រដ្ឋមន្ត្រីការបរទេសបារាំង កាលពីថ្ងៃអាទិត្យ បានជំរុញដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កុំឲ្យជ្រៀតជ្រែកនៅក្នុងនយោបាយរបស់ប្រទេសបារាំង។ ការព្រមាននេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Tweeter ពាក់ព័ន្ធនឹងការតវ៉ាដែលមានរយៈពេលរាប់សប្តាហ៍មកហើយនោះនៅក្នុងទីក្រុង ប៉ារីស។
លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងប្រាប់ទូរទស្សន៍ LCI ថា «យើងមិនជ្រៀតជ្រែកក្នុងនយោបាយអាមេរិកទេ ហើយយើងចង់ឲ្យអាមេរិកធ្វើដូច្នេះដូចគ្នាដែរ។ ខ្ញុំនិយាយដូច្នេះទៅកាន់លោក ដូណាល់ ត្រាំ ហើយប្រធានាធិបតីបារាំងក៏និយាយដូច្នេះដែរ គឺទុកឲ្យបារាំងដោះស្រាយការងាររបស់ខ្លួន»។
លោក Le Drian ឆ្លើយតបទៅនឹងសារលើបណ្តាញសង្គម Tweeter ដែលប្រធានាធិបតីអាមេរិកបានបង្ហោះកាលពីថ្ងៃសៅរ៍។
លោក ត្រាំ បានសរសេរថា «មានការសោកសៅទាំងថ្ងៃទាំងយប់នៅក្នុងទីក្រុង ប៉ារីស។ ប្រហែលជាដល់ពេលដែលត្រូវបញ្ចប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដ៏គួរឲ្យអស់សំណើចនិងមានតម្លៃថ្លៃយ៉ាងខ្លាំងហើយ ហើយអាចនឹងប្រគល់ប្រាក់ដល់ប្រជាពលរដ្ឋក្នុងទម្រង់ជាការយកពន្ធទាបយ៉ាងម៉េចដែរ?»។
សារ Tweet កាលពីមុននេះបន្តិចរបស់លោក ត្រាំ បាននិយាយបញ្ឆិតបញ្ឆៀងថា អ្នកតវ៉ានៅក្នុងទីក្រុង ប៉ារីស គួរតែយល់ស្របទៅតាមការសម្រេចចិត្តរបស់លោកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រឆ្នាំ២០១៥ រវាងបណ្តាប្រទេសជាង១០០ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕