ចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមគឺលោក ម៉ាក ហាម៉ុន (Mark Harmon) បានដាក់ពាក្យសុំលាលែងក្នុងខណៈពេលដែលមានព័ត៌មានស្តីពីអាជ្ញាធរប៉ូលិសកម្ពុជាបានធ្វើព្រងើយកន្តើយមិនចាត់ការលើដីកាចាប់ខ្លួនទីពីរដែលឱ្យចាប់ខ្លួនអតីតមេបញ្ជាការខ្មែរក្រហមម្នាក់។
ចៅក្រមសញ្ជាតិអាមេរិកាំង ម៉ាក ហាម៉ុន គឺជាចៅក្រមទីបួនដែលបានលាលែងជាបន្តបន្ទាប់ពីសាលាក្តីកូនកាត់ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះ លោក ហាម៉ុន បានលើកហេតុផលថា៖
«ជាមួយនឹងការសោកស្តាយដ៏ជ្រាលជ្រៅបំផុតដែលខ្ញុំបានដាក់សំណើសុំលាលែងពីតំណែងរបស់ខ្ញុំ ដោយសារតែមូលហេតុផ្ទាល់ខ្លួនមួយគត់ ហើយការលាលែងនេះនឹងចូលជាធរមាននៅពេលដែលចៅក្រមដែលត្រូវជំនួសខ្ញុំធ្វើពិធីសម្បថចូលកាន់តំណែង»។
លោកបានបន្ថែមថា៖
«វាពិតជាកិត្តិយសណាស់ ដែលខ្ញុំត្រូវបានជ្រើសរើសឱ្យបម្រើការងារជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហើយមានបុព្វសិទ្ធិជាមួយនឹងសហការីអន្តរជាតិនិងកម្ពុជាដទៃទៀតដើម្បីស្វែងរកយុត្តិធម៌ក្នុងនាមជនរងគ្រោះជាច្រើនដែលបានទទួលរងទុក្ខវេទនានៅក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម»។
លោកចៅក្រម ម៉ាក ហាម៉ុន បានធ្វើពិធីសម្បថចូលកាន់តំណែងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២។ នៅពេលនោះលោកបានប្តេជ្ញាថា បន្តការងារលើសំណុំរឿងដ៏ចម្រូងចម្រាស ០០៣ និង០០៤ ជាមួយនឹងលោកសហចៅក្រមស៊ើបអង្កេតជាតិ យូ ប៊ុនឡេង ប៉ុន្តែយោងតាមឯកសាររបស់សាលាក្តីដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញថា អាជ្ញាធរប៉ូលិសបានធ្វើព្រងើយកន្តើយមិនចាត់ការលើដីកាចាប់ខ្លួនអតីតមេបញ្ជាការទ័ពជើងទឹកខ្មែរក្រហម មាស មុត ដែលចេញជាលើកទីពីរដោយការិយាល័យរបស់លោកទេ។
ចៅក្រមដែលបានលាលែងចេញពីតំណែងមុនៗគឺ ចៅក្រម ម៉ាកសែល ឡឺម៉ុង ចៅក្រម Siegfried Blunkនិងសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ Laurent Kasper-Ansermet៕
លោកចៅក្រមសញ្ជាតិអាមេរិករូបនេះបានបំពេញការងារជាមេធាវីជាន់ខ្ពស់មួយនៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) អស់រយៈពេល ១៧ ឆ្នាំ៕