មនុស្ស​១៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​និង​ការ​ប៉ះទង្គិច​គ្នា​នៅ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន

Abu Misry Mama (រូប​ឆ្វេង) ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ឥស្លាម Bangsamoro ដែល​ជា​ក្រុម​ផ្តាច់​ខ្លួន​ពី​ក្រុម​ឧទ្ទាម Moro Islamic Liberation Front (MILF) ហើយ​តែងតែ​ចង់​ប្រកាស​ឯករាជ្យ។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​កាន់​សាសនា​ឥស្លាម​ក្នុង​ពិធី​បុណ្យ​ណូអែល​នៅ​តាម​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ដែល​កាន់​សាសនា​គ្រិស្ត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ មន្ត្រី​មាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​រួម​មាន ពលរដ្ឋ​ដែល​កាន់​សាសនា​គ្រិស្ត​ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​ឧទ្ទាម​ដែល​មាន​ឈ្មោះ​ថា អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ឥស្លាម Bangsamoro ហើយ​សមាជិក៥នាក់​របស់​ក្រុម​ឧទ្ទាម​នេះ​ក៏​បាន​ស្លាប់​ ដោយ​ការ​បាញ់​ប្រហារ​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​បុណ្យ​ណូអែល។

លោក​ស្រី​មេ​បញ្ជា​ការ Joan Petinglay អ្នក​នាំ​ពាក្យ​ឲ្យ​យោធា​ក្នុង​តំបន់ បាន​មាន​ប្រសាសន៍​ថា ការ​វាយ​ប្រហារ​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៣​ខុសៗ​គ្នា នៅ​លើ​កោះ Mindanao។ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ​នោះ សមាជិក​ក្រុម​ឧទ្ទាម​ប្រមាណ​២០០នាក់​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​យ៉ាង​ហោច​ណាស់​ចំនួន​៨​លើក។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា៖ «‍យើង​បាន​ដឹង​ថា ក្រុម​សកម្ម​ប្រយុទ្ធ Bangsamoro មាន​គម្រោង​វាយ​ប្រហារ​លើ​ប្រជា​ពលរដ្ឋ និង​ក្រុម​ផ្តាច់​ខ្លួន​របស់​យើង។ ដូច្នេះ​យើង​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​តាំង​ពី​មុន​ថ្ងៃ​បុណ្យ​ណូអែល។ ការ​ប្រុងប្រយ័ត្ន​នេះ​បាន​រារាំង​មិន​ឲ្យ​ក្រុម​ឧទ្ទាម​វាយ​ប្រហារ​តាម​ភូមិ និង​បង្ក​គ្រោះថ្នាក់​កាន់​តែ​ច្រើន»។

កោះ Mindanao ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​២០​លាន​នាក់ គឺជា​តំបន់​ដែល​មាន​ប្រជាជន​ដែល​កាន់​សាសនា​ឥស្លាម​មួយ​ចំនួន​ធំ។ ហើយ​ក្រុម​ឧទ្ទាម Bangsamoro​ បាន​ផ្តាច់​ខ្លួន​ចេញ​ពី​អង្គភាព​ឧទ្ទាម​ឥស្លាម​ដ៏​ធំ​មួយ​នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១១ ដោយ​ប្រកាស​ថា​ក្រុម​របស់​ខ្លួន​នឹង​ប្រយុទ្ធ​ដើម្បី​បង្កើត​រដ្ឋ​ឥស្លាម​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន ដែល​ប្រជាជន​នៅ​ទីនោះ​ភាគ​ច្រើន​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក (Catholic) ហើយ​ថា ខ្លួន​នឹង​បដិសេធ​រាល់​ការ​បញ្ចុះ​បញ្ចូល​របស់​រដ្ឋាភិបាល​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​នោះ។

ជន​ឧទ្ទាម​មួយ​ចំនួន​ដែល​បាន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នានា​ក្នុង​សប្តាហ៍​នេះ បាន​សន្យា​ស្មោះស្ម័គ្រ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​វីដេអូ​មួយ​បាន​បង្ហោះ​លើ​គេហទំព័រ YouTube ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា ពួកគេ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា​ក្រុម​ឧទ្ទាម​នៅ​ហ្វីលីពីន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ​និង​ស៊ីរី​នោះ​ទេ៕