ប្រទេសបារាំងបានធ្វើការទាមទារដែលមិនធ្លាប់មានពីមុនមក ឱ្យសម្ព័ន្ធមិត្តនៅក្នុងសហភាពអឺរ៉ុបគាំទ្រសកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្នុងខណៈពេលដែលបារាំងបើកការវាយប្រហារតាមអាកាសជាថ្មីលើតំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធនេះ នៅក្នុងប្រទេសស៊ីរី។
ការស្នើសុំនេះធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារក្នុងទីក្រុងប៉ារីស ដែលមានជាប់ទាក់ទងនឹងក្រុមនេះហើយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់១២៩នាក់។
ប្រទេសបារាំងបានយកមាត្រាមួយនៃសន្ធិសញ្ញាទីក្រុងលីសបោន (Lisbon) របស់សហភាពអឺរ៉ុបមកប្រើ ដែលតម្រូវឱ្យសមាជិកនៃប្រទេសចំនួន២៨នៅក្នុងសហភាពនេះផ្តល់ជំនួយនិងការគាំទ្រតាមគ្រប់មធ្យោបាយ ដែលខ្លួនមានដល់ប្រទេសសមាជិកដែលជាជនរងគ្រោះនៃការចូលឈ្លានពានដោយប្រដាប់អាវុធលើទឹកដីរបស់ខ្លួន។
លោករដ្ឋមន្ត្រីការពារជាតិ Jean-Yves Le Drian បាននិយាយថា ដៃគូក្នុងសហភាពអឺរ៉ុបអាចជួយតាមរយៈការចូលរួមក្នុងប្រតិបត្តិការរបស់ប្រទេសបារាំង ក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ឬដោយការបន្ធូរបន្ថយបន្ទុកតាមរយៈការផ្តល់ការគាំទ្រសម្រាប់ឱ្យប្រទេសបារាំងធ្វើប្រតិបត្តិការនេះ។
អ្នកនាំពាក្យយោធាបារាំង Gilles Jaron បាននិយាយថា ការវាយប្រហារតាមអាកាសចុងក្រោយលើរដ្ឋធានីរ៉ាក់កា (Raqqa) របស់ក្រុមរដ្ឋឥស្លាម បានកម្ទេចប៉ុស្តិ៍បញ្ជាការនិងជំរុំហ្វឹកហ្វឺនរបស់ក្រុមនេះ។ កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ ហូឡង់ បានប្តេជ្ញាថា នឹងជំរុញឱ្យមានក្រុមសម្ព័ន្ធមិត្តរួមគ្នាមួយដែលមានលទ្ធភាពវាយកម្ទេចក្រុមជីហាដ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕