ទីភ្នាក់ងារទទួលបន្ទុកស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិជំងឺកូវីដ១៩ ជម្លោះ និងកង្វះខាតជំនួយមនុស្សធម៌ កំពុងតែជំរុញឲ្យមានភាពអត់ឃ្លានកាន់តែខ្លាំងឡើងនៅលើពិភពលោក ដោយបណ្តាប្រទេសមួយចំនួនកំពុងប្រឈមនឹងការកើតមានគ្រោះទុរ្ភិក្ស។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សជាង ១០០ លាននាក់នៅលើពិភពលោក កំពុងតែរងគ្រោះដោយសារកង្វះខាតស្បៀងអាហារធ្ងន់ធ្ងររួចទៅហើយ។ កម្មវិធីនេះបានព្រមានថា ចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន ១២១ លាននាក់បន្ថែមទៀត បើមិនមានចំណាត់ការជាបន្ទាន់ណាមួយដើម្បីទប់ទល់នឹងកំណើនភាពអត់ឃ្លាននៅលើពិភពលោកនោះទេ។
របាយការណ៍វាយតម្លៃថ្មីមួយដោយទីភ្នាក់ងារស្បៀងអាហារនិងកសិកម្ម (FAO) និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រទេសចំនួន ២០ ជាកន្លែងងាយរងគ្រោះខ្លាំងពីកង្វះខាតស្បៀងអាហារ។ របាយការណ៍បានព្រមានថា ប្រទេសចំនួនបួននៅក្នុងនោះរួមមាន ប្រទេសបួគីណាហ្វាសូនៅតំបន់ Sahel ភាគខាងជើងប្រទេសអាហ្វ្រិក តំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា ប្រទេសស៊ូដង់ខាងត្បូង និងយេម៉ែន អាចធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស ប្រសិនបើស្ថានភាពបន្តធ្លាក់ចុះដុនដាបនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
អ្នកវិភាគជាន់ខ្ពស់ផ្នែកវិបត្តិស្បៀងអាហារនៃទីភ្នាក់ងារទទួលបន្ទុកស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិលោក Luca Russo និយាយថា មិនមានភស្តុតាងណាមួយបង្ហាញពីគ្រោះទុរ្ភិក្សកើតមាននៅឡើយទេនាពេលបច្ចុប្បន្ននៅក្នុងប្រទេសទាំងនេះ។
លោក Russo ថ្លែងថា៖«ជាទូទៅ នៅពេលដែលអ្នកប្រកាសថា មានគ្រោះទុរ្ភិក្ស វាតែងតែយឺតពេលទៅហើយ ដូចដែលយើងបានសង្កេតឃើញកាលពីអតីតកាលជាមួយនឹងប្រទេសសូម៉ាលី។ នៅពេលដែលគ្រោះទុរ្ភិក្សត្រូវបានប្រកាសឡើង មនុស្សប្រមាណ ២សែន៦ម៉ឺននាក់បានស្លាប់បាត់ទៅហើយដោយសារគ្រោះទុរ្ភិក្ស។ ដូច្នេះយើងចង់បង្ហាញសញ្ញាព្រមានជាមុន មុនពេលគ្រោះទុរ្ភិក្សកើតឡើង ហើយយើងក៏ចង់សង្កត់ធ្ងន់ពីកត្តាចម្បងមួយចំនួនដែលត្រូវការតាមដានផងដែរ»។
របាយការណ៍ខាងលើក៏បានលើកឡើងពីការកើនឡើងនៃអំពើហិង្សា និងវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩ អាកាសធាតុអាក្រក់ និងកង្វះខាតការទទួលបានជំនួយមនុស្សធម៌ផ្សេងៗ ជាកត្តាជំរុញចម្បងនៅពីក្រោយភាពអត់ឃ្លាន។ របាយការណ៍បានកត់សម្គាល់ថា កត្តាទាំងនេះបានបង្កឲ្យមានការកើនឡើងច្រើនជាងមុនបីដងនៃចំនួនមនុស្សប្រឈមនឹងភាពអត់ឃ្លានចាប់តាំងពីឆ្នាំ ២០១៩មក នៅប្រទេសបួគីណាហ្វាសូ។ ហើយកត្តាទាំងនេះក៏ស្ថិតនៅពីក្រោយបញ្ហាអសន្តិសុខស្បៀងអាហារ និងកង្វះអាហាររូបត្ថម្ភកម្រិតខ្ពស់ក្នុងចំណោមកុមារនៅប្រទេសយេម៉ែនផងដែរ។
លោក Russo បានប្រាប់ VOA ថា បញ្ហាអសន្តិសុខស្បៀងនិងបញ្ហាភាពអត់ឃ្លានកំពុងតែកើនឡើងនៅរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា ទីដែលក្រុមសកម្មប្រយុទ្ធ Boko Haram នៅតែជាកម្លាំងប្រយុទ្ធប្រកបដោយគ្រោះថ្នាក់មួយ។
លោក Russo មានប្រសាសន៍ថា៖«ទាំងនេះជាកន្លែងដែលនាពេលបច្ចុប្បន្នមិនមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌។ ដូច្នេះ មានន័យថា ប្រជាជនត្រូវពឹងអាស្រ័យលើខ្លួនឯងនៅក្នុងស្ថានភាពដែលពួកគេត្រូវផ្លាស់ប្តូរទីលំនៅ ហើយនេះជាអ្វីដែលអាចបង្កឲ្យមានគ្រោះទុរ្ភិក្ស។ នៅប្រទេសស៊ូដង់ខាងត្បូង យើងនិយាយអំពីរដ្ឋ Jonglei។ នៅទីនោះ មានលទ្ធភាពអាចផ្តល់នូវជំនួយមនុស្សធម៌បាន ប៉ុន្តែមានករណីគ្រោះទឹកជំនន់ ជម្លោះជាដើម។ល។ ប្រជាជនត្រូវផ្លាស់ប្តូរទីលំនៅ»។
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ពិភពលោកកំពុងស្ថិតនៅលើចំណុចប្រឈមនឹងគ្រោះមហន្តរាយមួយ។ បើសិនបើមិនមានចំណាត់ការណាមួយធ្វើឡើងនាពេលឥឡូវនេះ ពួកគេព្រមានថា ពិភពលោកអាចប្រឈមនឹងការផ្ទុះឡើងនៃគ្រោះទុរ្ភិក្សជាលើកដំបូង ចាប់តាំងពីពេលដែលគ្រោះទុរ្ភិក្សចុងក្រោយបង្អស់ត្រូវបានប្រកាសឡើងកាលពីឆ្នាំ ២០១៧ នៅតំបន់មួយចំនួនក្នុងប្រទេសស៊ូដង់ខាងត្បូង។ គ្រោះទុរ្ភិក្សបានប៉ះពាល់ដល់មនុស្សចំនួន ៥,៥លាននាក់ ហើយបានធ្វើឲ្យកុមារជាងពីរសែននាក់រងគ្រោះដោយសារកង្វះខាតអាហាររូបត្ថម្ភធ្ងន់ធ្ងរ ដែលប្រឈមនឹងការបាត់បង់ជីវិត៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា