សន្តិសុខរបស់តំបន់អឺរ៉ុបកំពុងមានការផ្លាស់ប្តូរ។ ដោយមានការគំរាមកំហែងដោយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននិងពួកសកម្មប្រយុទ្ធ ឥស្លាមនៅព្រំដែនភាគខាងត្បូងនិងខាងកើត ប្លុកនេះប្រហែលត្រូវបាត់បង់មហាអំណាចយោធាដ៏សំខាន់មួយរបស់ខ្លួន។ លោក Edwards Lucas បណ្ណាធិការទស្សនាវដ្តី Economist និយាយថា៖«បន្ទាប់ពីការចាកចេញរបស់ចក្រភពអង់គ្លេស ប្រទេសបារាំងក្លាយជាមហាអំណាចយោធាដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុប។ ហើយខ្ញុំគិតថា ការរៀបចំសន្តិ សុខអឺរ៉ុបនឹងត្រូវឆ្លុះបញ្ចាំងអំពីបញ្ហានេះ»។
បច្ចុប្បន្ននេះ កងទ័ពបារាំងចំនួន៤ពាន់នាក់កំពុងប្រយុទ្ធពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ លោកប្រធានាធិបតីបារាំង Emmanuel Macron ចង់ឲ្យសម្ព័ន្ធមិត្តសហភាពអឺរ៉ុបធ្វើកិច្ច ការនេះឲ្យបានកាន់តែច្រើនឡើងទៀត។ លោកប្រធានាធិបតីបារាំងមានប្រសាសន៍ថា៖«ខ្ញុំចង់ពង្រឹងភាពជាដៃគូរវាងប្រទេសទាំងនោះនៅអឺរ៉ុប ជាពិសេស ជាមួយប្រ ទេសអាល្លឺម៉ង់ ហើយធ្វើឲ្យប្រាកដថា ការចូលរួមរបស់អាល្លឺម៉ង់នឹងរីកកាន់តែធំឡើង»។
លោក Lucas និយាយទៀតថា លោកស្រីអធិការបរតីអាល្លឺម៉ង់ Angela Merkel មិនចង់បានសន្តិសុខអឺរ៉ុបទាក់ទិននឹងសម្ព័ន្ធភាពខាងយោធារវាងបារាំងនិងអាល្លឺម៉ង់ទេ។ លោកនិយាយបន្តទៀតថា៖ «ពីព្រោះតែលោកស្រីMerkelមានការឆ្លៀសវៃដើម្បីធ្វើឲ្យអាមេរិកនៅជាប់ពាក់ព័ន្ធក្នុងវិស័យការពារប្រទេសនៅអឺរ៉ុប»។
សហភាពអឺរ៉ុបកំពុងបង្កើតមជ្ឈមណ្ឌលទីបញ្ជាការមួយហើយនឹងផ្តល់ថវិកាខាងវិស័យ ការពារប្រទេសចំនួន៥៦០លានដុល្លារ ដែលជាផ្នែកមួយនៃគោលនយោបាយវិស័យ ការពារប្រទេសរួម។ លោកស្រី Federica Mogherini ប្រធានគោលនយោបាយការបរទេសអឺរ៉ុបបានមានប្រសាសន៍ថា៖ «យើងមិនមែនស្នើរឲ្យបង្កើតអង្គការមួយដើម្បីជំនួសឬប្រកួតប្រជែងជាមួយអង្គការអូតង់ទេ។ នេះជាការច្បាស់លាស់ណាស់»។
អង្គការអូតង់បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅក្នុងតំបន់អឺរ៉ុបខាងកើតដើម្បីកំញ៉ើញប្រទេសរុស្ស៊ី។ លោក Michael Wolffson នៃសាកលវិទ្យាល័យកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ក្នុងទីក្រុង Munich បាននិយាយប្រាប់ VOA តាមប្រព័ន្ធ Skypeថា សហភាពអឺរ៉ុបមិនជំនួសអង្គការអូតង់ទេ។ លោកនិយាយថា៖«កងទ័ពភាគច្រើននៅទ្វីបអឺរ៉ុបមិនបានប្រុងប្រៀបសម្រាប់អន្តរាគមន៍ខាងយោធាទេ លើកលែងតែកង ទ័ពបារាំង។ ក៏ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ទទួលបន្ទុកច្រើនហួស មានថវិកាមិនគ្រប់គ្រាន់និងឧបករណ៍មិនគ្រប់គ្រាន់»។
ចក្រភពអង់គ្លេស បានប្រឆាំងជំទាស់កងកម្លាំងយោធាសហភាពអឺរ៉ុបនេះជាយូរមកហើយ។ ក៏ប៉ុន្តែ នៅពេលដែលការចរចាពីការចាកចេញរបស់ចក្រភពអង់គ្លេសចាប់ផ្តើម ការបញ្ចូលយោធាដ៏ស្អិតរមួតកាន់តែខ្លាំងឡើងកំពុងធ្វើឡើងរួចហើយ ហើយប្រទេសបារាំងកំពុងនាំមុខ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន