រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រី គឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
ភាគីទាំងពីរបានលើកឡើងពីគោលនយោបាយនាំចេញ ពាណិជ្ជកម្ម និងបញ្ហាវិនិយោគដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពតានតឹង ក្នុងកិច្ចសន្ទនាមួយដែលការិយាល័យរបស់អ្នកស្រី Raimondo បានពិពណ៌នាថា «មានភាពស្មោះត្រង់និងសំខាន់»។
លោក Wang ក៏បានជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Katherine Tai នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្រនៅទីក្រុង Detroit រដ្ឋ Michigan ផងដែរ។
កិច្ចប្រជុំបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបង្ហាញពីភាពរកាំរកូសក្នុងទំនាក់ទំនងមួយដែលមានភាពតានតឹង ចាប់តាំងពីពេលដែលយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិននៅលើទឹកដីអាមេរិកកាលពីខែកុម្ភៈ ដែលជាឧប្បត្តិហេតុមួយបានបង្កឱ្យមានភាពច្របូកច្របល់រវាងភាគីទាំងពីរ និងបណ្តាលឱ្យមានការលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងផងដែរ។
ទោះជាយ៉ាងនេះក្តី នៅក្នុងកិច្ចប្រជុំថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា រវាងទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan និងអ្នកការទូតកំពូលរបស់បក្សកុម្មុយនិស្តលោក Wang Yi ភាគីទាំងពីរទំនងជាបានទុកបញ្ហានេះឱ្យនៅមួយឡែកសិន។
រូបឯកសារ៖ នាវិករៀបចំសម្ភារៈដែលបានរកឃើញនៅឆ្នេរ Myrtle Beach ក្នុងរដ្ឋ South Carolina ពីការបាញ់ទម្លាក់បាឡុងរបស់ចិនដើម្បីដឹកជញ្ជូនទៅឱ្យ FBI នៅឯមូលដ្ឋានបេសកកម្មរួម Little Creek ក្នុងរដ្ឋ Virginiaកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Sullivan បានប្រាប់ VOA ក្នុងអំឡុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែឧសភាថា ការបាញ់ទម្លាក់បាឡុងគឺជា«សារយ៉ាងច្បាស់មួយថា យើងនឹងមិនអត់ឱនចំពោះការរំលោភបំពានដែនអាកាសរបស់សហរដ្ឋអាមេរិកទេ។ យើងបានបញ្ជាក់ជំហររបស់យើង»។
ហេតុអ្វីនៅពេលនេះ?
អ្នកស្រី Yun Sun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson បានថ្លែងថា លើសពីការចង់បង្ហាញថាខ្លួនអាចគ្រប់គ្រងការប្រកួតប្រជែងមហាអំណាចជាមួយប្រទេសចិននិងស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងៗរាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រហូតដល់ការបញ្ឈប់ការជួញដូរសារធាតុ fentanyl រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដ៏ចង់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងធ្វើជាកម្លាំងស្ថាបនាក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ទន្ទឹមនឹងគ្នានេះ ចិនកំពុងប្រើប្រាស់ទំនាក់ទំនងប្រតិបត្តិការដើម្បីទាញយកប្រយោជន៍លើបញ្ហាដែលខ្លួនយកចិត្តទុកដាក់។ អ្នកស្រីបានប្រាប់ VOA ថា ឧទាហរណ៍ នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ទោះបីជាការដែលសហរដ្ឋអាមេរិកកាត់ផ្តាច់ ឬកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនជារឿងជៀសមិនរួចក៏ដោយ ក៏រដ្ឋាភិបាលក្រុងប៉េកាំងនៅតែមើលឃើញកន្លែងដែលអាចចរចាលើវិស័យក្រុមហ៊ុន ឬផលិតផលជាក់លាក់ណាមួយ។
លោក Dennis Wilder អតីតនាយកក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសចិនដែលឥឡូវនេះជាសហការីជាន់ខ្ពស់នៃគំនិតផ្តួចផ្តើមសម្រាប់កិច្ចសន្ទនាអាមេរិក-ចិនលើបញ្ហាសាកលនៅសាកលវិទ្យាល័យ Georgetown បានថ្លែងថា កត្តាជំរុញទៅវិញទៅមកគឺកិច្ចប្រជុំរបស់មេដឹកនាំ APEC ដែលសហរដ្ឋអាមេរិកគ្រោងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង San Francisco ក្នុងខែវិច្ឆិកាខាងមុខ។
លោកប្រធានាធិបតី Xi Jinping ជឿជាក់ថា ចិនគឺជាសមាជិកស្ថាបនិកនៃវេទិកា APEC។ លោក Wilder បានប្រាប់ VOA ថា អ៊ីចឹងហើយ «បើគិតពីទស្សនទានកិត្យានុភាពជាតិ វាមានសារៈសំខាន់សម្រាប់លោកដែលត្រូវទៅចូលរួមនៅទីនោះ»។
ទន្ទឹមនឹងគ្នានេះ លោក Biden ចង់ឱ្យ«មេដឹកនាំពិភពលោកជាច្រើនចូលរួមក្នុងវេទិកានេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន លើកលែងតែលោក Putin ប៉ុណ្ណោះ»។
ប្រសិនបើលោក Xi ចូលរួមកិច្ចប្រជុំកំពូល APEC អាចមានកិច្ចប្រជុំកំពូលដាច់ដោយឡែកមួយជាមួយលោក Biden ដែលជាការជួបប្រជុំផ្ទាល់មុខគ្នាជាលើកទី២របស់លោកទាំង ២ ក្នុងនាមជាប្រធានាធិបតី ចាប់តាំងពីពេលលោកទាំង ២ បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេស G-20 នៅកោះបាលីកាលពីខែវិច្ឆិកាឆ្នាំមុន។
ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលតិចជាង ៦ ខែ អ្នកសង្កេតការណ៍បានលើកឡើងថា ពួកគេជិតអស់ពេលវេលាក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះហើយ៕
លោក Jeff Seldin និងអ្នកស្រី Nike Ching រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន