គណបក្ស​​បួន​​ដែល​ចង​សម្ព័ន្ធ​គ្រោង​​បង្កើត​បក្ស​ថ្មី​មួយ​ប្រសិន​​បើ​​ពលរដ្ឋ​គាំទ្រ

រូបឯកសារ៖ ថ្នាក់ដឹកនាំ និង​តំណាង​គណបក្ស​នយោបាយ​ទាំងបួន​ជួបជុំគ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង ភ្នំពេញ ដើម្បី​បង្កើត​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា​ គណបក្ស​មិន​កាន់អំណាច​ចំនួនបួន​ដែល​បាន​រួមគ្នា​បង្កើត«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ក្នុង​គោល​ដៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជា​មួយ​គណបក្ស​កាន់​អំណាច​ នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​រួម​គ្នា​ ប្រសិន​បើ​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។

គណបក្សនយោបាយ​ចំនួន​បួន ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​បង្កើតសម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​រួម​គ្នា​ ដោយ​អះអាងថា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា​។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គីមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បន្ទាប់​ពី​ការបង្កើត ​«សម្ព័ន្ធភាព​គ្នា​ឆ្ពោះ​ទៅ​អនាគត» គណបក្ស​ទាំង​បួនកំពុង​គិតគូរ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ជុំវិញ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

លោក​ថ្លែង​ថា​៖ «ឥឡូវ​យើង​នៅ​ធ្វើ​ការ​ជា​គណបក្ស​ផ្សេងៗ​គ្នា​នៅ​ឡើយ ពីព្រោះ​គណបក្ស​ទាំង​អស់​ហ្នឹង​មាន​គោលដៅ​ដូច​គ្នា​គឺ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ អ៊ីចឹង​កិច្ច​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ការងារ​របស់គណបក្ស​ទាំងអស់​។ អ៊ីចឹង​អត់​ចាំ​បាច់​ដល់​ពេល​ហ្នឹង​រួម​គ្នា​ ច្របាច់​បញ្ចូល​គ្នា​បាន​ធ្វើ​ទេ គឺ​ថា​ធ្វើ​ពី​ឥឡូវ ​អ្នក​ណា​ជួយ​ធ្វើ​អី​បាន​ធ្វើ​ហ្នឹង​ទៅ​ ឱ្យ​តែ​មាន​បម្រើ​គោលដៅ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​គ្នា​»។

លោកបន្ថែមថា ​គណបក្ស​ទាំង​បួន​នឹង​បង្កើត​គណបក្ស​នយោបាយថ្មី​មួយ​រួម​គ្នា​ ប្រសិន​បើមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ។

លោក​បន្តថា​៖«ហើយ​ចាំ​ដល់​ពេល​នោះ​ ចរន្ត​អ្នកគាំទ្រ​គេ​ចង់​បាន​យ៉ាង​ម៉េច​ក៏​យើង​សម្រេច​ទៅ​តាម​ហ្នឹង​ទៅ​ទៀត ដូច​កាល​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សម រុង្ស៊ី អ៊ីចឹង​ដំបូង​គ្រាន់​តែ​ជា​សម្ព័ន្ធភាព​ក្រោយ​មក​ដោយសារ​មាន​ចលនា​ចង់​ឱ្យ​មាន​ការច្របាច់​បញ្ជូល​គ្នា​ក៏​វា​ទៅ​ជា​ចលនា​មួយ​បែប​ហ្នឹង​ទៅ»។

ចំណែកតំណាង​គណបក្ស​ឆន្ទៈខ្មែរ​ ដែល​បាន​ចូល​រួម​ចង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​ លោក ផល ស៊ីថុន ប្រាប់​វីអូអេថា​ ភាគី​សម្ព័ន្ធ​ភាព​នៃ​គណបក្ស​ទាំង​បួន​កំពុងពិភាក្សា​គ្នា​ក្នុង​ការរៀបចំ​ការបង្កើត​គណបក្សថ្មី​មួយ​រួម​គ្នា។

លោក​លើក​ឡើង​ថា​៖ «សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​អនាគត​កំពុង​តែ​ពិចារណា​ក្នុង​រឿង​នេះ​ដែរ [ការបង្កើត​គណបក្ស​ថ្មី​រួម​គ្នា] កំពុង​ធ្វើ​កិច្ចការ​នេះ​បាទ»។

អ្នក​តំណាង​គណបក្ស​ឆន្ទៈខ្មែរ​រូប​នេះ​ ជំរុញ​ឱ្យ​អ្នក​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ចូល​រួមក្នុង​ការបង្កើត​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ឱ្យ​កាន់​តែ​ច្រើន ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ និង​ទទួល​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

លំហរ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​បាន​រួមតូច ​ចាប់តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជាគណបក្ស​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​៤០​ភាគ​រយ​ កាលពី​ចុង​ឆ្នាំ​២០១៧​។

គណបក្ស​ភ្លើងទៀន​បាន​ក្លាយ​ជាគណបក្ស​ដែល​មាន​អ្នកគាំទ្រ​បន្ទាប់ ក្នុង​អំឡុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។ ប៉ុន្តែ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ គណបក្ស​ភ្លើងទៀន​ខកខាន​មិន​បាន​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោត​ ដោយសារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​អំពីការ​ចុះបញ្ជី​គណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ យល់​ឃើញ​ថា​ ការបង្កើត​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​រវាង​ភាគី​គណបក្ស​ទាំង​បួន​រួម​គ្នា​ អាច​ជួយ​គ្នា​បាន​ច្រើនក្នុង​ការបង្កើត​ជា​កម្លាំង​មួយ​ធំជាង​មុន​ ក្នុង​ការទទួល​បាន​ប្រជាប្រិយភាព។ ប៉ុន្តែ​លោក​ថា​ បើ​គណបក្ស​ទាំង​នោះ ប្រមែប្រមូល​គណបក្ស​ដទៃ​មក​ចូល​រួម និង​បង្រួម​គ្នា​ជា​បក្ស​តែ​មួយ​នោះ​ វា​នឹង​អាច​មាន​ការប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា​៖ «ប្រសិន​បើ​គណបក្ស​បួន​នេះ​ អាច​ប្រមែប្រមូល​គណបក្ស​បន្ថែម ឬ​ក៏​អាច​បង្រួម​គ្នា​ដូច​បក្ស​តែ​មួយ​ ទើប​អាច​ជា​កម្លាំង​ដែល​អាច​មាន​កម្លាំង​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្ស​កាន់​អំណាច​បាន។ ប្រសិនបើ​គ្រាន់​តែ​ចង​សម្ព័ន្ធភាព​ វា​អាច​បាន​ប្រយោជន៍​មាន​កម្រិត​ វា​មិន​ដល់​លក្ខណៈ​ខ្លាំង​ ឬ​ក៏​មាន​សក្តានុពល​ពេញ​លេញ​នៅ​ក្នុង​ការប្រែមែប្រមូល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ»។

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាចបាន​ទេ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួមដែល​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​បង្កើត​សម្ព័ន្ធ​ភាព​នយោបាយ​ថ្មី​នោះ​ ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង៤​បាន​លើកឡើង​ថា៖​ «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ព្រម​ទាំង​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​ យុត្តិធម៌​សង្គម​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ និង​ចីរភាព​ ព្រមទាំង​ភាព​សុខដុម​រមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​នាពេល​អនាគត»៕