ជនសង្ស័យម្នាក់ដែលបានចាប់ខ្លួននៅក្នុងការទាក់ទិនទៅនឹងការវាយប្រហារដ៏ប្រល័យដោយរថយន្ត Vanមួយនៅក្នុងទីក្រុង Barcelona បានប្រាប់តុលាការកំពូលនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារថា ក្រុមនោះបានរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំជាងនោះដោយប្រើប្រាស់គ្រឿងផ្ទុះ នេះតាមប្រភពតុលាការកាលពីថ្ងៃអង្គារ។
Mohamed Houli Chemlal ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបានទទួលរងគ្រោះនៅក្នុងការផ្ទុះមួយនៅតំបន់ភាគខាងត្បូងទីក្រុង Barcelona មួយថ្ងៃមុនការវាយប្រហារដោយប្រើរថយន្ត Van ជាជនសង្ស័យ៤នាក់លើកដំបូងផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារ មួយថ្ងៃក្រោយពីប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ដែលពួកគេនិយាយថាជាអ្នកបើកបររថយន្ត Van។
ការស្វែងរកដ៏ធំមួយដើម្បីចាប់ខ្លួនជនសង្ស័យដ៏សំខាន់ចុងក្រោយគឺ Younes Abouyyaaqoub បានបញ្ចប់កាលពីថ្ងៃចន្ទនៅក្នុងតំបន់ដាច់ស្រយាលមួយដែលគេស្គាល់ថា ជាចំការទំពាំងបាយជូរដែលស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រភាគខាងលិចក្រុង Barcelona។
ពួកអាជ្ញាធរនិយាយថា ពួកគេបានបាញ់ពិរុទ្ធជននោះបន្ទាប់ពីជនត្រូវបានពាក់អ្វីដែលទំនងជាខ្សែក្រវ៉ាត់ដាក់គ្រាប់បែក ដែលពួកអាជ្ញាធរក្រោយមកបានរកឃើញថា វាក្លែងក្លាយ។
ប៉ូលិសបានផ្ញើសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃចន្ទថា «យើងសូមបញ្ជាក់ថា បុរសដែលបានបាញ់សម្លាប់នោះមានឈ្មោះថា Younes Abouyaaqoub ដែលជាមេខ្លោងនៃការវាយប្រហារនៅក្នុងក្រុង Barcelona»៕