ការិយាល័យលោកប្រធានាធិបតីប្រទេសបារាំង Francois Hollande បាននិយាយថា ការចោទប្រកាន់ដែលថា ស.រ.អា.បានលួចស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់លោក និងអ្នកកាន់តំណែងមុនលោកពីរនាក់ទៀត «ជាការមិនអាចទទួលបានទេ» ហើយបន្ថែមថា ប្រទេសបារាំងមិនអត់អោនដល់អ្វីដែលគំរាមទៅលើសន្តិសុខរបស់ខ្លួនទេ។
លោក Hollande បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះនៅក្រោយកិច្ចប្រជុំជាមួយក្រុមប្រឹក្សាការពារប្រទេសរបស់លោក ដើម្បីពិភាក្សាអំពីការលួចបញ្ចេញឯកសារដោយ Wikileaks ដែលនិយាយថា ទីភ្នាក់ងារសន្តិសុខជាតិស.រ.អា. NSA បានធ្វើចារកម្មលើប្រធានាធិបតីបីរូបចុងក្រោយរបស់បារាំង។
មន្រ្តីនិយាយថា ការិយាល័យរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសបារាំង Lauren Fabius បានកោះហៅលោកស្រី Jane Hartley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសបារាំងទៅពិភាក្សាអំពីបញ្ហានេះ។
ឯកសាររបស់បណ្តាញ Wikileaks បានចុះផ្សាយនៅក្នុងសារព័ត៌មានបារាំង Liberation និងគេហទំព័រស៊ើបអង្កេតឈ្មោះ Mediapart។ តែមិនទាន់មានការបញ្ជាក់ភ្លាមៗអំពីភាពត្រឹមត្រូវនៃឯកសាររបស់ Wikileaks នៅឡើយទេ។
សេតវិមានមិនបាននិយាយថា ស.រ.អា.បានតាមស្តាប់ទូរស័ព្ទរបស់លោក Hollande និងអ្នកកាន់តំណែងមុនលោកទេ តែបានបញ្ជាក់ថា ស.រ.អា.មិនបានតាមដានគមនាគមន៍របស់លោក Hollande ទេ ហើយនឹងមិនធ្វើដូច្នេះទៅអនាគតទេ៕