ជនជាតិម៉ុល​ដាវី​​​៤​នាក់​បាន​ស្លាប់​​នៅ​ក្នុងការ​ធ្លាក់​យន្តហោះ​នៅ​សមុទ្រ​កូតឌីវ័រ

មនុស្ស​នាំ​គ្នា​ឈរ​មើល​កម្ទេច​យន្ត​ហោះ​ដែល​ នៅ​ក្នុង​​សមុទ្រនៅ​កំពង់​ផែ Port Bouet ជិត​ក្រុង Abidjan ប្រទេស​កូតឌីវ័រ កាល​ពី​ថ្ងៃទី​១៤ ខែ​តុលា។

​ជនជាតិ​ម៉ុល​ដាវី​យ៉ាង​ហោច​ណាស់៤​នាក់​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​នៅពេល​ដែល​យន្តហោះ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ទល់​មុខ​ប្រទេស​កូតឌីវ័រ ​នេះបើ​យោងតាម​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​កូតឌីវ័រ។

​លោករដ្ឋ​មន្រ្តី​សន្តិសុខ ​Sidiki Diakite ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​មនុស្ស​៦​នាក់​បាន​រង​របួស ​រួម​មាន​ពលរដ្ឋ​បារាំង​៤​នាក់។ ប្រភពពី​សន្តិសុខ​ជា​ច្រើន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​គេ​ជា​សមាជិក​យោធា​បារាំង។

​ប្រភព​យោធា​បារាំង​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ​ថា ​យន្តហោះ​នោះ​បាន​ជួល​ដោយ​ទាហាន​បារាំង​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ពួក​ជីហាដ​នៅ​តំបន់​សាហេល​នៃ​ទ្វី​ប​អាហ្វ្រិក។

យោង​តាម​អ្នកនាំ​ពាក្យ​កងទ័ព​បារាំងនៅប្រទេស​កូតឌីវ័រ​ដែល​បាន​ប្រាប់​ឈ្មោះ​លោក​ថា ​Villain​ បាន​និយាយ​ថា​ យន្ត​ហោះ​នោះ​បាន​ដឹក​ទំនិញ​កងទ័ព​បារាំង។ប៉ូលិស​បាន​និយាយ​ថា ​មាន​មនុស្ស​១០​នាក់​បាន​ស្ថិត​នៅ​យន្តហោះ​ប្រើកង្ហារ​នោះ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នៅ​ជិត​ចំណតយន្តហោះ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង ​Abidjan​ ក្នុង​អំឡុង​មាន​រន្ទះដ៏​ខ្លាំង​នោះ។

លោក ​Charlemagne Bleu ស្នងការ​ប៉ូលិស​បាននិយាយ​ថា៖ «យន្តហោះ​នោះ​មិន​អាច​ចុះ​លើ​ដី​បាន​ហើយ​បាន​ធ្លាក់​នៅ​ក្នុង​ទឹក‍​តែ​ម្តង»។

​ដោយជួប​ឧបសគ្គ​ដោយសារ​រលក​សមុទ្រ​ធំៗ ​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​និង​អ្នក​មុជ​ទឹក​ជួយ​សង្គ្រោះ​បាន​ទាញ​យក​សាកសព​ចេញ​ពី​យន្តហោះ​ដែល​បាន​ដាច់​ជា​កំណាត់ៗ​ ហើយ​បាន​ដាក់នៅ​ក្បែរ​ឆ្នេរ​សមុទ្រ៕