ចិនបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅឯវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍កាលពីថ្ងៃចន្ទ ដែលជាសញ្ញាថ្មីមួយនៃភាពតានតឹងរវាងមហាអំណាចទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន The Wall Street Journal សំដៅទៅលើចិនដោយប្រើប្រាស់ឈ្មោះផ្លូវការណ៍សាធារណរដ្ឋប្រជាមានិតចិនថា៖ «កាលពីយប់ម៉ិញ សាធារណរដ្ឋប្រជាមានិតចិនបានប្រាប់អាមេរិកថា ពួកគេបានច្រានចោលការអញ្ជើញកាលពីដើមឧសភារបស់យើងឱ្យមានជំនួបរវាងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Austin និងរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu នៅប្រទេសសិង្ហបុរី»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យសេតវិមានលោក John Kirby ថ្លែងថាមានការពិភាក្សានានាដោយក្រសួងការពារជាតិដើម្បីឱ្យមានកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងសមភាគីចិន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីកាលពីខែមីនា។
ការរំពឹងឱ្យមានជំនួបរវាងពួកគេត្រូវបានតាមដានយ៉ាងដិតដល់ ដោយសារតែភាពតានតឹងផ្នែកសន្តិសុខតំបន់ និងជម្លោះផ្នែកពាណិជ្ជកម្មដែលធ្វើឱ្យខូចផែនការសម្រាប់ចូលរួមឡើងវិញដោយប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក៕