បារាំង​និង​ឥណ្ឌា​អំពាវនាវ​​ឱ្យ​បញ្ចប់​អរិភាព​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron (ឆ្វេង) ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi សម្រាប់​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន Elysee Palace នៅ​រដ្ឋធានី​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រទេស​ឥណ្ឌា​និង​បារាំង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​«បញ្ឈប់​នូវ​អរិភាព​ជា​បន្ទាន់»​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ​ជា​ថ្មី​ម្តង​ទៀត​មិនបាន​ថ្កោល​ទោស​ការឈ្លានពានរបស់​រុស្ស៊ី​ទៅ​លើ​ប្រទេសអ៊ុយក្រែន​នោះ​ឡើយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឥណ្ឌាដែល​នាំចូលបរិក្ខារ​យោធា​ចូល​ពី​រុស្ស៊ី​នោះ​បានដើរ​ខ្សែ​បន្ទាត់ការទូត​ដ៏​ប្រុងប្រយ័ត្ន​មួយ​ជាមួយ​ប្រទេស​លោក​ខាងលិច​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ ដោយ​បាន​បដិសេធ​មិន​ធ្វើ​ការ​ថ្កោលទោស​ឬ​បោះឆ្នោត​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក Modi និង​ប្រធានាធិបតី​បារាំងលោក Emmanuel Macron បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍​រួម​មួយ​ក្រោយ​ពួក​អស់លោក​បាន​ជួប​ពិភាក្សា​គ្នា​និងក្រោយកិច្ចប្រជុំអាហារ​ពេល​ល្ងាច​ថា៖ ​«បារាំង​និង​ឥណ្ឌា​សម្តែង​នូវ​ការក្តីបារម្ភ​ជុំវិញ​វិបត្តិ​មនុស្សធម៌​និង​ជម្លោះ​ដែល​កំពុង​បន្តកើត​មាននៅក្នុងប្រទេស​អ៊ុយក្រែន»។

សេចក្តី​ថ្លែងការណ៍​នោះ បាន​បញ្ជាក់​ទៀត​ថា៖ «ប្រទេសទាំង​ពីរថ្កោល​ទោស​ការសម្លាប់ជនស៊ីវិលក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​សូម​អំពាវនាវឱ្យ​បញ្ចប់​អរិភាព​នោះ​ជា​បន្ទាន់​ដើម្បី​ឱ្យ​ភាគី​ជម្លោះទាំង​ពីរបាន​ជួបគ្នា​ក្នុង​ការ​លើក​កម្ពស់ការ​សន្ទនា​និង​ការទូត​ក៏​ដូច​ជា​ការបញ្ចប់នូវ​ការ​ឈឺចាប់​ជា​បន្ទាន់​របស់​ប្រជាពលរដ្ឋ»។

បើទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏បារាំង​បានធ្វើ​ការថ្កោល​ទោស​ចំៗ​លើការ​ចូលឈ្លាន​ពាន​ដោយ​ខុសច្បាប់​និង​គ្មាន​ហេតុផល​របស់កងទ័ព​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ចំណែក​ឥណ្ឌា​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

ប្រទេស​ទាំង​ពីរ​បាន​និយាយ​ថា​ខ្លួន​«នឹង​ឆ្លើយតបក្នុងលក្ខណៈ​ពហុភាគី​និង​សម្របសម្រួលមួយ» ដើម្បី​ប្រឈម​នឹងជម្លោះ​ដែល​បណ្តាល​ឱ្យ​មាន​វិបត្តិស្បៀង​អាហារ​ជា​សាកល។ រុស្ស៊ី​និង​អ៊ុយក្រែន​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​សំខាន់​នៅ​លើ​ពិភពលោក​ដែល​ផលិត​ស្រូវ​សាឡីច្រើន​ជាង​គេ។

វិមាន Elysee របស់​បារាំង​និយាយ​ថាលោក Macron មាន​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​ជាមួយលោក Modi ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ចក្នុង​ប្រទេស​បារាំង​ចំនួន​៣ដង​រួច​មក​ហើយ​ចាប់តាំង​ពី​ឆ្នាំ​២០១៧​មក ហើយ​មេដឹកនាំ​បារាំង​រូប​នេះ​ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ម្តងដែរ​កាល​ពី​ឆ្នាំ​២០១៨៕