ប្រទេសអង់គ្លេស និងបារាំងកំពុងបង្កើតមជ្ឈមណ្ឌលបញ្ជាការ និងត្រួតពិនិត្យថ្មីនៅក្នុងទីក្រុងកំពង់ផែ Calais នៃប្រទេសបារាំងនៅក្នុងការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ជនចំណាកស្រុករាប់ពាន់នាក់ដើម្បីឆ្លងកាត់ផ្លូវក្រោមសមុទ្រអង់គ្លេសដោយខុសច្បាប់នៅឆ្នាំនេះ។
លោកស្រី Theresa May រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសអង់គ្លេសនឹងជួបជាមួយលោក Bernard Cazeneuve រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសបារាំងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។
ជនចំណាកស្រុកយ៉ាងហោចណាស់ក៏១០នាក់ដែរបានស្លាប់នៅក្នុងការប៉ុនប៉ងឆ្លងកាត់ពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេសដើម្បីស្វែងរកការងារ។
កិច្ចព្រមព្រៀងនោះ រួមមានការតែងតាំងក្រុមមន្រ្តីអង់គ្លេសនៅទីក្រុង Calais ដើម្បីប្រយុទ្ធការជួញដូរមនុស្ស ហើយស្ថាបនាមជ្ឈមណ្ឌលត្រួតត្រាមួយនៅជិតច្រកចូលផ្លូវក្រុមសមុទ្រ Eurotunnel ជាមជ្ឈមណ្ឌលដែលផ្តោតលើជនចំណាកស្រុកដែលសង្ឃឹមថា នឹងឡើងជិះរទេះភ្លើង ឬរថយន្តដឹកទំនិញធំៗទៅកាន់ប្រទេសអង់គ្លេស។
ការសាងសង់របង ភ្លើងបញ្ចាំង ម៉ាស៊ីនថតរូបសន្តិសុខ ហើយនិងបច្ចេកវិទ្យាផ្សេងៗទៀតក៏ត្រូវដាក់តម្លើងនៅក្នុងតំបន់ជុំវិញផ្លូវក្រោមបាតសមុទ្រនោះដែរ។
បារាំងបាននិយាយដែរថា ខ្លួននឹងរួមវិភាគទានជំនួយមនុស្សធម៌បន្ថែមដល់ជនអន្តោប្រវេសន៍នៅក្នុងជំរុំនៅជិតផ្លូវក្រោមបាតសមុទ្រ Eurotunnel ដែលនៅទីនោះស្ថានភាពអនាម័យមានសភាពធ្ងន់ធ្ងរបំផុត។
ស្ថានភាពនេះបានឡើងដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតកាលពីខែមុន នៅពេលដែលជនចំណាកស្រុកយ៉ាងច្រើនរហូតដល់១.៧០០នាក់នឹងព្យាយាមជិះរទេះភ្លើងរត់ក្រោមបាតសមុទ្រនៅពេលយប់៕