បារាំង​ទទួល​បាន​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ២០១៨

កីឡាករ Paul Pogba​ របស់​បារាំង​សាទរ​ជាមួយ​នឹង​ពានរង្វាន់ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​បារាំង និង​ក្រូអាស៊ី នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup ២០១៨ នៅ​ក្នុង​ស្តាត Luzhniki ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​កីឡាករ​បាល់ទាត់​ប្រទេស​បារាំង​បាន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃអាទិត្យ​ដោយ​បាន​ឈ្នះ​ក្រុម​ប្រទេស​ក្រូអាស៊ី ៤ ទល់​នឹង​២ ដើម្បី​ទទួល​បាន​ពានរង្វាន់​ពិភពលោក​លើក​ទី​២។ ក្រុម​កីឡាករ​បារាំង​បាន​ឈ្នះ​២ទល់​នឹង​១នៅ​វគ្គ​ទី១ នៅ​កីឡាដ្ឋាន Luzhniki ក្នុង​ទីក្រុង​មូស្គូ។

កីឡាករ​ Mario Mandzukic ​របស់​ក្រូអាស៊ី​បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​មួយគ្រាប់​ដោយ​អុក​នឹង​ក្បាល​ហើយ​កីឡាករ​ Antoine Griezmann របស់​បារាំង​បាន​ទាត់​បាល់​ពិន័យ​បាន​មួយ​គ្រាប់។ កីឡាករIvan Perisic របស់​ក្រូអាស៊ី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​បាន​យ៉ាង​ល្អ​នៅ​នាទី​ទី៣០។ កីឡាករ Paul Pogba និង​កីឡាករ Kylian Mbapp របស់​បារាំង​បាន​ទាត់​បាល់​បញ្ចូលទី​ម្នាក់​មួយគ្រាប់​បន្ថែមទៀត​ក្នុង​តង់​ទី២ ​ហើយ​បន្ទាប់​មក​កីឡាករ Mandzukic​ របស់​ក្រូអាស៊ី​ទាត់​ចូល​មួយ​គ្រាប់​ចុង​ក្រោយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ ​ប្រទេស​បារាំង​បាន​ឈ្នះ​ពាន​រង្វាន់​ជើងឯក​នៅ​លើ​ទឹកដី​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩៩៨ ដោយ​យក​ឈ្នះ​ប្រេស៊ីល ៣-០ ។ ប្រទេស​បារាំង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​នារី​ពិភពលោក​ឆ្នាំ​ក្រោយ​នៅ Décines-Charpieu នៅ​ជាយក្រុង​យ៉ុង Lyon ​នៅ​រដូវ​ក្តៅ។ ការ​ប្រកួត​បាល់ទាត់​ពិភពលោក​លើក​ក្រោយ​ធ្វើ​នៅ​ប្រទេស​កាតា​នៅ​ឆ្នាំ ២០២២។

នៅ​ពេល​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ ប្រជាប្រិយភាព​នៃ​កីឡា​បាល់ទាត់​នារី​នៅ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ខ្លាំង​ ព្រោះ​កីឡា​នេះ​ទាក់ទាញ​អ្នក​គាំទ្រ​ថ្មី ហើយ​ឪពុកម្តាយ​ជាច្រើន​ទៀត​ជំរុញ​ឱ្យ​កូន​ស្រី​របស់​ពួក​គេ​លេង​កីឡា​នេះ។ ក្រុម​កីឡាការិនី​ជាតិ​អាមេរិក​បាន​ឈ្នះ​ពានរង្វាន់​បាល់​ទាត់​ស្ត្រី​បី​លើក​រួច​មក ​ហើយនេះ​ជា​កំណត់ត្រា​មួយ​ដែល​នឹង​បង្កើន​ការ​ទាក់ទាញ​កីឡា​ការិនី​ក្មេងៗ៕