ខណៈកំពុងប្រឈមនឹងការកោះហៅរបស់តុលាការ សកម្មជនឡពាងដែលការពារតំបន់អភិរក្សបឹងពោធិ៍ក្នុងឃុំតាជេស ក្នុងខេត្តកំពង់ឆ្នាំង បានស្នើឲ្យតុលាការ និងសមត្ថកិច្ចចុះមកសិក្សាករណីនេះ ដោយពួកគេអះអាងថាអយុត្តិធម៌។
តុលាការបានកោះហៅប្រជាពលរដ្ឋ៤នាក់ ដែលធ្លាប់មានជម្លោះដីធ្លីប្រមាណ២០ឆ្នាំមកហើយជាមួយភរិយារបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីសាកសួរអំពីដំណើររឿង«ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា»។ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា ដែលវីអូអេទទួលបាន។
ដីកាកោះហៅចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដើមចោទឈ្មោះ ប៉ក សុទន ដែលជាអ្នកនេសាទត្រីម្នាក់ក្នុងតំបន់បឹងពោធិ៍នោះដែរ បានប្តឹងទៅបុគ្គល៤នាក់ មានឈ្មោះ ស្ងួន ញឿន ឈ្មោះ ស្ងួន ញ៉ាន ឈ្មោះ អ៊ុំ សុភី និងឈ្មោះ អ៊ុន ម៉ុន ដែលជាសកម្មជនការពារអភិរក្សបឹងពីបទ«ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា»។
បើតាមលិខិតកោះហៅនេះ តុលាការបានតម្រូវឲ្យពួកគេទាំង៤នាក់ចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃតុលាការខេត្តកំពង់ឆ្នាំង បានថ្លែងថាពិតជាមានករណីប្តឹងនេះមែន ប៉ុន្តែលោកមិនអាចបញ្ជាក់អ្វីបន្ថែមបាននោះទេ គឺរង់ចាំការចូលបំភ្លឺរបស់ភាគីពាក់ព័ន្ធជាមុនសិន។
អ្នកស្រី អ៊ុំ សុភី អាយុ៤២ ដែលរងការកោះហៅឲ្យចូលតុលាការ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាការហៅនេះ «មិនមានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ណាស់»សម្រាប់អ្នកភូមិ ខណៈអ្នកស្រីបានប្តឹងបុគ្គល ប៉ក សុទន កាលពីថ្ងៃ២២ ខែកុម្ភៈ ពី«ការបំផ្លាញ និងដុតរោងកន្លែងការពារតំបន់អភិរក្សត្រីរបស់សហគមន៍» ប៉ុន្តែមិនមានសមត្ថកិច្ចណាម្នាក់ចាត់ការលើបណ្តឹងនេះទេ។
អ្នកស្រីចង់ឲ្យអាជ្ញាធរចុះមកសិក្សាឲ្យបានច្បាស់ ដើម្បីរកភាពយុត្តិធម៌ដល់រូបអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀត។ អ្នកស្រីថ្លែងថា៖ «អញ្ចឹងខ្ញុំចង់ស្នើឲ្យតុលាការ ឬក៏អាជ្ញាធរមេត្តាចុះមកដល់កន្លែងកើតហេតុមក ហើយមកសួរពួកខ្ញុំផ្ទាល់(ដែលជា)អ្នកការពារអភិរក្ស(បឹងធម្មជាតិ) តើខ្ញុំការពារដើម្បីអ្វី? ការពារដើម្បីឯកជន ឬការពារដើម្បីបុគ្គល? ហើយមកប្រាប់ខ្ញុំមកប្រាប់ឲ្យច្បាស់លាស់ ហើយសួរ(និង)ចុះមកជួបជុំគ្នានិយាយមក។ ហើយអត់មានស្រាវជ្រាវអត់មានអី(មក)ប្តឹង ហើយ(ចំណែក)ឯបណ្តឹងពួកខ្ញុំទុកចោលអត់ចាត់ការ អញ្ចឹងវាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
អ្នកស្រី សុភី ជាតំណាងសហគមន៍ឡពាងឲ្យដឹងទៀតថា គោលបំណងរបស់សហគមន៍មិនមានគោលបំណងអាក្រក់អ្វីនោះទេ ដោយគ្រាន់តែការពារសម្បត្តិសាធារណៈរបស់រដ្ឋ និងការពារត្រីតែប៉ុណ្ណោះ ពីព្រោះអ្នកស្រីព្រួយបារម្ភខ្លាចបាត់បង់ពូជត្រីក្នុងសហគមន៍របស់ខ្លួន ជាពិសេសការធ្លាក់ចុះផលត្រីសម្រាប់ប្រជាជនក្នុងការនេសាទនៅតំបន់នោះ។
អ្នកស្រីបន្តថា៖ «ខ្ញុំឃើញថាពូជត្រីនៅប្រទេសកម្ពុជាយើង(គឺ)វាចាប់ផ្តើមហិនហោចហើយ ពូជត្រីធម្មជាតិ។ បើយើងមិនចេញមុខទៅការពារ ពីព្រោះខ្ញុំឃើញថាបទល្មើសផ្សេងៗ ដែលគេឆក់ អូសអួន(គឺ)ខ្ញុំឃើញអាជ្ញាធរដូចជាមិនរវល់ អញ្ចឹងពួកខ្ញុំដែលជាសហគមន៍ ដែលស្រលាញ់សម្បត្តិធម្មជាតិហ្នឹង(ដែល)ខ្ញុំជាតំណាងប្រធានសហគមន៍អភិរក្សហ្នឹងខ្ញុំ ស្រលាញ់សម្បត្តិធម្មជាតិ ឃើញថាប្រទេសយើង សម្បត្តិធម្មជាតិ វាបាត់ស្ទើរអស់ទៅហើយជាពិសេសពូជត្រីធម្មជាតិរបស់យើង»។
ចំណែកអ្នកស្រី អ៊ុន ម៉ុន អាយុ៦១ឆ្នាំ ដែលរងការកោះហៅរបស់តុលាការដូចគ្នា បានប្រាប់វីអូអេថាអ្នកស្រីមានការងឿងឆ្ងល់ហេតុអ្វីបានជាមានការកោះហៅអ្នកស្រីបែបនេះ ព្រោះកាលពីកន្លងទៅ អ្នកស្រីនិងក្រុមរបស់អ្នកស្រីចូលទៅថតរូបទុកធ្វើជាភស្តុតាងតែប៉ុណ្ណោះ។ អ្នកស្រីបន្តថាពួកគាត់មិនមានអាវុធ និងមិនបានទៅគំរាមកំហែងដល់អ្នកណាម្នាក់នោះទេ។
អ្នកស្រីថ្លែងថា៖ «អូនដឹងអត់ទេ ថ្ងៃដុតរោងសុទ្ធតែដំបង ចង់វាយពួកយើង(ហើយ)ពួកយើងមានតែគ្នា៤នាក់ចូលទៅថតយកភស្តុតាងបន្តិចហ្នឹង...មានរឿងអីថាទៅរកសម្លាប់គេ (តែ)គិតតែគេចង់រកសម្លាប់ ប្រមាថរកវាយក្បាលមួយគល់ឫស្សី ក៏មានដែរ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប៉ក សុទន ដែលជាដើមបណ្តឹងប្តឹងប្រជាពលរដ្ឋបាននៅឡើយទេ។
អធិការរងស្រុកកំពង់ត្រឡាច លោក ពេជ្រ សំអាត បានប្រាប់វីអូអេថាបញ្ហានេះដោយសារមានភាពស្មុគស្មាញពេក លោកក៏បានឲ្យអ្នកដែលមានជម្លោះទៅប្តឹងទៅតុលាការដោយផ្ទាល់។
លោកថ្លែងថា៖ «ខ្ញុំឃើញដែរ ខ្ញុំអ្នកកត់(របាយការណ៍)ចូលដែរ។ ប៉ុន្តែសាច់រឿងខ្ញុំគ្រាន់តែដឹងខ្លះៗថាក្រុមមួយ(ក្រុមលោក ប៉ក សុទន)គាត់ទៅដាក់មងនៅកន្លែងបឹង ...ដាក់មង បង់សំណាញ់អញ្ចឹងទៅ(ហើយ)ខាងក្រុមអភិរក្សបឹង គឺកាប់មង កាប់សំណាញ់របស់ប្រជាពលរដ្ឋ...។ (ហើយ) ខ្ញុំថាលក្ខណៈតូចតាចដល់តែឃើញភាព(ច្របូកច្របល់ពេក)ពីរទៅបីដងហើយ(ហើយ)ដល់ពិបាកពេក ខ្ញុំឲ្យទៅប្តឹងនៅតុលាការហ្មងទៅ»។
ចំណែកអ្នកស្រី ស្វាយ ស៊ីម មេឃុំស្តីទីតាជេស បានប្រាប់វីអូអេថាអ្នកស្រីក៏មិនបានដឹងពីរឿងជម្លោះប្តឹងគ្នានេះលម្អិតនោះដែរ ដោយសារតែរឿងនេះមិនបានប្តឹងមកសាលាឃុំទេ។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា បានថ្លែងថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរតែរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ លោកយល់ថាការពារធនធានធម្មជាតិនិងការអភិរក្សត្រីនេះ គឺអាចធ្វើឲ្យប្រជាពលរដ្ឋអាស្រ័យផលនេសាទបានយូរ និងបានជំរុញដល់ការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋថែមទៀតផង។
លោកថ្លែងថា៖ «វាមានផលប្រយោជន៍ណា កាលណាវាមានបឹងឡើងវិញ មានមច្ឆាជាតិឡើងវិញហ្នឹង គឺវានឹងជំរុញដល់ការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋគាត់អាស្រ័យផលទៅលើធនធានធម្មជាតិ ដែលនៅជុំវិញនេះហើយ។ ហើយបើសិនជាធនធានធម្មជាតិ វាបានកកើតឡើងវិញ ឬរក្សាបាននោះ (គឺ)ភាពរីកចម្រើន ភាពរុងរឿងនៅក្នុងមូលដ្ឋាន វានឹងល្អប្រសើរហើយ»។
ប្រជាពលរដ្ឋបានឲ្យដឹងថាបឹងពោធិ៍មានផ្ទៃក្រឡាប្រមាណ៤៧ហិកតា ដែលស្ថិតនៅជាប់ភូមិចំនួន៣ មានភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង ក្នុងឃុំតាជេស ដែលប្រជាពលរដ្ឋអាស្រ័យផល។
គួរបញ្ជាក់ថាសហគមន៍ឡពាងក៏បានជាប់នៅក្នុងជម្លោះដីធ្លីអស់រយៈពេលជិត២០ឆ្នាំមកហើយជាមួយនឹងក្រុមហ៊ុន KDC ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម៕