ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden លើកឡើង​ពី​ការតាំងចិត្ត​របស់​អាមេរិក​នៅ​ចំពោះ​មុខ​នៃ​ភាព​ដ៏​គឃ្លើន​របស់​ចិន​និង​រុស្ស៊ី


លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហរដ្ឋ​អាមេរិក (State of the Union Address) ទៅ​កាន់​សភា​ជាតិ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហរដ្ឋ​អាមេរិក (State of the Union Address) ទៅ​កាន់​សភា​ជាតិ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ​និយាយ​ថា​ ​ សហរដ្ឋ​អាមេរិក​កំពុងជួប​ការ​ប្រឈម​ធ្ងន់ធ្ងរ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ប្រជាធិបតេយ្យនានាមាន​កម្លាំង​កាន់​តែ​ខ្លាំង ហើយ​របប​ផ្តាច់​ការមាន​ភាពកាន់​តែ​ទន់ខ្សោយ​ជាង​មុន​។​

ក្នុង​ការគូស​បញ្ជាក់ពី​សមិទ្ធផល​នៃគោលនយោបាយ​ការបរទេសនិង​ការ​ប្រឈម​របស់លោក​ នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​ប្រទេស​អាមេរិក​ ដែល​លោក​បានថ្លែង​កាល​ពី​យប់​ថ្ងៃ​អង្គារម្សិលមិញទៅ​កាន់​សភា​អាមេរិកនោះ ​លោក​ប្រធានាធិបតី​អាមេរិក បានថ្លែង​សង្កត់​ធ្ងន់​ដោយ​ភាពសុទិដ្ឋិនិយម​និង​ម៉ឺងម៉ាត់​ ដោយ​ផ្តោតសុន្ទរកថា​របស់​លោកលើគណបក្សកុម្មុយនីស្តចិននិងមេដឹកនាំ​រុស្ស៊ី​ លោក​ Vladimir Putin។​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីបាឡុងស៊ើបការណ៍​សម្ងាត់របស់​ចិន​ បាន​ហោះ​មក​លើ​ដែន​អាកាស​អាមេរិក​ ដែល​ធ្វើឱ្យ​មាន​ការ​លុបចោល​នូវ​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Antony Blinken ទៅ​កាន់​ប្រទេស​ចិន​នោះ​ លោក Biden ​បានលើក​ឡើង​ពី​ការ​មើល​ឃើញ​នូវទំនាក់​ទំនងរបស់​សហរដ្ឋអាមេរិកជា​មួយ​ប្រទស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ។​ ​

លោក​ប្រធានាធិបតី​និយាយ​ថា​ លោក​នៅ​តែ​បើក​ចំហរ​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​ប្រទេស​ចិន ដែល​អាចលើក​កម្ពស់ដល់​ផលប្រយោជន៍របស់​អាមេរិក​ និង​ផ្តល់​ផល​ល្អដល់​ពិភពលោក​ទាំង​មូល។​

លោក​បន្ថែម​ទៀត​ថា​ «ប៉ុន្តែ​សូម​កុំយល់​ច្រឡំ​លើ​រឿង​នេះ។​ ​ដូច​យើង​បាននិយាយ​យ៉ាង​ច្បាស់​កាល​ពី​សប្តាហ៍​មុន​រួច​ហើយ​ ប្រសិន​បើ​ចិនគំរាមកំហែង​លើ​បូរណភាព​ទឹកដី​របស់​យើង​នោះ យើង​នឹង​ចាត់ការដើម្បីការពារ​ប្រទេស​យើង​ ហើយ​យើង​បាន​ធ្វើវារួច​ហើយ»​ក្នុង​រឿង​នេះ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួនបាន​រិះគន់​លោក Biden​ ថា​មិន​បាន​បញ្ជាឱ្យ​បាញ់​ទម្លាក់​បាឡុង​របស់​ចិននោះ​ឱ្យ​បានលឿង​ជាង​នេះ​បន្តិច​ ដោយ​ទុក​ឱ្យ​វា​ហោះ​លើ​ដែន​អាកាស​អាមេរិក​អស់​មួយ​រយៈពេល។

សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា បាឡុង​ដែល​គេ​សង្ស័យ​ថា​ជា​បាឡុង​ចារកម្ម​របស់​ចិន​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​តាមដាន​ដ៏​ទូលំទូលាយ​មួយ​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​យោធា​ចិន។

ការ​ភ្ជាប់​ទំនាក់ទំនង​បាឡុង​នេះ​ទៅ​នឹង​យោធា​ចិន​ត្រូវ​បាន​រាយការណ៍​ដំបូង​កាលពី​ថ្ងៃ​អង្គារ​ដោយ​កាសែត The Washington Post និង​ក្រោយ​មក​ទូរទស្សន៍​ CNN ក៏​បាន​បញ្ជាក់​អះអាង​អំពី​រឿង​នេះ​ផង​ដែរ។

បាឡុង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កង​យាន​អាកាស​គ្មាន​អ្នកបើកបរ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​មួយ​ផ្នែក​ចេញ​ពី​ខេត្ត Hainan នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

កាសែត The Washington Post បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ដែល​មិន​បញ្ចេញ​ឈ្មោះដែល​បាន​និយាយ​ថា កម្មវិធី​នេះ​បាន​ធ្វើ​បេសកកម្ម​តាមដាន​នៅ​ក្នុង​ប្រទេស​និង​តំបន់​នានា​ដែល​មាន​ប្រយោជន៍​លេច​ឡើង​ផ្នែក​យុទ្ធសាស្ត្រ​ដូចជា​ប្រទេស​ជប៉ុន ឥណ្ឌា វៀតណាម ហ្វីលីពីន និង​កោះ​តៃវ៉ាន់​ជាដើម។

អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Wendy Sherman បាន​ជូន​ដំណឹង​អំពី​រឿង​នេះ​ដល់​មន្ត្រី​ការទូត​បរទេស​ប្រហែល ១៥០ នាក់​មកពី​ស្ថានទូត​ចំនួន ៤០ អំពី​កម្មវិធី​តាមដាន​របស់​យោធា​ចិន​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG