយសារ​តែ​ករណី​នេះ​បាន​ចាប់​ខ្លួន​ក្រុម​ជន​ដែល​ត្រូវ​និរទេស​ទៅ​ចិន​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​ ហើយ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អឺរ៉ុប​ជា​លើក​ដំបូង។​

ទោះ​បី​ជា​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ជឿ​ថា​ ប្រទេស​ចិន​ និង​តៃវ៉ាន់​កំពុង​ស្វែង​រក​វិធី​ចរចា​គ្នា​ឡើង​វិញ​ដោយ​ស្ងៀម​ស្ងាត់​ក៏​ដោយ​ អ្នក​វិភាគ​ផ្សេងទៀត​រំពឹង​ថា​ ការ​ខ្វែង​គំនិត​គ្នា​ផ្សេង​ទៀត​ជា​ច្រើន​នឹង​កើត​មាន​ដូច​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ខែ​នេះ។

លោក​ Coen ​Blaaw​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​តស៊ូមតិ​ឈ្មោះ​ថា​ សមាគម Formosan ​សម្រាប់​កិច្ចការ​សាធារណៈ​ (Formosan Association for Publick Affairs)​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យ​ដឹង​ថា​ មាន​ការ​រំពឹង​ទុក​ថា​នឹង​មាន​ការ​និយាយ​ «បញ្ឈឺ» ​ដោយ​ប្រទេស​ចិន​លើ ​«ភាព​មិន​ប្រាកដ​ប្រជា» ដែល​ខ្លួនយល់​ឃើញ​ ចាប់​តាំង​ពី​ពេល​ដែល​លោក ​ត្រាំ​ ចូល​កាន់​តំណែង។

លោក​ Blaauw ​បាន​ថ្លែង​ថា៖ «ទោះ​បី​ជា​កោះ​តៃវ៉ាន់​បាន​បង្ហាញ​សញ្ញា​យ៉ាង​ច្បាស់​ថា​ ខ្លួន​មិន​ចង់​ឬ​មិន​មាន​គម្រោង​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ក៏​ដោយ​ ប៉ុន្តែប្រទេស​ចិនមើល​ទៅ​ហាក់​ដូច​ជា​កំពុង​ធ្វើ​ផ្ទុយ​ស្រឡះ​ពី​កោះ​តៃវ៉ាន់​ ហើយចិន​កំពុង​មាន​ចេតនា​ធ្វើ​រឿង​នេះ​ដោយ​មិន​ញញើត​ដៃ»៕

ប្រែ​សម្រួល​ដោយ​ផន​បុប្ផា