ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​បើក​រថយន្ត​​ក្នុង​ការវាយ​ប្រហារ​​ទី​ក្រុង Barcelona ​​ប្រហែលនៅ​រត់​គេច​​ខ្លួន​នៅឡើយ


កងកម្លាំង​ប៉ូលិស​ប្រដាប់អាវុធ​កំពុង​យាមល្បាត​នៅ​ឆ្នេរ​ La Barceloneta ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី​១៩ សីហា ​២០១៧។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​និយាយ​ថា ​អ្នក​បើក​រថយន្ត Van ​ដែល​បើក​បុក​មនុស្ស​ដើរ​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Barcelona ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រហែល​នៅ​រត់គេច​ខ្លួន​នៅ​ឡើយ ​ដែល​ផ្ទុយ​ទៅ​នឹង​សេចក្តី​រាយការណ៍​កាល​ពី​ដំបូង​ថា ​អ្នក​បើក​បរ​រថយន្ត​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្សដែល​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ប្រហាក់​ប្រហែល​គ្នា​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៅ​ក្នុង​ទីក្រុង​ជិត​នោះ។

Younes Abouyaaqoub អាយុ​២២​ឆ្នាំ​ជាជន​ជាតិ​ម៉ារ៉ុក​បាន​ត្រូវ​ប៉ូលិស​ស្វែងរក​នោះ​ឥឡូវ​នេះ​ត្រូវ​បាន​គេមើល​ឃើញ​ថា​អាចជា​មេដឹកនាំ​របស់​ក្រុម​ដែល​បានធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Barcelona ​ហើយ​នឹងការ​វាយ​ប្រហារ​មួយ​ទៀត​នៅ​ក្នុង​ទីក្រុង Cambrils ​ដែលស្ថិត​នៅ​ចម្ងាយ​ប្រហែល១២០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ Barcelona​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រប្រទេស​អេស្ប៉ាញ។

មនុស្ស​ទាំងអស់​ចំនួន១៤​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម២ ​មនុស្ស​១៣​នាក់​ស្លាប់​នៅ​ក្នុង​ទីក្រុង Barcelonaហើយ​ម្នាក់​ទៀត​នៅ​ក្នុង​ទីក្រុង Cambrilsដែល​នៅទី​នោះ​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ហ្វូង​មនុស្សដើរ​មុន​ពេល​ប៉ូលិស​បាញ់​សម្លាប់​ជនសង្ស័យ​៥​នាក់​បន្ទាប់​ពី​ពួកគេរត់​ចេញ​ពី​រថយន្ត។ ​បណ្តាញ​ព័ត៌មាន​អេស្ប៉ាញ​បាន​រាយការណ៍​ថា ​ជន​សង្ស័យ​ម្នាក់​នៃ​ជន​សង្ស័យ​ទាំង​នោះ​ដែលមាន​ឈ្មោះ​ថា Moussa Oukabirអាយុ១៧ឆ្នាំបាន​ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង Cambrilsដែល​ត្រូវ​បាន​គេ​ជឿជាក់​ថាជាអ្នក​បើក​រថយន្ត Van ​នៅ​ក្នុង​ទីក្រុង Barcelona។ក៏ប៉ុន្តែ ​ក្នុង​អំឡុង​នៃ​ការ​សម្ភាសន៍​ជា មួយ​ទូរទស្សន៍​ក្នុង​មូលដ្ឋាន​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ​មន្រ្តី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា ​ការណ៍​នេះ​មិន​ទំនង​ថា Oukabir បាន​បើករថយន្ត Vanនោះ​ទេ។

​ប៉ូលិស​ក៏​ជឿ​ជាក់​ដែរថា ​ក្រុម​នោះប្រហែល​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ដ៏​ធំជាង​នេះ​ ក៏ប៉ុន្តែ ​ការ​ផ្ទុះដោយ​ចៃដន្យ​មួយ​នៅឯផ្ទះ​របស់​ជនសង្ស័យដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយសមាជិករបស់​ក្រុម​នោះ​ប្រហែល​បង្អាក់​ផែនការ​នោះ។​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​នោះ ​ហើយ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត៕

XS
SM
MD
LG