ប្រទេសបារាំងកំពុងតែធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមួយដើម្បីលើកកម្ពស់ដំណោះស្រាយរដ្ឋពីរ គឺអ៊ីស្រាអែលនិងប៉ាលេស្ទីនដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ា។
លោក Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយនៅក្នុងពិធីបើកសន្និសីទកាលពីថ្ងៃអាទិត្យថា៖ «ទំនួលខុសត្រូវរួមរបស់យើងគឺជួយឲ្យអ៊ីស្រាអែលនិងប៉ាលេស្ទីនត្រឡប់មករកតុចរចាគ្នាវិញ។ យើងដឹងថាវាពិបាក ប៉ុន្តែតើយើងមានជម្រើសផ្សេងពីនេះឬទេ?»
គណៈប្រតិភូមកពីជាង៧០ប្រទេសកំពុងតែចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស ដើម្បីបញ្ចេញទស្សនៈរបស់ពួកគេដែលប្រឆាំងទៅនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងដែនដីប៉ាលេស្ទីនដែលអ៊ីស្រាអែលកំពុងកាន់កាប់ ក្នុងនោះរួមមានទាំងប៉ែកខាងកើតទីក្រុងហ្ស៊េរុយសាឡិម ផងដែរ។
ទាំងអ្នកតំណាងអ៊ីស្រាអែល និងអ្នកតំណាងប៉ាលេស្ទីនមិនចូលរួមក្នុងកិច្ចប្រជុំនេះនោះទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា កិច្ចប្រជុំទីក្រុងប៉ារីសនេះ «ឥតប្រយោជន៍» និងមិនសុចរិតនោះទេ។
កាលពីខែមុន សហរដ្ឋអាមេរិកបានបោះជំហានទៅមុខប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រមួយ ដោយធ្វើអនុប្បវាទមិនចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថ្កោលទោសអ៊ីស្រាអែលចំពោះការសាងសង់លំនៅដ្ឋានក្នុងដែនដីប៉ាលេស្ទីននោះទេ។
កាលពីឆ្នាំមុនៗ ចំពោះសេចក្តីសម្រេចដែលមានលក្ខណៈស្រដៀងគ្នានេះ សហរដ្ឋអាមេរិកតែងតែប្រើសិទ្ធិវេតូរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីច្រានចោលវិធានការនេះ។
ដំណើរវិវឌ្ឍន៍នេះត្រូវបានគេមើលឃើញថាជាសេចក្តីសម្រេចរបស់សេតវិមាន ក្នុងការបង្ហាញពីជំហររបស់អាមេរិកចំពោះមជ្ឈិមបូព៌ា ខណៈដែលរដ្ឋបាលរបស់លោក អូបាម៉ា នឹងត្រូវបញ្ចប់អាណត្តិរយៈពេល៨ឆ្នាំរបស់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕