ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​សង្ឃឹម​ថា ​នឹង​បង្ហាញ​មុខមាត់​ថ្មី​មួយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ខណៈ​ស្ថិត​ក្នុង​ភាព​ឯកោ


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជោគជ័យ​មួយ​គឺ​ជា​គន្លឹះ​សំខាន់​នៅ​ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​រុស្ស៊ី។

ឃ្លា​ថា «ចូរ​កុំ​លាយ​ឡំ​នយោបាយ​ជាមួយ​នឹង​កីឡា»⁠គឺ​តែង​តែ​ត្រូវ​បាន​ឮ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​មូស្គូ​នា​ពេល​បច្ចុប្បន្ន​នេះ។⁠ ប៉ុន្តែមាន​ការ​លំបាក​ក្នុង​ការ​គេច​ចេញ​ពី​បរិយាកាស​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ​នេះ​ណាស់។⁠ ស្រប​ពេល​ដែល​ការ​ប្រកួត​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើងនៅ​រុស្ស៊ីនា​ពេល​នេះ​ រុស្ស៊ីនៅ​តែរង​ការ​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​ទន្រ្ទាន​យក​តំបន់​Crimea និង​ការ​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin យល់​ឃើញ​ថា⁠ ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ជា​ឱកាស​មួយ⁠ដើម្បី​ដក​ខ្លួន​ចេញ​ពី​ភាព​ឯកា​និង​ដើម្បី​បង្ហាញ​រូបភាព​ផ្សេង​មួយទៀត​របស់​រុស្ស៊ីទៅ​កាន់​ពិភពលោក។

វា​គឺ​ជា​ថ្ងៃ​បើក​ឆាក​ស្ទើ​តែ​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក⁠ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា​កន្លង​ទៅ​នេះ។ រុស្ស៊ី​បាន​ឈ្នះ​ប្រាំ​ទល់​នឹង​សូន្យ​ទៅ​លើ​គូ​ប្រកួត​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ហើយ​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បានឈរ​ពាស​ពេញ​ទីលាននៅ​ទីក្រុង​មូស្គូ​នា​ពេល​ល្ងាច​និង​អ្វីៗ​ទាំងអស់​ដែល​បាន​ផ្សាយ​ទៅ​ឲ្យ​មនុស្ស​រាប់​រយ​លាន​នាក់​ទស្សនា​នៅ​ជុំវិញ​ពិភពលោក។

លោក Andrey Kolesnikov នៃ​មជ្ឈមណ្ឌល Carnegie នៅ​ក្រុង​មូស្គូ​បាន​និយាយ​ថា៖

«សម្រាប់​លោក​ពូទីន​ផ្ទាល់​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពិសេស​សម្រាប់​គោលបំណង​នៃ​ការ​បង្ហាញ​មុខមាត់​ទីពីរ​របស់​លោក ដែល​មាន​លក្ខណៈ​រាក់ទាក់​និង​បើក​ចំហ។⁠ តាម​ទ្រឹស្តី មុខមាត់​នេះអាច​ចូលរួម​ចំណែក​ក្នុង​ការ​ផ្លាស់ប្តូរ​រូបភាព​របស់​រុស្ស៊ី ក៏​ដូចជា​ លោក​ពូទីន​ផ្ទាល់ ប្រសិន​បើ​ព្រឹត្តិការណ៍​កាល​ពី​គ្រា​មុន​មិន​បាន​ជួយ​ជ្រោមជ្រែង​អ្វី​នោះ»។

ព្រឹត្តិការណ៍​នានា​ដែល​បាន​ធ្វើ​ឲ្យ​រុស្ស៊ីក្លាយ​ជា​រដ្ឋ​មួយ​កាត់​ផ្តាច់​ពី​បស្ចឹម​ប្រទេស​នោះ​គឺ​ ការ​ទន្រ្ទាន​យក​តំបន់​Crimea និង​ការ​លុកលុយ​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​២០១៤ ការ​កម្ទេច​ជើង​យន្ត​ហោះ MH17 របស់​ក្រុមហ៊ុន​អាកាសចរ Malaysia⁠ Airlines ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​និយាយ​ថា ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មីស៊ីល​របស់​រុស្ស៊ី ការ​លូកដៃ​របស់​រុស្ស៊ីនៅ​ស៊ីរី​ដើម្បី​គាំទ្រ​ប្រធានាធិបតី​ស៊ីរី​លោក Bashar⁠ al-Assad និង​ការ​បំពុល​សម្លាប់ភ្នាក់ងារ​សម្ងាត់​លោក Sergei⁠ Skripal ⁠និង​កូនស្រី​របស់​លោក​នៅ​ទឹកដី​អង់គ្លេស ដែល​ទង្វើនេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​ចោទប្រកាន់​ផ្ទាល់​ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី។

លោក Andrew⁠ Foxall អ្នក​វិភាគ​នៅ​អង្គការ Henry⁠ Jackson Societyបាន​និយាយ​ថា៖

«យើង​មើល​ទៅលើ​ឥទ្ធិពល​ ដែល​រុស្ស៊ីទទួល​បាន​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ធ្លាក់ទឹកកក​នៅ​ក្រុង Sochi និង​ការណ៍​ដែល​រុស្ស៊ីឆាប់​បាត់បង់​ឥទ្ធិពល​នោះ​ទៅ​វិញ នៅ​ពេល​ដែល​ខ្លួន​បាន​ទន្ទ្រាន​យក​តំបន់​Crimea មុន​ពេល​ការ​បិទ​កីឡាអូឡាំពិក​នោះចប់​សព្វ​គ្រប់។ ដូចនេះ​មាន​អ្វី​មួយ​ផ្សេង​ទៀត​សម្រាប់​រុស្ស៊ី​ដែល​រុស្ស៊ីនឹង​ប្រើប្រាស់​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជា​គំរូ​នៃ​ការ​ងើប​ឡើង​វិញ​របស់​ខ្លួន​ជា​ប្រទេស​មហាអំណាច។ ហើយការ​ចូលរួម​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​របស់​បច្ចិម​ប្រទេស កំពុង​តែ​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ពូទីន​បង្ហាញ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក្នុង​បរិបទ​នេះ»។

​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជោគជ័យ​មួយ​គឺ​ជា​គន្លឹះ​សំខាន់​នៅ​ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​រុស្ស៊ី។

សម្រាប់​ប្រិយមិត្ត​បាល់ទាត់ នយោបាយ​ភូមិសាស្រ្ត​ជា​រឿង​ទីពីរ​ឆ្ងាយ​បន្ទាប់​ពី​បាល់ទាត់⁠ និង​ការ​អបអរសាទរ។ ប៉ុន្តែ​សម្រាប់​បស្ចិម​ប្រទេស​ដែល​ចូលរួម​ ​ការណ៍​នេះ​បង្ហាញ​ពី​បញ្ហា​ចោទ​មួយ​ថា⁠ តើ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​លាង​ជម្រះ​មុខមាត់​រុស្ស៊ីនៅ​លើ​ឆាក​អន្តរជាតិ​ឬ​យ៉ាងណា?​

​ក្រុម​អ្នក​វិភាគ​ថ្លែង​ថា វា​ត្រូវ​ការ​លើស​ពី​ការ​ប្រកួត​បាល់ទាត់​ដើម្បី​បញ្ចប់​ភាព​ឯកោ​របស់​រុស្ស៊ីបាន។

លោក⁠ Andrey⁠ Kolesnikov នៃ​មជ្ឈមណ្ឌល Carnegie នៅ​ក្រុង​មូស្គូ​បាន​និយាយ​ថា៖

«ជា​អកុសល នឹង​ត្រូវ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​រួច​ទៅ​ហើយ។ រុស្ស៊ី​មិន​អាច​បញ្ឈប់​ការ​កើត​មាន​ជម្លោះ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​វិវាទ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន​បាន​ទេ។ រុស្ស៊ី​នឹង​មិន​ប្រគល់​តំបន់​ Crimea ទៅ​ឲ្យ​អ៊ុយក្រែន​វិញ​ឡើយ។ វា​យឺត​ពេល​ទៅ​ហើយ។ រុស្ស៊ី​មិន​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ឲ្យ​មុតមាំ​ជាមួយ​នឹង​បស្ចិម​ប្រទេស​ឡើយ»។

អ្នក​វិភាគ​លោក Foxall បាន​និយាយ​ថា ជាមួយ​នឹង​ការ​ទាញ​ផល​ចំណេញ​ពី​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក និង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង Sochi លោក​ពូទីន​បាន​រក្សា​ប្រជាប្រិយភាព​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន​និង​ស៊ីរី។⁠

លោក​ Foxallបាន​លើកឡើង​ថា៖

«​សំណួរ​ដែល​ត្រូវ​ចោទ​សួរ​នោះ​គឺ​ថា⁠ មាន​អ្វី​កើត​ឡើង​បន្ទាប់?⁠ ហើយ​នៅ​កន្លែងណា​បន្ទាប់?⁠ ដើម្បី​ជួយ​លោក​ពូទីន​រក្សា​នូវ​ការ​គាំទ្រ​កម្រិត​ខ្ពស់​ដែល​លោក​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន»។

សំណួរ​នេះ​នឹង​នៅ​តែ​មាន​ជា​បន្ត​ទៀត​ បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់វិលត្រឡប់​ទៅប្រទេសកំណើត​ខ្លួនវិញ​ ក្រោយ​ពី​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោកវគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី១៥⁠ខែ​កក្កដា​ខាង​មុខ៕

ប្រែសម្រួលដោយ ណឹម⁠ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG